ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ជលផល និង​អង្គការ WCS លែង​អណ្តើក​ហ្លួង​១០​ក្បាល​ចូល​ក្នុង​ទីជម្រក​ធម្មជាតិ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សឹ​ង្ហ​បុរី (Wildlife Reserves Singapore-WRS) ថ្ងៃនេះ បាន​លែង​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​ចំនួន​១០​ក្បាល ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ចូល​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិត​ក្នុង​ឃុំ​ចំការ​ហ្លួង ស្រុក​កំពុង​សីលា ខេត្ត​ព្រះ​សីហ​នុ​។

ពិធី​លែង​នេះ បាន​ធ្វើ​ឡើង​ក្រោម​គម្រោង​មួយ​ដែល​គាំទ្រ​រួម​គ្នា​ដោយ​សហភាព​អឺរ៉ុប​(EU), ឧទ្យាន​សត្វព្រៃ​WRS, Rainforest Trust, US Forest Service និង TSA ហើយ​ដែល​គម្រោង នេះ​អនុវត្ត​ដោយ​អង្គការ WCS ប្រចាំ​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ការ​លែង​អណ្តើក​ហ្លួង​នេះ គឺជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ក្នុង​ការ​ការពារ​សម្បុក​អណ្តើក ការ​យកចិត្តទុកដាក់​មើលថែ​ទាំ​កូនអណ្តើក​ទាំងអស់​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង និង​ការ​ការពារ​សត្វ​អណ្តើក​នៅ​ក្នុង​សហគមន៍​តាម​ដងព្រែក​ស្រែអំបិល ដែល​គាំទ្រ​ដោយ WRS និង​ដៃគូ​មួយ​ចំនួន​ទៀត​។

នេះ​គឺជា​ការ​លែង​អណ្តើក​ហ្លួង​លើក​ទី​ប្រាំ​ចូល​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល បន្ទាប់​ពី​ការ​លែង​លើក​ទី​១-​ទី​៣ ក្នុង​ឆ្នាំ​២០១៥-២០២០ ដែល​សរុប​ទាំង​បួន​លើក មាន​ចំនួន ៩៦​ក្បាល​។ លោក អ៊ុ​ក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សាទរ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន បងប្អូន​ជា​ប្រជាពលរដ្ឋ និង​ជា​ពិសេស អង្គការ WCS ដែល​បាន និង​កំពុង​ស្តារ​ប្រភេទ​ដែល​កំពុង​រង​គ្រោះ​នេះ​ឲ្យ​មាន​វត្តមាន​ក្នុង​ដែនទឹក​ធម្មជាតិ​នេះ​ឡើង​វិញ​។

លោក វិបុល ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចការ​ស្តារ​ប្រភេទ​អណ្តើក​នេះ ព្រមទាំង​ក្រើនរំលឹក​ដល់​ជនល្មើស​មួយ​ចំនួន​ដែល​នៅ​តែ​បន្ត​ជួញដូរ​ប្រភេទ​សត្វ​នេះ នឹង​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់​។ លោក សោម ស៊ី​ថា ប្រធាន​គម្រោង​អភិរក្ស​អណ្តើក​ហ្លួង​នៃ​អង្គការ​WCS បាន​ថ្លែង​ថា អណ្តើក​ហ្លួង​ទាំង ១០​ក្បាល​(​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Southern River Terrapin (Batagur affinis)) ដែល​បាន​លែង​នៅ​ថ្ងៃនេះ ត្រូវ​បាន​ក្រុម​អភិរក្ស​ប្រមូល​យក​ក្រោយ​ពី​វា​បាន​ញាស់​នៅ​ក្នុង​សំបុក​របស់​វា​នៅ​តាម​ដងព្រែក​ស្រែអំបិល និង​ព្រែក​កំពុង​លើ​ស្ថិត​ក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះ​សីហ​នុ ចន្លោះ​ពី​ឆ្នាំ ២០០៦-២០១៥ បន្ទាប់​មក​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​ដែល​ស្ថិត​នៅ​ភូមិ​ទួល​គរ​គី ឃុំ​ទួល​គរ​គី ស្រុក​មណ្ឌល​សីមា ចម្ងាយ​ប្រមាណ ១៥​គ​.​ម ភាគ​អាគ្នេយ៍​ក្រុង​កោះកុង ដើម្បី​ចិញ្ចឹម​ថែទាំ​ឲ្យ​ធំ​លូតលាស់​មុន​នឹង​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។

អណ្តើក​ប្រភេទ​នេះ ស្ថិត​ក្នុង​ប្រភេទ​អណ្តើក ទឹកសាប និង​អណ្តើក​គោក​ចំនួន​២៥​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​។ ប្រភេទ​អណ្តើក​នេះ ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត និង​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​បាន​កំណត់​ក្នុង​ព្រះរាជ​ក្រិត​ឆ្នាំ ២០០៥​។ ដោយសារ​មានការ​នេសាទ​ខុសច្បាប់ ការ​ធ្វើ​អាជីវកម្ម​ហួសប្រមាណ ការ​បាត់បង់​ទីជម្រក និង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅ​ក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក និង​ការ​បង្ក​កំណើត​របស់​សត្វ​អណ្តើក​ប្រភេទ​នេះ ដែល​គេ​រក​ឃើញ​ថា​មាន​វត្តមាន​តែ​នៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិត​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។

សត្វ​អណ្តើក​ទាំងនេះ​កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​វិនាស​ផុត​ពូជ​។ ក្រុម​អ្នក​អភិរក្ស​ជឿ​ថា អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​បាន​ផុត​ពូជ​អស់ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​រហូត​ដល់​ឆ្នាំ​២០០០ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រក​ឃើញ​សា​ជា​ថ្មី​នូវ​ប្រភេទ​អណ្តើក​ហ្លួង​នេះ​មួយ​ចំនួន​តូច​នៅ​សេសសល់​តាម​ដងព្រែក​ស្រែអំបិល​។ ចាប់តាំងពី​ពេល​នោះ​មក អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​សហការ​គ្នា​ការពារ​ប្រភេទ​សត្វ​អណ្តើក​នេះ​កុំឱ្យ​ផុត​ពូជ​។ សកម្មភាព​ការងារ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​នេះ​រួម​មាន កម្មវិធី​ការពារ​សម្បុក​អណ្តើក​ហ្លួង ការ​ចិញ្ចឹម​ថែទាំ​ក្រោយ​ពេល​ញាស់ ការ​ទប់ស្កាត់​ការ​ជួញដូរ​ខុសច្បាប់ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ពិនិត្យ​តាមដាន ការ​ផ្សព្វផ្សាយ និង​ការ​គាំទ្រ​លើ​ជីវភាព​រស់នៅ​របស់​សហគមន៍ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​ម្ចាស់​ជំនួយ​ជា​ច្រើន រួម​មាន សហភាព​អឺរ៉ុប និង​ឧទ្យាន​សត្វព្រៃ​សឹ​ង្ហ​បុរី (WRS)​។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​សូម​ចូលរួម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ WCS ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ការពារ និង​អភិរក្ស​អណ្តើក​ហ្លួង​ទាំងនេះ ហើយ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សារសំខាន់​នៃ​ការ​ការពារ​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​។ សហភាព​អឺរ៉ុប បាន និង​កំពុង​ផ្តល់​មូលនិធិ​គាំទ្រ​គម្រោង​អភិរក្ស​សត្វព្រៃ ដើម្បី​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​ការពារ​សម្បុក​អណ្តើក​ហ្លួង​និង​កន្ធាយ​ក្បាល​កង្កែប ដោយ​មាន​អង្គការ WCS ជា​អ្នក​អនុវត្ត​គម្រោង សហការ​ជាមួយ រដ្ឋបាល​ជលផល និង​សហគមន៍​មូលដ្ឋាន​។

សហភាព​អឺរ៉ុប ក៏​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​គាំទ្រ​លើ​ការ​គ្រប់គ្រង​ធនធាន​ជលផល​សំខាន់​ៗ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​ផង​ដែរ​។ បណ្ឌិត សុ​ន​ចា ឡូ​ហ្ស (Dr Sonja Luz) នាយក​ឧទ្យាន​សត្វព្រៃ WRS បាន​មាន​ប្រសាសន៍​ថា «​វា​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​ពួក​យើង ដោយ​ឃើញ​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ល្អ ចាប់តាំងពី​ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ ជាក់ស្តែង អណ្តើក​ហ្លួង​ជិត ១០០​ក្បាល ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ នេះ​គឺជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​រវាង​រដ្ឋបាល​ជលផល អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន និង​អង្គការ​អភិរក្ស​សត្វព្រៃ​ផ្សេង​ទៀត​ដែល​បាន​ប្រឹងប្រែង​ធ្វើការ​រួម​គ្នា ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ប្រភេទ​នេះ​កុំឱ្យ​វិនាស​ផុត​ពូជ​។

យើងខ្ញុំ​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ជា​ច្រើន​ទៀត​ដើម្បី​ការពារ​ប្រភេទ​អណ្តើក​ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​នេះ​នៅ​ក្នុង​តំបន់ ដូច​ជា ប្រភេទ​អណ្តើក​ហ្លួង​របស់​កម្ពុជា​នេះ​ជាដើម​។​» លោក កែន សេរីរ​ដ្ឋា នាយក​អង្គការ WCS បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ការពារ​សំបុក​អណ្តើក ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ប្រភេទ​សត្វ​អណ្តើក​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ទាំងនេះ តាម​រយៈ​ការ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ការពារ និង​ថែរក្សា​សម្បុក​អណ្តើក រហូត​ដល់​ពេល​កូនអណ្តើក​ញាស់​ចេញ​ដោយ​ជោគជ័យ​»៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ