ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តរឹតបន្តឹងការធ្វើចត្ត័ឡីស័ក ពិសេសចំពោះពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ រួមទាំងការឆ្លងដែនពីប្រទេស វៀតណាម ចូលមកកម្ពុជា។
វិធានការរឹតបន្តឹង នៅតាមព្រំដែននេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ចូល មកក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ការធ្វើចត្តាឡីស័ក គឺតម្រូវឱ្យធ្វើរយៈពេល ១៤ ថ្ងៃ ជាកំហិត គ្មានការលើកលែង និងបន្ធូរបន្ថយឡើយ ហើយវិធានការនានា ដែលបានដាក់ចេញ នាពេលកន្លងមក រួមទាំងការរក្សាគម្លាតសុវត្ថិភាពសង្គម ការអនុវត្តវិធានការអនាម័យរបស់ ក្រសួងសុខាភិបាល ក៏ត្រូវតែធ្វើឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវពិសេសនៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខផងដែរ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានចេញលិខិត ណែនាំ ពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ និងពិធីសែនផ្សេងៗ។ ការណែនាំ រម្លឹកពីវិធានការការពារការចម្លងវីរុសកូវីដនេះ ខណៈដែលប្រទេសជិតខាងយើង ពិសេសប្រទេសថៃ និងវៀតណាម កំពុងឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាថ្មីទៀត។
ក្រសួងសុខាភិបាល លើកឡើងថា ទោះបីជាប្រទេសកម្ពុជា បាន និងកំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយលទ្ធភាព នៃការចម្លងវីរុសនេះ នៅក្នុងប្រទេស ក៏នៅខ្ពស់នៅឡើយ ដោយសារប្រទេសជិតខាងយើង មានប្រទេសថៃ និងប្រទេសវៀតណាម កំពុងផ្ទុះឡើងនូវការចម្លងវីរុសកូវីដ-១៩ ជាថ្មីទៀត នៅក្នុងសហគមន៍។
ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នាពេលខាងមុខនេះ។
ក្រសួងសុខាភិបាល ក៏បានប្រកាសណែនាំដល់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់ខណ្ឌ ជាពិសេសខេត្តជាប់ព្រំប្រទល់ សូមយកចិត្តទុកដាក់គ្រប់គ្រង ចរាចរណ៍ពលករ ឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបានហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឲ្យបាននូវការចម្លងវីរុសកូវីដ -១៩ ចូលមកកម្ពុជា។
ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តកិច្ចការពារខ្លួន កុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។ ៣ការពារ រួមមាន៖ ១-ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលធ្វើដំណើរ និងពេលចូលទៅកាន់ ទីកន្លែងណាមួយ។ នៅតាមទីកន្លែង នីមួយៗ ត្រូវមានការឆែកមើល តើមានការប្រើប្រាស់ម៉ាស់ដែរទេ មុននឹង អនុញ្ញាតឲ្យចូលទៅទីកន្លែងណាមួយ។ ២-ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកដែលលាងដៃ សម្រាប់រាល់បុគ្គល កុំឲ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។ ៣-ត្រូវរៀបចំឲ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងលាង សម្អាតដៃ ឲ្យបានញឹកញាប់ ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយមានគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ)។
រីឯវិធានការ ៣កុំ មាន៖ ១-កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ។ ២-កុំចូលទៅកន្លែង ដែលបិទជិតឈឹង មិនមានខ្យល់ចេញចូល និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក។ ៣-កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឬឱបគ្នា នៅពេលជួបគ្នា ដោយប្រើការសំពះ ការងក់ក្បាល ឬគ្រវីដៃ បង្ហាញជា ការធ្វើគាវរកិច្ចឲ្យគ្នាទៅវិញទៅមក ជាដើម។
ដូច្នេះ ក្នុងអំឡុងបុណ្យឈប់សម្រាកខាងមុខនេះ ពិសេសបុណ្យចូលឆ្នាំចិន នៅអាទិត្យក្រោយ និងបុណ្យចូលឆ្នាំខ្មែរ នៅខែមេសា សូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបបាល ដោយបន្តពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លង ជំងឺកូវីដ-១៩។
ការជួបជុំ ដែលមានមនុស្សម្នាច្រើន ដូចជា ការធ្វើដំណើរកំសាន្ត ប្រមូលផ្តុំច្រើន បរិភោគ អាហារជាមួយមិត្តភក្តិច្រើនខាងក្រៅផ្ទះ ការជប់លៀងទ្រង់ទ្រាយធំ ជាដើម គួរតែបន្តផ្អាកសិន។ ក្នុងនោះ ការជួបជុំគ្នាលេងល្បែងស៊ីសង ការច្រៀងរាំ ដែលមិនមានគម្លាតសុវត្ថិភាព ឬការជួបជុំគ្នាស៊ីផឹកគគ្រឹកគគ្រេង ក៏គួរតែជៀសវាងសិនដែរ។
ក្នុងអំឡុងពេលបុណ្យឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋយើង ក៏ត្រូវតែជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរិមា នូវការចម្លងជំងឺកូវីដ១៩ផង និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផង។
ចូរយើងកុំភ្លេចថា កូវីដ១៩ នៅកម្ពុជាយើង ចាប់តាំងពីកើតដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ពេលនេះ នៅទូទាំងប្រទេស មិនទាន់មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅឡើយទេ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សរៀងរាល់ថ្ងៃ នៅក្នុងប្រទេសយើង ជាពិសេសនៅអំឡុងពេលថ្ងៃបុណ្យឈប់សម្រាក ដែលមានការធ្វើដំណើរច្រើន៕
ចែករំលែកព័តមាននេះ