ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំដំឡូង​មី​ប្រើ​បច្ចេកទេស​បូមទឹក​អូរ​ស្រោច ខណៈ​ដែល​អត់​មាន​ភ្លៀង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​មាន​កសិករ​ម្នាក់​រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ប្រមូល​ផល​មើមដំឡូង​មី​រួច…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​មាន​កសិករ​ម្នាក់​រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ប្រមូល​ផល​មើមដំឡូង​មី​រួច ក៏​ចាប់ផ្តើម​ភ្ជួរ​ដី​លើក​ពូន​ជា​រង​សារ​ថ្មី លុះ​ហាល​ដី​ឱ្យ​ងាប់​ស្មៅ​បាន​មួយ​រយៈពេល​ខ្លី ក៏​ជួល​កម្មករ​ឱ្យ​កាត់​ដើម​ដំឡូង​មី ដែល​ទុក​ធ្វើ​ពូជ ដើម្បី​ដាក់​ដាំ​ដោយ​ប្រើ​បច្ចេកទេស រៀបចំ​ទុយោ​ស្រោច​ទឹកតែ​ម្តង​។

បើ​តាម​ការ​រៀបរាប់​របស់​កូន​ម្ចាស់​ចម្ការ​ម្នាក់​ឈ្មោះ ដេ​ង ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា​៖ ឪពុក​របស់​ខ្លួន​បាន​ដាំដំឡូង​មី​ជាង​៥​ហិ​កតា នៅ​ក្នុង​ដីចម្ការ​ក្បែរ​មាត់​អូរ ហើយ​ក៏​បាន​ដាំ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន នៅ​ក្បែរ​នោះ​ជាង​១០០​ដើម​ផង​ដែរ​។ លុះ​ប្រើ​ទុយោ​ស្រោច​ទឹក​តា​ង៉ែ​ន រួច​ក៏​រក្សា​ទឹកអូរ​ទុក​សម្រាប់​បូម​បញ្ចូល​ក្នុង​ទុយោ ដែល​បាន​រៀបចំ​លាតសន្ធឹង​តាម​បណ្តោយ​រងដំឡូង​នីមួយ​ៗ​ផង​ដែរ ពោល​គឺ​ប្រើ​បច្ចេកទេស​ដាំដំឡូង​មី ស្រោច​ទឹក អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។

ប្រភព​បន្ត​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​នៅ​រដូវប្រាំង​គ្មាន​ភ្លៀង ពេល​ដែល​ប្រមូល​ផល​មើមដំឡូង​មី​រួច ក៏​ភ្ជួរ​ដី​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​មួយ​រយៈពេល​ខ្លី ទើប​ក្រោយមក​ឪពុក​របស់​ខ្លួន​ក៏​ទិញ​ទុយោ​មួយ​ប្រភេទ​ពណ៌​ខ្មៅ​ពី​ផ្សារ យក​ទៅ​កាត់​ដាក់​លាត​នៅ​តាម​បណ្តោយ​រងដំឡូង​មី​នីមួយ​ៗ​ក្នុង​ចម្ការ រួច​បូមទឹក​ស្រោច មិន​បណ្តាល​ឱ្យ​ងាប់​ដើម​ដំឡូង​ពេល​ដែល​កំពុង​តែ​ដុះ​លូតលាស់​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ដាំដំឡូង​មី​ដោយ​ប្រើ​ទឹក​ទុយោ​បន្តក់​ស្រោច​នៅ​លើ​រង​បែប​នេះ គឺ​ស្រោច​ពេល​ដែល​ដី​នៅ​តាម​រងដំឡូង​ស្ងួត លុះ​ពេល​ភ្លៀង​ធ្លាក់​ក៏​ផ្អាក​ស្រោច ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ទទួល​បាន​ជោគជ័យ អត់​ងាប់​ដើម​ដំឡូង​មី ដែល​ទើបនឹង​ដុះ​លូតលាស់ ហើយ​ក៏​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ជាង​ការ​ដាំ​តាម​របៀប​ធម្មតា​ដែល​ពឹងផ្អែក​ទៅ​លើ​ផ្ទៃមេឃ​។ ម្យ៉ាងវិញទៀត កាលពីមុន​ការ​ដាំដំឡូង​មី​របស់​ខ្លួន​តែងតែ​ទទួល​បរាជ័យ​ដោយសារ​ដាំ​ប្រវាស់​នឹង​មេឃ ពេល​រាំងភ្លៀង​រយៈពេល​យូរ​បណ្តាល​ឱ្យ​ងាប់​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក៏​ខាតបង់​អស់​ថវិកា​ជា​ច្រើន​ផង​ដែរ លុះ​នឹកឃើញ​វិធី​ថ្មី ដោយ​ប្រើ​ទុយោ​ស្រោច​ទឹក​ធ្វើ​ឱ្យ​ដំឡូង​មី​របស់​ខ្លួន​មិន​ងាប់ ហើយ​បាន​ផល​ច្រើន តែ​ត្រូវ​ចំណាយ​ដើមទុន​ទិញ​ទុយោ​។

សូម​បញ្ជាក់​ថា ៖ ការ​ដាំដំឡូង​មី​ដោយ​ប្រើ​ទុយោ​បូមទឹក​ស្រោច​នេះ មាន​ចំនួន​៣​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​កសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​ៗ​គ្នា និង​មិន​ខូចខាត​ដើម​ពេល​ដែល​ទើបនឹង​ដុះ​លូតលាស់​នោះ​ឡើយ លើកលែងតែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក​ទើប​បណ្តាល​ឱ្យរ​លួច​ខូច​មិន​អាច​ទប់ស្កាត់​បាន​នោះ​ឡើយ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ