ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទេសចរណ៍ នៅខេត្ត​មណ្ឌល​គិរី ចាប់ផ្ដើមប្រសើរឡើង​វិញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ដើមឆ្នាំ២០២១ ស្ថានភាព​ទេស​ចរណ៍ នៅ​ខេត្ត​មណ្ឌល​គិរី ចាប់ផ្ដើមប្រសើរឡើងវិញ ខណៈអ្នកទេសចរ បានមកកាន់ខេត្តសមុទ្រឈើមួយនេះ ជាហូរហែ មិនដាច់នោះទេ។ នៅតាមទីសារធាណៈនានា…

ខេត្តមណ្ឌលគិរី​៖ ដើមឆ្នាំ២០២១ ស្ថានភាព​ទេស​ចរណ៍ នៅ​ខេត្ត​មណ្ឌល​គិរី ចាប់ផ្ដើមប្រសើរឡើងវិញ ខណៈអ្នកទេសចរ បានមកកាន់ខេត្តសមុទ្រឈើមួយនេះ ជាហូរហែ មិនដាច់នោះទេ។ នៅតាមទីសារធាណៈនានា មាន​មនុស្សម្នាអ៊ូអរជា​ធម្មតា ចំណែករថយន្តភ្ញៀវទេសចរ បានចរាចរណ៍ពេញ​ខេត្តមណ្ឌលគិរី ​ពិសេសនៅ​ថ្ងៃចុងសប្ដាហ៍។

​កាលឆ្នាំ២០២០ កន្លងទៅ ស្របពេលកម្ពុជា រងនូវវិបត្តិកូវីដ១៩ ជាច្រើនលើក ដែលបានធ្វើឲ្យវិស័យទេសចរណ៍ ជួបប្រទះនឹងផលប៉ះពាល់ជាខ្លាំង។ ប៉ុន្តែយ៉ាងនេះក្ដី ដោយមានប្រមុខរាជរដ្ឋាភិបាលបានទប់ស្កាត់ជំងឺឆ្លង កូវីដ១៩យ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យ​ទេសចរណ៍ នៅខេត្តមណ្ឌលគិរី នៅតែប្រសើរ និងមានកំណើនទៀតផង​។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា អ្នកទេសចរ​ចាប់ផ្ដើមមក​កម្សាន្តនៅខេត្តមណ្ឌលគិរី ដូចធម្មតាវិញ ក្រោយស្ថានភាព​កូវីដ១៩ ធូរស្រាល ដោយពេលនេះ ភ្ញៀវទេសចរ មាន​កំណើនច្រើនឡើងៗ ជាសញ្ញាដ៏ល្អ សម្រាប់ខេត្តមណ្ឌលគិរី ដែលពឹងផ្អែកលើវិស័យទេសចរណ៍ដែរនោះ​។

លោកថា ការមកលេងរបស់ក្រុមអ្នកទេសចរ គឺមានទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុន ដែលមានទាំងក្បួនរថយន្តក្រុងធំៗ ចូលមក​​ផងដែរ​។

លោក ងិន សុវិមាន បញ្ជាក់ថា ទោះបីឆ្នាំ២០២០កន្លងទៅ មានផលប៉ះពាល់ច្រើនពី​ជំងឺឆ្លងកូវីដ១៩ តែខេត្តមណ្ឌលគិរី ពុំមានអ្នកវិជ្ជមាននោះទេ។ ចំណែកភ្ញៀវទេសចរវិញ បានចូលមកកម្សាន្តសរុបជិត ២៧ម៉ឺននាក់។ ក្នុងនោះ មានទេសចរជាតិជាង ២៦ម៉ឺន​នាក់ ទេសចរអន្តរជាតិជិត ៥ពាន់នាក់។ តួលេខនេះ បើធៀបរយៈពេល​ដូចគ្នាឆ្នាំ២០១៩ មានការកើនឡើងសរុប ៣,៩៥%​។

លោកប្រធានមន្ទីរទេសចរណ៍ បញ្ជាក់ថា អំឡុងពេលបុណ្យឆ្លងឆ្នាំសកល ខេត្តមណ្ឌលគិរី ក៏មានអ្នកទេសចរ​ច្រើនកុះករ មកទស្សនាកម្សាន្ត ដោយមាន​អ្នកទេសចរ​សរុបជិត ៤ពាន់នាក់​៕ ដោយ៖ សាយ ករុណា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ