រាជធានីភ្នំពេញ ៖ ស្ត្រីជាមេការនៅភោជនីយដ្ឋាន តាឪ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបដោយឃាត់ខ្លួន ជាក់ស្តែងពីបទប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោសនាំនារីក្មេងៗដែលជាអនិតិជន ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ។ ក្នុងនោះចំណោមនារីរងគ្រោះចំនួន៧នាក់ មានអនីតិជនចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ ។
ការបង្ក្រាបមេខ្យល់នារីក្មេងៗរួមភេទនេះ បានធ្វើឡើង កាលពីវេលា ម៉ោងប្រមាណម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ នៅផ្ទះសំណាក់ ហេង មហាសាល ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្ត ចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០២៨ អ.យ.ឋ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ស្ត្រីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរងគ្រោះក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង ២រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋានតាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជាមេខ្យល់ឈ្មោះ ឆយ ចន្ថា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ការចុះឃាត់មេខ្យល់ និងជួយសង្គ្រោះនារីរងគ្រោះចំនួន៣នាក់នេះ បានធ្វើឡើងនៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
ទី១. នៅចំណុចភោជនីយ៍ដ្ឋាន តាឪ ផ្លូវជាតិលេខ៧ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០២នាក់) ។
និងទី២. នៅចំណុចផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជនរងគ្រោះ ចំនួន០៤នាក់ ស្រី (អនីតិជន ០៣នាក់) ។ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
បើតាមសម្តី នារីរងគ្រោះ បានឲ្យដឹងថា ភោជនីយ៍ដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង ១១ថ្ងៃត្រង់ រហូតដល់ម៉ោង ៩យប់ ដោយមាននារីៗក្មេងជាច្រើននៅបម្រើភ្ញៀវនៅហាង ។ ចំពោះភ្ញៀវដែលចូលមកហាង ពេលត្រូវការនារី ក្មេងៗ មកអង្គុយកំដរ គឺពួកនាងបានលុយធីបពីភ្ញៀវចាប់ពី១០$ ទៅ ៥០$ ឫលើសហ្នឹង ។
នារីរងគ្រោះ បានបន្ថែមថា ប្រសិនបើភ្ញៀវណាត្រូវការរួមភេទ គឺត្រូវចេញទៅខាងក្រៅហាងហើយ ដោយមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ បាននាំមកឲ្យភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ-១៦ឆ្នាំ ឡើងទៅដោយក្នុងតម្លៃការរួមភេទ ក្នុង១ដង ចាប់ពី១០០$ ដល់ ១៥០$ ។ ចំពោះលុយបានមក គឺត្រូវឲ្យទៅមេខ្យល់ចំនួន ១៥$ទៅ ២០$ ជាកម្រៃជើងសារ ដែលខ្លួនបាននាំនារី មកឲ្យរួមភេទជាមួយភ្ញៀវ ផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្ត្រីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។ ចំណែកឯនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ ៕