ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពទេសចរណ៍ក្នុងស្រុក ផ្សារភ្ជាប់នឹងធម្មជាតិ កំពុងមាន​សន្ទុះ និងប្រជាប្រិយភាព!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ថ្លែងនៅក្នុងវេទិកាជាតិ ស្តីពី អេកូទេសចរណ៍ លើកទី២ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក…

ខេត្តសៀមរាប៖ ថ្លែងនៅក្នុងវេទិកាជាតិ ស្តីពី អេកូទេសចរណ៍ លើកទី២ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើង​ថា ថ្វីដ្បិតតែមានការរាលដាលខ្លាំង​ជាសកលនៃជំងឺកូវីដ-១៩ ដែលជះ​ឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ សំខាន់វិស័យទេសចរណ៍ក៏ដោយ ប៉ុន្តែសកម្មភាពទេសចរណ៍ក្នុងស្រុក សំខាន់ទេសចរណ៍ ដែលផ្សារភ្ជាប់នឹងធម្មជាតិកំពុងមានសន្ទុះ និងប្រជាប្រិយភាព។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ថ្វីត្បិតតែមានការរាលដាលខ្លាំងក្លា​ជាសកលនៃជំងឺកូវីដ១៩នេះ បាន និងកំពុងជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​អភិវឌ្ឍ​លើគ្រប់វិស័យ តែវិបត្តិនេះ ក៏ជា​កាលា​នុវត្ត​ភាពមួយ សម្រាប់កម្ពុជា​យើង ក្នុងការៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទេសចរណ៍ ឱ្យកាន់តែ​ប្រសើរ និង​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋានផងដែ​។

ទន្ទឹមនោះ លោករដ្ឋមន្ត្រី បន្តថា ​ស្របពេលដែល​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុក ជពិសេស​សកម្មភាព​ទេសចរណ៍ ដែលផ្សារភ្ជាប់នឹង​ធម្មជាតិ ដូចជា ការដើរកំសាន្ត​ព្រៃ ការបោះតង់ ការជិះកង់ ឬម៉ូតូកំសាន្តជាក្រុម ជាដើម មានសន្ទុះ និង​ប្រជាប្រិយភាព​កាន់​តែខ្លាំង ជាពិសេសក្នុងចំណោមយុវជន។

លោកអះអាងថា សកម្មភាពទេសចរណ៍ខាងលើនេះ គឺជា​ការផ្ទេរ​ប្រាក់​ចំណូល​ពីក្រុង ទៅដល់​សហគមន៍មូលដ្ឋាន គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការចាប់អារម្មណ៍​ចំពោះ​វិភាគទាន​នៃ​ទេសចរណ៍​ធម្មជាតិ​នេះ ក្នុងចរន្ត​សេដ្ឋកិច្ចមូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ ហើយគិតគូរដាក់បញ្ចូលជាសមាសភាគមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា តាមរយៈ​ចលនា​នេះ ជាពិសេស​ការ​ចែក​ផ្សាយតាមបណ្តាញ​សង្គមនូវរូបថត ឬវីដេអូក្លីប បង្ហាញពីសម្រស់ធម្មជាតិ​ដ៏ស្រស់​ត្រកាល ដោយអ្នក​ថត​រូ​ប​លក្ខណៈ​កំសាន្ត ឬអ្នកដើរព្រៃទាំងនោះ បានរួមចំណែកជួយឱ្យប្រជាពលរដ្ឋ​កាន់តែច្រើន បានស្គាល់ និងស្រឡាញ់ស្រុកទេសរបស់ខ្លួន ចូលរួមថែរក្សា​សម្បត្តិធម្មជាតិ ក៏ដូចជាបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។

លោក សាយ សំអាល់ ក៏បានអះអាងថា កាលានុវត្តភាពថ្មីនេះ គឺជាក្តីសង្ឃឹម ក៏ដូចជាកាលើកទឹកចិត្តបន្ថែមទៀត សម្រាប់យើងទាំងអស់គ្នា ក្នុងការជំរុញលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ ឱ្យបានសមស្រប និងរួមចំណែកក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែរឹងមាំ​ផង​ដែរ បន្ទាប់ពីយើងបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងខ្លាំងក្លានាពេលកន្លងមក។

ប៉ុន្តែលោកសង្កត់ធ្ងន់ថា និន្នាការ​វិជ្ជមានទាំងនេះ អាចកើតឡើងបាន ក៏អាស្រ័យដោយកត្តាសន្តិភាព​ពេញ​លេញ សន្តិសុខ និងសុវត្ថិភាពទូទាំងប្រទេស ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និង​ជីវភាពប្រសើរឡើង​ជាលំដាប់នៃប្រជាពលរដ្ឋទូទៅ ដែលត្រូវបានបង្កបង្កើតឡើងដោយ​គោល​នយោ​បាយ និង​យុទ្ធសាស្ត្រ​ដ៏ត្រឹមត្រូវនានារបស់រាជរដ្ឋាភិបាល ជាពិសេស «នយោបាយ ឈ្នះ-ឈ្នះ» យុទ្ធសាស្ត្រ​ចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ជាបន្តបន្ទាប់​។

លោករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ដែរថា ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវវេទិកាទូលំទូលាយមួយ សម្រាប់​តំណាង​ក្រសួង​ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួមផ្លាស់ប្តូរយោបល់ ចែករំលែក​មេរៀន បទពិសោធ ទស្សនាទាន និងចក្ខុវិស័យ សំដៅរួមគ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម ដែលនៅសេសសល់ និងបន្តជំរុញការអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ​ឱ្យបាន​សម​ស្រប និង​ប្រកបដោយ​ចីរភាព។

លោកថ្លែងថា ការអភិវឌ្ឍអេកូទេសចរណ៍ ដែលឈរលើគោលការណ៍​និរន្តរភាពបរិស្ថាន ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាពលរដ្ឋមូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ច ប្រកប​ដោយសមធម៌ មិនត្រឹមតែ​រួម​ចំណែក​លើក​កម្ពស់ជីវភាពរបស់ប្រជា​សហគមន៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ ដោយចីរភាពផងដែរ។

លោក សាយ សំអាល់ លើកឡើងដែរថា យើងមិនអាចនិយាយពីការការពារ​ធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យពេញលេញបានឡើយ ល្គឹកណាជីវភាព​របស់ប្រជាសហគមន៍មូលដ្ឋាន និង​ប្រជាពលរដ្ឋទូទៅ នៅមានកម្រិតទាប។ ដូច្នេះហើយបានជាក្រសួងបរិស្ថានបាន និងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាង ផ្តោតលើ​ការគ្រប់គ្រង អភិរក្ស ធនធាន​ធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការ​ធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខ​ស្បៀង សេដ្ឋកិច្ច​សង្គម និង​សុខភាព​សាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀត ផ្តោតលើការជួយដល់​ការ​អភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយ​ដ៏សំខាន់ ជាយុទ្ធសាស្ត្រ​សម្រាប់​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។

លោក សាយ សំអាល់ បានបន្តថា ក្រៅពីបានជួយរៀបចំបង្កើត និងផ្តល់ការទទួល​ស្គាល់សហគមន៍តំបន់​ការពារធម្មជាតិឱ្យ​មានលក្ខណៈ​ស្របច្បាប់ពេញលេញ ក្រសួងបរិស្ថានតែង​តែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងជា​ទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ​យុទ្ធសាស្ត្រ និងផែនការនានា​របស់រដ្ឋ ជាអាទិ៍ អេកូ​ទេសចរណ៍ កសិកម្មបែបទំនើប សុខភាព​សហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍​បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំលុងវិបត្តិកូវីដ-១៩នេះ និងការផ្តល់​ជាពូជបន្លែ​សត្វជាដើម​។ល​។

សូមជម្រាបថា វេទិកាជាតិអេកូទេសចរណ៍ លើកទី២ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរជាតិក្រសួង​គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត​៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ