ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ឆ្នាំ​បទល្មើស​គ្រឿងញៀ.ន​កើនឡើង ខណៈ​សមត្ថកិច្ច​ចាប់​បានជា​បន្តបន្ទាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០ បទល្មើស​គ្រឿងញៀន​បាន​កើនឡើង ខណៈ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​មានការ​កើនឡើង ហើយ​ចាប់​យក​សារធាតុ​ញៀន​ជិត​៤​ពាន់​គីឡូក្រាម ។ នេះ​បើ​តាម​លោក មាស…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០ បទល្មើស​គ្រឿងញៀន​បាន​កើនឡើង ខណៈ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​មានការ​កើនឡើង ហើយ​ចាប់​យក​សារធាតុ​ញៀន​ជិត​៤​ពាន់​គីឡូក្រាម ។ នេះ​បើ​តាម​លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមការងារ​អន្ដរក្រសួង​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង មហាផ្ទៃ លោក មាស វិ​រិ​ទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បើ​ធ្រៀ​ប​ទៅ​នឹង​ឆ្នាំ​មុន (​ឆ្នាំ​២០១៩) តាម​រយៈ​សេចក្ដី​ព្រាង​របាយការណ៍ គឺ​ករណី​បង្ក្រាប​បទល្មើស​មានការ​កើនឡើង (​បទល្មើស​គ្រឿងញៀន​) ៧​ភាគរយ​កើនឡើង អី​ញ្ចឹ​ង​ករណី​នៃ​ការ​បង្ក្រាប​ក៏​មានការ​កើនឡើង ចំនួន​អ្នក​ប្រព្រឹត្តិ​បទល្មើស​ក៏​ត្រូវ​បាន​ឃាត់ខ្លួន មានការ​កើនឡើង​ដែរ​។ ប៉ុន្ដែ​បរិមាណ​សារធាតុ​ញៀន​ដែល​ត្រូវ​ចាប់​យក​ដោយ​សមត្ថកិច្ច គឺ​មានការ​កើនឡើង​ខ្ពស់ គឺ​ពី​ឆ្នាំទៅ (​ឆ្នាំ​២០១៩) យើង​ចាប់​យក​បាន​៧៥០​គីឡូ​ជាង ។​ដោយឡែក​ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​អនុវត្ត​ច្បាប់​គ្រប់ លំដាប់ថ្នាក់​ចាប់​យក​សារធាតុ​ញៀន​ដល់​ទៅ​៣៨៧៦​គីឡូ​» ។

ចំពោះ​ការ​កើនឡើង​នូវ​បទល្មើស​គ្រឿងញៀន​នេះ លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​ក៏​រៀបរាប់​ថា មូលហេតុ​នៃ​បទល្មើស​គ្រឿងញៀន​កម្ពុជា​មានការ​កើនឡើង ដោយសារ ក្រុម​ឧក្រិដ្ឋជន​បាន​ផ្លាស់​ប្ដូរ​ការ​ផលិត​ពី​ការ​ផលិត​គ្រឿងញៀន​ធម្មជាតិ ដែល​ប្រើប្រាស់​រយៈពេល​យូរ មក​ជា​ការ​ផលិត​គ្រឿងញៀន​សំយោគ ។ លោក​បន្ដ​ថា ការ​ផលិត​គ្រឿង​សំយោគ​ធ្វើ​ឡើង​ដោយសារ​មាន​សារធាតុ​គីមី​ផ្សំ ដូច្នេះ​សារធាតុ​គីមី​ផ្សំ ងាយ​ហូរ​ចូល​ទៅ​តំបន់​ផលិត ជា​ពិសេស​ប្រទេស​ផលិត​សារធាតុ​គីមី ដូច​ជា ៖ ចិន ឥណ្ឌា ដែល​ប្រទេស​ទាំង​ពីរ​នេះ មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់ត្រីកោណមាស ដូច្នេះ​តំបន់ត្រីកោណមាស​នៅ​ចន្លោះ​ប្រទេស​ផលិត​សារធាតុ​គីមី​ផ្សំ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​បញ្ជាក់​ថា គ្រឿងញៀន​ដែល​ពួក​ក្រុម​ឧក្រិដ្ឋជន​ផ​លិ ត​ហើយ មាន​អាយុ​ការ​របស់​វា បើ​ផលិត​ទុក​ចោល​ឆាប់​ខូច​ដូច​ថ្នាំពេទ្យ​ដែរ ដូច្នេះ ក្រុម​ឧក្រិដ្ឋជន​រិះរក​មធ្យោបាយ និង​កសាង​បណ្ដាញ ដើម្បី​ដឹក​ជញ្ជូន​គ្រឿងញៀន​ពី​តំបន់​ផលិត​ទៅ​រក​ទីផ្សារ​នៃ​ការ​ប្រើប្រាស់ ។ លោក​បន្ថែម​ថា បញ្ហា​គ្រឿងញៀន គឺ​រឿង​សកល​មាន​ភាព​ស្មុគស្មាញ ហើយ​ប្រទេស​ណាមួយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​តែឯង​បាន​ជោគជ័យ​ឡើយ ។

ដោយឡែក សម្រាប់​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ជា​កន្លែង​ឆ្លងកាត់ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពេល​មុន​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ឥឡូវនេះ​គ្រឿងញៀន​ឆ្លង​ពី​ថៃ ម​កម្ពុជា ដូច្នេះ​សព្វ​ថ្ងៃនេះ​បញ្ហា​គ្រឿងញៀន​នៅ​ថៃ​មាន​ភាព​ស្មុគស្មាញ​ជាង​នៅ​កម្ពុជា​ទៅ​ទៀត ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​បរិបទ​មានការ​គំរាម​គំ​ហែង​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​បញ្ហា​គ្រឿងញៀន​ត្រូវ​បាន​ប្រែប្រួល​អំពី​ចរាចរណ៍​គ្រឿងញៀន​ច្រើន​មានការ​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​ច្រើន​នៅ​តាម​បញ្ញើ​ប្រៃ​ណី​យ៍ ។ ដើម្បី​ឲ្យ​ការងារ​បង្ក្រាប​គ្រឿងញៀន​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ក៏​បាន​លើក​ឡើង​ថា អាជ្ញាធរ​នឹង​ធ្វើការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម​ទៀត ជា​ពិសេស​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​យុវជន ដើម្បី​លុប​បំ​បាច់​ទីផ្សារ​គ្រឿងញៀន​នៅ​កម្ពុជា ។

ជាង​នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហ​ការណ៍​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​អំពី​ករណី​ជួយ ដូរ​គ្រឿងញៀន ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ