ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​អាណិត​! លោកយាយ​ជាង​៩០​ឆ្នាំ​សុំទាន​ដុះ​ស្លែ តែ​គ្មាន​ប័ណ្ណ​ក្រីក្រ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ជីវិត​ចុង​ក្រោយ ស្ត្រី​ចំណាស់​វ័យ​ជាង​៩០​ឆ្នាំ​ម្នាក់ បាន​អង្គុយ​ក្រោម​កំ​ដៅ​ថ្ងៃ​លើកដៃ​សំពះ​មិន​ឈប់ ដើម្បី​សុំទាន​រក​ប្រាក់​តាំងពី​ព្រលឹម​ទល់​ព្រលប់​ពិតជា​គួរ​ឲ្យ​សង្វេគ​ពេក​ព្រៃ​។ ស្ត្រី​ចំណាស់​ខាងលើ​ឈ្មោះ ប៉ក់ វី​ន អាយុ​៩១​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ជីវិត​ចុង​ក្រោយ ស្ត្រី​ចំណាស់​វ័យ​ជាង​៩០​ឆ្នាំ​ម្នាក់ បាន​អង្គុយ​ក្រោម​កំ​ដៅ​ថ្ងៃ​លើកដៃ​សំពះ​មិន​ឈប់ ដើម្បី​សុំទាន​រក​ប្រាក់​តាំងពី​ព្រលឹម​ទល់​ព្រលប់​ពិតជា​គួរ​ឲ្យ​សង្វេគ​ពេក​ព្រៃ​។

ស្ត្រី​ចំណាស់​ខាងលើ​ឈ្មោះ ប៉ក់ វី​ន អាយុ​៩១​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត។

ស្ត្រី​ចំណាស់​រូប​នេះ​ប្រាប់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​យូរ​ឆ្នាំ​មក​ហើយ ដោយ​ដំបូង​គាត់​មានស្រុក​កំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប លុះ​មានគ្រួសារ​ក៏​ចាក​ចេញពី​ស្រុក​មក​រស់នៅ​ជាមួយ​ប្តី​នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង​បន្ត​មក​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​ជាង​១០​ឆ្នាំ​មក​ហើយ ព្រមទាំង​ប្រកប​របរ​សុំទាន​នេះ​ជិត​១០​ឆ្នាំ​ដូច​គ្នា​។

លោកយាយ​បន្ត​ទៀត​ថា កន្លង​មក គាត់​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់ និង​ចៅប្រុស​ម្នាក់​។ កូនស្រី​របស់​គាត់​ជា​ស្ត្រី​មេម៉ាយ ដោយសារ​តែ​ប្តី​ទៅ​ចោល​តាំងពី​កូន​នៅ​ក្នុង​ផ្ទៃ​ម្ល៉េះ ប៉ុន្តែ​ជា​អកុសល​ប៉ុន្មាន​ឆ្នាំ​មុន កូនស្រី​គាត់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ បន្សល់​ចៅប្រុស​អាយុ​២១​ឆ្នាំ​ម្នាក់​ឲ្យ​គាត់​ទទួល​អ​ម្រែ​ក​តែ​ម្នាក់ឯង​។

លោកយាយ​បន្ត​ថា ចៅប្រុស​របស់​គាត់​បាន​ទៅ​បាត់​ចោល​គាត់​ឱ្យ​រស់នៅ​ម្នាក់ឯង​ឯកា គ្មាន​ទីពឹង​តាំងពី​ខែតុលា ឆ្នាំ​២០២០​ម្ល៉េះ មិនដឹង​ថា​ទៅ​ណា​នោះ​ទេ និង​មិន​ដែល​ឃើញ​វិល​មក​ជួប​គាត់​វិញ​ឡើយ​។

បើ​ទោះជា​លោកយាយ​រូប​នេះ ក្លាយទៅជា​អ្នក​សុំទាន​ស្ទើរ​ដុះ​ស្លែ ដើម្បី​ក្រពះ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ឬ​ហៅ​ថា ប័ណ្ណ​ក្រីក្រ​នោះ លោកយាយ​ពុំដែល​ទទួល​បាន​ទេ ពោល​គឺ​គាត់​ថា ធ្លាប់​ទទួល​បាន​ត្រឹម​របប​អង្ករ​២៥​គីឡូក្រាម​ពី​អាជ្ញាធរ​ម្តង​គត់ នា​ពេល​កន្លង​មក​។

លោកយាយ​រៀបរាប់​ទាំង​ក្តុកក្តួល​ចិត្ត​ថា បើ​មិន​ប្រកប​របរ​សុំទាន​ទេ គាត់​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ ហើយ​ថា មុខរបរ​សុំទាន​របស់​គាត់​មិនសូវ​សល់​ច្រើន​ទេ ព្រោះ​គាត់​ចាស់​ហើយ ដើរ​មិន​រួច ម្យ៉ាង​ត្រូវ​ចំណាយ​ប្រាក់​ជួល​ម៉ូតូ​គេ​ឌុ​ប​ទៅ​មក​កន្លែង​អង្គុយ​រក​ប្រាក់​ផង​ដែរ​។

ទោះបី​ជីវិត​ជា​អ្នក​សុំទាន​មែន ប៉ុន្តែ​លោកយាយ​រូប​នេះ​មិន​ភ្លេច​ឡើយ​ពី​វិធី​ការ​ការពារ​មេរោគ​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល​ឡើយ គឺ​គាត់​បាន​ពាក់​ម៉ាស់​យ៉ាង​ត្រឹមត្រូវ​។ ហើយ​ដើម្បី​ជីវិត​ចុង​ក្រោយ លោកយាយ​បាន​ទទូច​សុំ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អាជ្ញាធរ មេត្តា​ជួយ​គាត់​ផង ព្រោះ​ចង់បាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព និង​ទៅ​វត្ត​បាន​ធ្វើបុណ្យ​ទាន​នឹង​គេ​។

បើ​តាម​លោក សន មុន្នី មេ​ភូមិ​មិត្តភាព ទទួលស្គាល់​ថា លោកយាយ​ចំណាស់​ខាងលើ ពិតជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​របស់​លោក​មែន​។ ពេល​សាកសួរ​រឿង​ប័ណ្ណ​ក្រីក្រ មេ​ភូមិ​រូប​នេះ​ប្រាប់​ថា បាន​ធ្វើ​របាយការណ៍​ពី​លោកយាយ​ទៅ​ថ្នាក់លើ​រួច​ហើយ​នា​ពេល​កន្លង​មក ប៉ុន្តែ​មិនដឹង​ថា យ៉ាងម៉េច ខាង​ក្រុមការងារ​ផ្តល់​ប័ណ្ណ​ក្រីក្រ​របស់​សង្កាត់ និង​ខាង​សង្គមកិច្ច​ក្រុង មិន​ទាន់​ឃើញ​ចុះ​មក​សម្ភាសន៍ ឬ​អាច​មក​ពី​បញ្ហា​កូ​វី​ដ​ក៏​ថា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ