ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ បន្តសវនាការលើសំណុំ​រឿងឧបឃាត ករណីលោក សម រង្ស៊ី និងបក្ខពួក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចៅក្រម​តុលាការសាលាដំបូងរាជធានីភ្នំពេញ​ បានបន្តបើកសវនាការជំនុំជម្រះក្តីលើសំណុំ​រឿង.ឧបឃាត. ដែលមានលោក សម រង្ស៊ី…

រាជធានីភ្នំពេញ​៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចៅក្រម​តុលាការសាលាដំបូងរាជធានីភ្នំពេញ​ បានបន្តបើកសវនាការជំនុំជម្រះក្តីលើសំណុំ​រឿង.ឧបឃាត. ដែលមានលោក សម រង្ស៊ី និងបក្ខពួក​ចំនួន ៦៦ នាក់ទៀត ជាជនត្រូវចោទ ពាក់ព័ន្ធនឹងករណី.រួមគំនិតក្បត់ និងញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម​។ ការចោទប្រកាន់នោះ បានធ្វើឡើង​ដោយសារតែ​លោកសមរង្ស៊ី បាន​ប្រកាសពីគម្រោង​វិលត្រឡប់ចូលប្រទេស​កម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។

សវនាការនេះ មានលោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ចៅក្រមប្រឹក្សា​។ សវនាការបាន​ធ្វើឡើងជាសាធារណៈ ដោ​យមានអ្នកចូលរួមមកពីក្រុមអង្គការសង្គមស៊ីវិល អ្នកសារ​ព័ត៌មា​ន ក្នុងស្រុក បានចូលរួមតាមដានស្តាប់សវនាការនេះ​។

នៅចំពោះមុខមានមេធាវីការពារក្តីឲ្យជនជាប់ចោទ និងមេធាវីដើមបណ្តឹងព្រហ្មទណ្ឌ ដែលសំណុំរឿងនេះ មានជនជាប់ទាំងអស់ ៦៦ នាក់។ ប៉ុន្តែជាក់ស្តែង មកចូលរួមសវនាការមានតែ ១១ នាក់ទេ ក្នុងនោះ មាន ២ នាក់ កំពុងជាប់ឃុំ នៅពន្ធនាគារព្រៃ ៩ នាក់ស្ថិតនៅក្រៅឃុំ ក៏បានមកចូលរួមសវនាការដែរ​។

 សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ លោក សម រង្ស៊ី និងបក្ខពួក៨នាក់ទៀត រួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោកស្រី ជូឡុង សួមួរ៉ា និងលោក នុត រំដួល ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់រួចហើយ ពីបទ.ឧបឃាត. ដែលពាក់ព័ន្ធនឹងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកល ជាផែនការនៃការវិលត្រឡប់​ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តការណ៍​ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩​។

លោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលហៅថា ជាមេចលនាឧទ្ទាមក្រៅច្បាប់ កំពុងស្ថិតនៅក្រៅប្រទេស​ នៅមុនថ្ងៃ ៩វិច្ឆិកា ឆ្នាំ២០១៩ បានអំពាវនាវឲ្យកងទ័ព​បំបែកខ្លួន ប្រឆាំង​នឹងរដ្ឋាភិបាល ដែលនោះគឺជា​រដ្ឋប្រហារ​ ជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។

នៅព្រឹកថ្ងៃបើកសវនាការលើសំណុំរឿងឧបឃាតនេះ គឺ​នៅក្រៅបរិវេណសាលាដំបូង រាជ​ធានីភ្នំពេញ មានសមត្តកិច្ច និងអាជ្ញាធរដែនដី បានដាក់ពង្រាយកម្លាំងជាច្រើននាក់ យាមការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយប្រុងប្រយ័ត្នខ្ពស់​។

នៅផ្លូវមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ មិនបានបិទចរាចរណ៍ទេ តែប៉ូលិស និងបង្គោលជ័រ ត្រូវបានដាក់លើកណ្តាលទ្រូងផ្លូវ ហើយកងកម្លាំងប្រដាប់ដោយអាវុធ​ឈរ​យាម និងបញ្ជាចរាចរណ៍​។ ដោយឡែក នៅផ្លូវ​ជុំវិញតុលាការ ត្រូវបានបិទ មិនឲ្យចរាចរណ៍ឆ្លងកាត់ឡើយ។ សវនាការលើសំណុំរឿងនេះ នឹងបន្តនៅព្រឹក​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ទៀត៕ ដោយ៖ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ