ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អេកូ​ទេសចរណ៍​ក្នុងស្រុក ចេញ​ទៅ​ទស្សនកិច្ច​សហគមន៍​ល្បី​ៗ​ចំនួន​៦

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) ដែល​ជា​អ្នក​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២១ បាន​និង​កំពុង​ដឹកនាំ​សិក្ខាកាម​ដែល​ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រតិបត្តិ​ករ​ទេសចរណ៍…

ខេត្តសៀមរាប ៖ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) ដែល​ជា​អ្នក​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២១ បាន​និង​កំពុង​ដឹកនាំ​សិក្ខាកាម​ដែល​ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រតិបត្តិ​ករ​ទេសចរណ៍ ប្រជា​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​ក្នុងស្រុក​បាន​ចេញ​ទៅ​ទស្សនកិច្ច​នៅ​តាម​សហគមន៍​ល្បី​ៗ​ចំនួន​៦ នៅ​ខេត្តសៀមរាប ក្នុង​ថ្ងៃ​ទី​២៨ ខែមករា​នេះ​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា សហគមន៍​ដែល​ក្រុមការងារ​ត្រៀម​នាំ​សិក្ខាកាម​ទៅ​ទស្សនកិច្ច​ទាំង ៦​នោះ រួម​មាន​៖ ១-​សហគមន៍​បាគង​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។ ២-​សហគមន៍​ភ្នំ​គូលែន ស្ថិត​ក្នុងភូមិ​គូលែន ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​។ ៣-​សហគមន៍​វប្បធម៌​ធម្មជាតិ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិត​ក្នុងភូមិ​ជប់ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម​។ ៤-​សហគមន៍​បឹង​ឈូក​បន្ទាយស្រី ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី​។ ៥-​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក ស្ថិត​ក្នុងភូមិ​គោក​ក្ដុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។ ៦-​សហគមន៍​ភូមិដ្ឋាន​ធម្មជាតិ​រុន​តា​ឯក ស្ថិត​ក្នុងភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។

លោក ជុក ជំនោរ បានឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហគមន៍​ទាំងនេះ គឺ​ដើ​ម្ប​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិកា​នា​ថ្ងៃ​ទី​មួយ ខណៈ​ថ្ងៃ​ទី​មួយ​នេះ​មានការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សហគមន៍ ក៏​ដូច​ជា​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាននៅ​ក្នុង​សហគមន៍​នីមួយ​ៗ​។ ម្យ៉ាងទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ដើម្បី​ដឹង​ថា​ការ​គ្រប់គ្រង​របស់​សហគមន៍​ទាំង​៦ នោះ​មាន​លក្ខណៈ​ពិសេស និង​សក្ដានុពល​ខុស​ប្លែក​គ្នា​អ្វីខ្លះ​។

ប្រធាន​នាយកដ្ឋាន​ដ៏​សកម្ម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន ឬ​រក​ឃើញ​នូវ​បញ្ហា​ណាមួយ នៅ​ពេល​ត្រលប់​មក​វិញ គេ​នឹង​យក​បញ្ហា​ទាំងនោះ​លើក​ឡើង​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ហើយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នឹង​ដឹកនាំ​កិច្ច​ពិភាក្សា​ក្នុង​ពេល​បិទ​វេទិកា​នេះ ព្រមទាំង​មានការ​ដោះស្រាយ​ភ្លាម​ៗ ប៉ុន្តែ​ប្រសិនបើ​មាន​បញ្ហា​ណា​ដែល​មិន​អាច​ដោះស្រាយ​ភ្លាម​ៗ​បាន​ទេ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ពិគ្រោះគ្នា​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។ សូម​ជម្រាប​ថា វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧-២៨ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ