រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ ទើបតែបានរកឃើញកម្មវិធីមេរោគថ្មី សម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។
វិធីសាស្ត្រនៃការចម្លងមេរោគនេះ គឺពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងកម្មវិធី WhatsApp ។ នៅពេលដែលទូរស័ព្ទដែលមានមេរោគទទួលបានសារតាមរយៈកម្មវិធី WhatsApp វានឹងឆ្លើយតបទៅអ្នកផ្ញើវិញជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីកម្មវិធីក្លែងក្លាយ «Huawei Mobile» តាមរយៈគេហទំព័រក្លែងក្លាយដែលមានរូបរាងស្រដៀងគ្នាទៅនឹងគេហទំព័រ Google Play Store។
បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធីមេរោគនេះ វានឹងធ្វើការស្នើសុំដើម្បីអាចផ្ញើសារចេញដោយស្វ័យប្រវត្តិ ដែលនេះធ្វើឱ្យទូរសព្ទលោកអ្នកក្លាយទៅជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរសព្ទផ្សេងៗទៀត។ ជាងនេះទៅទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា មេរោគនេះក៏អាចបន្ថែមស្គ្រីនទៅលើកម្មវិធីផ្សេងៗទៀតដើម្បីលួចយកព័ត៌មានសំខាន់ៗដូចជាឈ្មោះ និងលេខសម្ងាត់ជាដើម ។
បច្ចុប្បន្នកម្មវិធីមេរោគនេះអាចចម្លងតាមតែរយៈកម្មវិធី WhatsApp ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបានជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតនៅពេលអនាគត។ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការដែលមាននៅក្នុងទូរសព្ទស្រាប់ ៕
ចែករំលែកព័តមាននេះ