សហគមន៍នេសាទ ក៍អាចរកប្រាក់​ពីវិស័យទេសចរណ៍បានដែរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគមន៍នេសាទ ក៍អាចរកប្រាក់​ពីវិស័យទេសចរណ៍បានដែរ

1 ខែ មុន
  • Phnom Penh

បច្ចុប្បន្នសហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ នៅក្នុងប្រទេស​កម្ពុជា មានសក្តានុពលភាពអាចបង្កើតជាសហគមន៍​ទេសចរណ៍​ធម្មជាតិ ដើម្បីរួម​ចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្​ចជាតិជា ចម្បង។ នេះបើតាមការឲ្យដឹងរបស់លោករដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់និងនេសាទ។…

បច្ចុប្បន្នសហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ នៅក្នុងប្រទេស​កម្ពុជា មានសក្តានុពលភាពអាចបង្កើតជាសហគមន៍​ទេសចរណ៍​ធម្មជាតិ ដើម្បីរួម​ចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្​ចជាតិជា ចម្បង។ នេះបើតាមការឲ្យដឹងរបស់លោករដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់និងនេសាទ។

លោកវេង សាខុន រដ្ឋមន្រ្តីកសិកម្មបានថ្លែងនៅក្នុងវេទិការជាតិអេកូទេសចរណ៍​លើកទី២កាលពីថ្ងៃទី២៧មករានៅខេត្តសៀមរាបថាក្នុងចំណោមសហគមន៍១៣១ដែលមានសក្តានុពលនោះ  សហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរ​ការទេសចរណ៍​ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្ត កោះកុង។

“ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃ​ឈើតាមបណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាច​អភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្​តផងដែរ”នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន។

បើតាមលោករដ្ឋមន្រ្តី ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១ ១៩០ និងសហភាព​សហគមន៍កសិកម្មចំនួន១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់​បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត។

ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ bបានរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ ដោយមានមន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធជាច្រើនចូលរួមនៅលើទឹកដីអង្គរដោយមានក្រុមការងារអន្តរក្រសួង មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក  សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួម។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ក្នុងដំណាក់កាល​វិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍​ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់ទេសចរណ៍​ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូល ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ និងបានធ្វើឲ្យ​វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់​នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់​វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់​នៃការធ្លាក់ចុះ​ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ។

បើតាមលោករដ្ឋមន្ត្រី តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុង គួរឲ្យកត់សម្គាល់ក្នុង​ដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក​។

កម្ពុជាត្រូវគេមើលឃើញថាមានសក្តានុពលធម្មជាតិជាច្រើនដូចជាទន្លេ ព្រែក ស្ទឹង ភ្នំ ជ្រោះ ដែលអាចកែច្នៃជាតំបន់ទេចរណ៍បានក្រៅពីប្រាសាទបុរាណនោះ។ ប៉ុន្តែការកែច្នៃធម្មជាតិ ទៅជាសហគមនទេសចរណ៍ ជួបការលំបាកដូចជាគ្មាន​អ្នកដឹកនាំ គ្មានធនធានថវិកា ឬការមិនទាន់យល់ដឹងរបស់ពលរដ្ឋជាដើម។

 នៅក្នុងវេទិកាលើកទី២នេះ លោក ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុក​ដាក់ ពិភាក្សាអំពីការបញ្ចូល​សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏​ដោយ ពិសេសរិះរកនូវគំរូ​ជោគជ័យ ដែលមានលក្ខណៈសត្យានុម័តក្នុង​ការអភិវឌ្ឍ​សហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេស​ក្រសួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការ​បញ្ចូល​សកម្មភាព​ទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ ដែលមាន​សក្តានុពល​៕