«Himawari 8» គឺជាផ្កាយរណបថ្មីរបស់ជប៉ុន ហើយវាស្ថិតក្នុងជំនាន់ទី៨របស់ផ្កាយរណបអាកាសធាតុ Himawari នៃស្ថានីយអវកាសដែលថតយករូបភាពពីលំហអាកាសក្នុងរយៈពេល១០នាទីម្តង ។ ផ្កាយរណបអាកាសធាតុ «Himawari 8» ប្រតិបត្តិការដោយក្រុមហ៊ុនទីភ្នាក់ងាររបស់ក្រសួងដែនដីនគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ហៅកាត់ថា JMA ។
ក្នុងរយៈពេល២៤ម៉ោងផ្កាយរណបនោះអាចថតយករូបភាពចំនួន១៤៤សន្លឹកពីអាកាសធាតុជុំវិញពិភពលោក ពោលគឺវាមានសមត្ថភាពខ្លាំងជាង៣ដង បើប្រៀបធៀបជាមួយនឹងផ្កាយរណបស៊េរី មុនៗ ។ វានឹងចាប់យករាល់ការបម្រែបម្រួលអាកាសធាតុរបស់ផែនដីហើយនឹងបញ្ជូនរាល់ទិន្នន័យនានាមកកាន់ផែនដីវិញ ។ ផ្កាយរណប «Himawari 8» មានទម្ងន់៣៥០០គីឡូក្រាម មានថាមពល២.៦គីឡូវ៉ាត់។ វាត្រូវបានចាកចេញពីផែនដីតាមរយៈគ្រាប់រ៉ុក្កែត H-IIA កាលពីថ្ងៃទី៧ តុលា ២០១៤ និងទៅដល់ស្ថានីយអវកាសនៅថ្ងៃទី៧ កក្កដា ២០១៥។ វាភ្ជាប់ដោយ AHI ដែលជាឧបករណ៍ថយករូបភាពចម្រុះពណ៌ចំនួន១៦ ដើម្បីថតយកពន្លឺដែលអាចមើលឃើញ និងរូបភាពអាំងប្រានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ផ្កាយរណប «Himawari 8» នេះស្ថិតក្នុងបេសកកម្មរយៈពេល៨ឆ្នាំ ៕
ចែករំលែកព័តមាននេះ