ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា ស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ធ្វើនៅស្រុកកំពង់រោទិ៍

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបើកសិក្ខាសាលាមួយ ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព​“។ សិក្ខាសាលានេះ…

ខេត្តស្វាយរៀង៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបើកសិក្ខាសាលាមួយ ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព​“។ សិក្ខាសាលានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមាត់ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ជាប់ព្រំដែនវៀតណាម​។

នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បាន​បង្ហាញ​ក្តីសោមនស្ស រីករាយ ក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលា ស្តីពី បដិសណ្ឋារកិច្ចល្អទេសចរណ៍មានសុវត្ថិភាព ជាមួយលោកលោកស្រីប្រធានអង្គភាព និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត ដែលរៀបចំ​ទ្បើងដោយគណៈកម្មាធិការ​អន្តរក្រសួង សហការនឹងរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងវេលាឱកាសនេះ។

លោកបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថេរភាព សង្គម សណ្តាប់ធ្នាប់ ពេញលេញ និងមានការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលរង បន្ថែមថា បើនិយាយអំពី​សក្តានុពលទេសចរណ៍ជាលក្ខណៈធម្មជាតិប្រវត្តិសាស្ត្រនោះ ខេត្តស្វាយរៀង ពុំ​អំណោយផលទេ ប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ ខេត្តស្វាយរៀង បាន និងកំពុងអភិវឌ្ឍន៍​ខ្លួនជាបណ្តើរៗ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរដ៏សំខាន់ ក្នុងចំណោមតំបន់គោលដៅ​ទាក់ទាញទេសចរដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តស្វាយរៀង ជាតំបន់ដែលមានទីតាំងជាប់នឹងព្រំប្រទល់​ជាមួយ​វៀតណាម សព្វថ្ងៃនេះ យើងសង្កេតឃើញថា ភ្ញៀវទេសចរឆ្លងកាត់ខេត្តស្វាយរៀង មានចំនួនថយចុះក្នុងអំឡុងពេលនៃការផ្ទុះរីក​រាលដាលនៃជំងឺកូវីដ -១៩ (Covid-19)។ ប៉ុន្តែ បើទោះជាយ៉ាងនេះក្ដីដោយអនុវត្តតាមកម្មវិធី និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​កម្ពុជា និងដោយមានការចូលរួមសហការពីគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធប្រជាពលរដ្ឋ និង​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យការចាត់តាំងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលវិជ្ជមានគួរទីមោទនៈ ដែលបានធ្វើឲ្យសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅទូទាំងខេត្តមានលក្ខណៈ​ល្អប្រសើរ។

លោកអភិបាលរងខេត្តបន្ថែមថា ចំពោះការងារគ្រប់គ្រងច្រកទ្វារព្រំដែន រដ្ឋបាលខេត្ត បានខិតខំពង្រឹងការគ្រប់គ្រង​ច្រកទ្វារព្រំដែនទាំង ៨កន្លែង អោយមានដំណើរការល្អ និងអនុវត្ត ត្រឹមត្រូវតាមគោលការណ៍​ច្បាប់ និងបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជូនដល់អ្នកដំណើរ និងការចរាចរទំនិញ​ចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែន ដោយអនុវត្តត្រឹមត្រូវតាមការណែនាំរបស់​ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានអញ្ជើញជា​អធិបតីនោះ បានមានប្រសាសន៍ថា ​គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អរួសរាយរាក់​ទាក់ភ្ញៀវទេសចរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលជាច្រកទ្វារសេដ្ឋកិច្ច និងទេសចរណ៍មួយយ៉ាងសំខាន់ ដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍ អោយបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍ តាមគោលដៅទេសចរណ៍នានា ក្នុងខេត្ត។

លោកបានមានប្រសាសន៍បន្តទៀត​ថា ​នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ ១៩ ដែលកំពុងឆ្លងរាតត្បាត នៅបណ្ដាប្រទេសជាច្រើន លើសកលលោក បានធ្វើឱ្យវិស័យ​ទេសចរណ៍ ការធ្វើដំណើរ និងវិស័យដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ​២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរ​អន្តរជាតិចំនួនប្រមាណ ១,៣លាននាក់ ថយចុះ ៨០,២% ធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ក្នុងរង្វង់ប្រមាណ ២០ ភាគរយ ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ពាន់​លានដុល្លារសហរដ្ឋអាមេរិក។

សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រ គាំទ្រ និងសកម្មភាពឆ្លើយតបនានា ដូចជាការដាក់ចេញវិធានការ សុវត្ថិភាពទេសចរណ៍ ក្នុងការជំរុញចលនាទេសចរណ៍​ផ្ទៃក្នុង និងការរៀបចំផែនទីចង្អុលផ្លូវក្នុងការ​រៀបចំស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ក្នុងកំឡុងពេល និងក្រោយវិបត្តិ​ជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារនិងលើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ ១៩ ដោយបែងចែកជាបី​ដំណាក់កាល៕ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ