រដ្ឋមន្ត្រី ៣ ក្រសួង ជំរុញឲ្យមាន​សកម្មភាព​ទេសចរណ៍ នៅតាមសហគមន៍ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី ៣ ក្រសួង ជំរុញឲ្យមាន​សកម្មភាព​ទេសចរណ៍ នៅតាមសហគមន៍

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប៖ ក្នុងឱកាសបើកវេទិកាជាតិ ស្តីពី អេកូទេសចរណ៍ លើកទី២ កាលពីព្រឹកថ្ងៃទី២៧ ខែមករានេះ រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និង​រដ្ឋមន្ត្រី​បរិស្ថាន…

ខេត្តសៀមរាប៖ ក្នុងឱកាសបើកវេទិកាជាតិ ស្តីពី អេកូទេសចរណ៍ លើកទី២ កាលពីព្រឹកថ្ងៃទី២៧ ខែមករានេះ រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និង​រដ្ឋមន្ត្រី​បរិស្ថាន បានរួមគ្នា ជំរុញ និងគាំទ្រឲ្យវិស័យឯកជន បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ច ទៅកាន់តំបន់សហគមន៍។

​ក្នុងវេទិកា ក្រុមការងារ​អន្តរក្រសួង ដែលគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និង​អេកូទេស​ចរណ៍ ដែលសមាសភាពមកពីក្រសួង​ទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏បានជំរុញ និង​លើកទឹកចិត្ត ព្រមទាំងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារ​ទេសចរណ៍កម្ពុជា ត្រូវបង្កើនការរៀប​ចំកញ្ចប់ទស្សនកិច្ច ឲ្យបានច្រើន ទៅកាន់តំបន់​សហគមន៍នានា នៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជា​ពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ​។

​ក្នុងឱកាសបើកវេទិកាជាតិអេកូទេស​ចរណ៍ លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍ នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រ ដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និង​តំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រ ជា​ដើម​។ ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញ​ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ដោយផ្ទាល់ (Local Empowerment)​។

លោករដ្ឋមន្ត្រី ថោង ខុន បន្តថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍​ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និង​តំបន់ទេសចរណ៍​ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូល ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់​នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់​វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ​ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោករដ្ឋមន្ត្រី បន្តថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុង គួរឲ្យកត់សម្គាល់ក្នុង​ដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក​។

​ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងសម្របខ្លួនទៅនឹងគន្លងថ្មីនៃការរស់នៅ លោក ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុក​ដាក់ ពិភាក្សាអំពីការបញ្ចូល​សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូ​ជោគជ័យ ដែលមានលក្ខណៈសត្យានុម័តក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេស​ក្រសួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូល​សកម្មភាព​ទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ ដែលមានសក្តានុពល​។

ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់​ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន លោក​រដ្ឋមន្ត្រី បានស្នើឲ្យក្រសួង-ស្ថាប័ន​ពាក់ព័ន្ធពិភាក្សាគ្នារកដំណោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនា​ផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់​ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតប តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន​។

លោក​រដ្ឋមន្ត្រី​ទាំង ៣ ក្រសួង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការជំរុញ​លើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេស​ចរណ៍កម្ពុជា ដើម្បី​បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឲ្យបានច្រើនទៅកាន់តំបន់សហគមន៍នានា នៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់​កាលវិបត្តិជំងឹកូវីដ-១៩ និងដំណាក់កាលក្រោយវិបត្តិនេះ​។

រដ្ឋមន្ត្រីក្រសួងជំនាញទាំងបី ក៏បានស្នើឲ្យវិស័យឯកជន បង្កើនការគាំទ្រជួយដល់​សហគមន៍ «ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច ទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្ត​ដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបន្តលើកកម្ពស់គុណភាព​សេវាកម្មក្នុងសហគមន៍របស់ខ្លួន»​។

ទន្ទឹមនឹងនេះ អង្គវេទិកា ក៏លើកឡើងថា គួរជំរុញឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជា ពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍​កីឡាទេសចរណ៍ នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗ នៅទូទាំងប្រទេស ដែលអាចឲ្យប្រជាសហគមន៍ បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់​ប្រកបមុខរបរ​ខុសច្បាប់ ឬអាជីវកម្ម ដែលបំផ្លាញធនធានធម្មជាតិ ដោយ​ឈប់បរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ និងងាកមកធ្វើជាមគ្គុទ្ទេសក៍ នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ និងចូលរួម​សកម្មភាពផ្សេងៗទៀត ដែលបម្រើដល់ការអភិវឌ្ឍអេកូទេសចរណ៍ ព្រមទាំងចូលរួមធ្វើជាអ្នកល្បាតការពារ (Rangers) សម្បត្តិដ៏មានតម្លៃទាំងនេះ ថែមទៀតផង ដើម្បីធានាឱ្យមានការអភិវឌ្ឍយូរអង្វែង​៕ ដោយ៖ ច័ន្ទ រស្មី