ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការយកសត្វព្រៃកម្រ មកចិញ្ចឹម គឺខុសច្បាប់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ​កូនសត្វស្វាកន្ទុយស ត្រូវបានប្រជាពលរដ្ឋ ប្រគល់​ជូនក្រសួងបរិស្ថាន ក្នុងអំឡុងពេល​រដ្ឋលេខាធិការ​​បំពេញបេសកកម្ម នៅទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ។…

ខេត្តមណ្ឌលគិរី៖ ​កូនសត្វស្វាកន្ទុយស ត្រូវបានប្រជាពលរដ្ឋ ប្រគល់​ជូនក្រសួងបរិស្ថាន ក្នុងអំឡុងពេល​រដ្ឋលេខាធិការ​​បំពេញបេសកកម្ម នៅទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ។

តំណាងក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ពលរដ្ឋ ដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹម​សត្វព្រៃប្រភេទកម្រ នៅតាមផ្ទះ សូម​ប្រគល់ជូនដល់ក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃ ត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រ មកចិញ្ចឹម គឺខុសច្បាប់។ 

លោក​រដ្ឋលេខាធិការ បានថ្លែងថា កូនស្វាកន្ទុយសឈ្មោលមួយក្បាល ដែលមានអាយុ ប្រមាណ ២ ខែនេះ នឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះ មានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅ​លែង ចូលក្នុង​ព្រៃធម្មជាតិវិញ។

បើតាមលោក​ នេត្រ ភក្ត្រា នៅឆ្នាំ​២០២០ កូនស្វាកន្ទុយសចំនួន ២ ក្បាល ត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស​។

លោករដ្ឋលេខាធិការ បានអំពាវនាវ​ សូមពលរដ្ឋមួយចំនួនតូច ដែលនៅតែយាយី សត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេ នឹងត្រូវប្រឈមមុខច្បាប់។

តាមទិន្នន័យ ស្វាកន្ទុយស នៅកម្ពុជាបច្ចុប្បន្ន មានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះ ច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃ កែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ដែលតាមការសិក្សា មានចំនួន ៦.៧៥៦ក្រុម។

​​ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរ ដែលជិតផុតពូជផ្សេងទៀត ​លើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​ឱ្យដឹងថា ​ អន្ទាក់ គឺជាឃាតកលាក់មុខ សម្លាប់ សត្វព្រៃ ហើយនៅឆ្នាំ២០២០ កន្លងទៅ អន្ទាក់គ្រប់ប្រភេទប្រមាណ ៥ ម៉ឺនអន្ទាក់ ត្រូវដោះចេញពីក្នុង​តំបន់ការពារធម្មជាតិ និងជួយសង្គ្រោះជីវិតសត្វព្រៃជាច្រើន ក្បាល៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ