ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីរំលឹកពាណិជ្ជករឲ្យលើកកម្ពស់គុណភាពផលិតផលសម្រាប់ នាំចេញ

5 ខែ មុន
  • Phnom Penh

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់ ពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជាថា កម្ពុជាមានទីផ្សារអន្តរជាតិធំ ផលិតផលពីកម្ពុជាមានឱកាសអាចនាំចេញ ទៅកាន់​ទីផ្សារអន្តរជាតិ ដូច្នេះ សហគ្រិនត្រូវខិតខំបង្កើតគំនិតច្នៃ​ប្រឌិតអភិវឌ្ឍន៍ផលិតផល​សម្រាប់បំពេញតម្រូវការទីផ្សារ។ លោកស្រី…

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានរំលឹកដល់ ពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជាថា កម្ពុជាមានទីផ្សារអន្តរជាតិធំ ផលិតផលពីកម្ពុជាមានឱកាសអាចនាំចេញ ទៅកាន់​ទីផ្សារអន្តរជាតិ ដូច្នេះ សហគ្រិនត្រូវខិតខំបង្កើតគំនិតច្នៃ​ប្រឌិតអភិវឌ្ឍន៍ផលិតផល​សម្រាប់បំពេញតម្រូវការទីផ្សារ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើង ដូច្នេះនៅក្នុង​ពិធីសម្ពោធការតាំងបង្ហាញផលិតផលសិប្បកម្មកម្ពុជា “ ផលិតនៅសៀមរាប / Made in Siem Reap” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ការសម្ពោធផលិតផលថ្មីនេះ ត្រូវបានមន្រ្តីថា ជាផ្នែកមួយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលថ្មី របស់​រាជរដ្ឋាភិ​បាល​កម្ពុជា ដែលវិស័យសាធារណៈ និងឯកជនរួមគ្នា​រៀបចំយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យពាណិជ្ជកម្ម ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍ផលិតផល និងមនុស្ស ។

លោកស្រីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចាត់ទុកសកម្មភាពនេះ បានជួយនាំផ្លូវ​ផលិត​ករកម្ពុជាបានស្គាល់ពីទំនោរទីផ្សារបច្ចុប្បន្ន យល់ពីគុណតម្លៃនៃការច្នៃម៉ូត ការអភិវឌ្ឍន៍ផលិតផល ដើម្បីទទួលបានតម្លៃបន្ថែមលើកផលិតផល និងសេវា។ ម្យ៉ាងទៀតសកម្មភាពនេះបានដើរស្របគ្នាជាមួយយុទ្ធសាស្រ្តអភិវឌ្ឍវិស័យពាណិជកម្ម ដោយក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរក្នុង​ក្របខណ្ឌទូទាំង​ប្រទេសបានចំនួន ៦រដូវកាលកន្លងមកហើយ និងបានប្រមូលកៀរគរផលិតផលឆ្នើម គុណភាពខ្ពស់ពីគ្រប់បណ្តាញ មកដាក់តាំងបង្ហាញបង្កើតជាឱកាសទីផ្សារ និងជំរុញ​ឲ្យមានការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបាន​ច្រើនជាអតិបរមា។

លោកស្រី តឹករ៉េត កំរង បានបញ្ជាក់ថា “វិស័យពាណិជ្ជកម្ម បានរួមចំណែកយ៉ាងសំខា ន់ក្នុងការអភិវឌ្ឍ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ”។ លោកស្រីបន្តអំពាវនាវ​សុំម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងឡាយសូមរៀបចំផែនការជួយពង្រឹងផលិតកម្ម និងការអភិវឌ្ឍន៍ផលិតផលដោយធ្វើការដោយផ្ទាល់ជាមួយផលិតករ សិប្បករកម្ពុជា​នៅមូលដ្ឋាន។ ផលិតផលផលិតនៅសៀមរាប ដែលសម្រិតសម្រំាង ជ្រើសរើស​យកមកដាក់តាំងនៅទីនេះគឺជាស្នាដៃរបស់ផលិតករ និងអ្នកច្នៃម៉ូតខ្មែរ និងបរទេស ដែលខិតខំធ្វើការរួមគ្នាបង្កើតគំនិតផលិតទំនិញថ្មី គុណភាពខ្ពស់និងមានការគាំទ្រ​លើទីផ្សារទាំងក្នុងនិងក្រៅប្រទេស។

តាមរយៈការបង្កើតកិច្ចព្រមព្រៀមពាណិជ្ជកម្មជាមួយបរទេសពិសេសជាមួយប្រទេសចិនកាលពីឆ្នាំ២០២០កន្លងមកនេះ បានធ្វើឲ្យទីផ្សារលក់ផលិតផល​ពីប្រទេសកម្ពុជាកាន់​តែធំ ខណៈកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនទៀត​កំពុងដំណើរ​ការចចារនោះប៉ុន្តែដើម្បីឲ្យផលិតផលពីកម្ពុជា អាចនាំចេញទៅផ្សារអន្តរជាតិ​បានលុះត្រាផលិតផល ទាំងអស់ត្រូវអនុលោមតាមស្តង់ដារអន្តរជាតិ របស់ប្រទេស​នាំចូល រួមទាំងគុណភាព សុវត្ថិភាព តម្លៃ និងការវេចខ្ចប់ល្អ ជាដើម។

នៅក្នុងពេលនេះ ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធផ្សេងទៀត បានកំពុងសិក្សាស្រាវជ្រាវរៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាភាគីហត្ថលេខីទាំងផ្នែកកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ ជាពិសេស​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ការសិក្សានេះសំដៅផ្តោតរបាំងពន្ធគយ របាំងមិន​មែនពន្ធគយ ការពិនិត្យមើលភាពអនុគ្រោះផ្សេងៗទៀត​ដែលកម្ពុជាបានទទួល​ផងដែរ៕