ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើធ្វើដូចម្តេច ទើបអាចឲ្យកម្មករ ប្តូរទៅជិះរថយន្តស្តង់ដារ?

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ បាន​ជំរុញឲ្យរថយន្តដឹកកម្មករទាំងអស់ ផ្លាស់ប្តូរ​ទៅជារថយន្តស្តង់ដារ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ ដែលកើតមានជាយថា​ហេតុលើកម្មករកាត់ដេរ​។ ​ ក្នុង​សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី…

ភ្នំពេញ៖ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ បាន​ជំរុញឲ្យរថយន្តដឹកកម្មករទាំងអស់ ផ្លាស់ប្តូរ​ទៅជារថយន្តស្តង់ដារ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ ដែលកើតមានជាយថា​ហេតុលើកម្មករកាត់ដេរ​។ ​

ក្នុង​សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រី​សហភាពសហព័ន្ធ និងសហជីពកម្មករនិយោជិត កាលពីព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងរាជធានីភ្នំពេញ លោក គឹម បញ្ញា នាយក​អង្គការមូលនិធិ​បង្ការ​របួស​អាស៊ី​ ប្រចាំ​កម្ពុជា​ ​បាន​ជំរុញឲ្យ​មានការផ្លាស់ប្តូរ ការប្រើរថយន្តដឹកទំនិញ មកជារថយន្ត ដែលមាន​ស្តង់ដារ សម្រាប់កម្មកររោងចក្រ​កាត់ដេរ​។ មូលហេតុ ដោយ សារតែ​រថយន្តកូរ៉េដឹក​ទំនិញ ដែលបានប្រើប្រាស់​សម្រាប់ដឹកកម្មកររោងចក្រកាត់ដេរ សព្វថ្ងៃ ផ្ទុកលើស​ចំណុះ ដែល​មានហានិភ័យក្នុង​​គ្រោះថ្នាក់ចរាចរណ៍ខ្ពស់។​

ដើម្បី​ជំរុញ​ឲ្យផ្លាស់ប្តូរ​រថយន្តដឹកកម្មករកាត់ដេរ ពីរថយន្តដឹកទំនិញ មកជារថយន្ត​ទេសចរណ៍ តាមស្តង់ដារ​ត្រឹមត្រូវនេះ គឺបន្ទាប់ពីការសិក្សាស្រាវជ្រាវកន្លងមក ហើយ​នៅខែកុម្ភៈខាងមុខនេះ អង្គការមូលនិធិ​បង្ការ​របួស​អាស៊ី នឹងជួបជាមួយភាគីរោងចក្រ កម្មករ និងអ្នកដឹកកម្មករដោយផ្ទាល់ ដើម្បីជំរុញបញ្ហានេះ ឲ្យមានដំណោះស្រាយ ឲ្យបានឆាប់រហ័ស។

អង្គការមូលនិធិ​បង្ការ​របួស​អាស៊ី​ ប្រចាំ​កម្ពុជា បានលើកឡើងថា ជា​រៀងរាល់ថ្ងៃ កម្មករ និយោជិត ប្រមាណ​ជាង ៧០ ម៉ឺន​នាក់ កំពុង​ប្រឈម​នឹង​ហានិភ័យ ក្នុងការ​ធ្វើដំណើរ ប្រចាំថ្ងៃ ទៅមក​ធ្វើការ​ងារ​ លើ​ដងផ្លូវ ដែលមាន​ចរាចរណ៍​មមាញឹក និង​ប្រកបដោយ​គ្រោះថ្នាក់ ដើម្បី​តែ​ជីវភាព​គ្រួសារ​។​ស្ទើរតែ ២០ ភាគរយ នៃ​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់ នៅ​កម្ពុជា គឺជា​កម្មករ​និយោជិត ( ​គ្រប់​វិស័យ​ទាំងអស់ និង​ទាំង​ក្នុងអំឡុង​ពេល​​បំពេញការងារ ទៅមក និង​ការធ្វើដំណើរ​ឯកជន​) ហើយ​ភាគច្រើន​ជា​ស្ត្រី​។​

ដោយឡែក លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ នឹងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តដឹកកម្មករ ប្រហែលជាពាក់​កណ្តាល ដែលបានផ្លាស់​ប្តូររថយន្ត ដែលមានសុវត្ថិភាព។

បើតាមលោកស្រី​ មឹន មាណវី ក្នុងឆ្នាំ២០២០ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតលើរថយន្តកូរ៉េ ប្រើសម្រាប់ដឹកញ្ជូនកម្មករ មានចំនួន ១៥លើក ដោយ​បានសម្លាប់កម្មករកាត់ដេរ ដែល​កំពុងធ្វើដំណើរទៅធ្វើការងារ ចំនួន ៤នាក់ និង​រងរបួស ​សរុប ៣៥៣នាក់។

របាយការណ៍របស់​បេឡាជាតិសន្តិសុខសង្គម ប.ស.ស កាលពីឆ្នាំ២០១៩ បង្ហាញ​ថា  មានរថយន្ត​ដឹកកម្មករនិយោជិត សរុបចំនួន ៤៥៣៧គ្រឿង បានចរាចរណ៍ និងប្រើ​ប្រាស់​នៅកម្ពុជា ក្នុងនោះ រថយន្តប្រភេទទេសចរណ៍ មានចំនួន ១៧១០គ្រឿង ស្មើនឹង ៣៨% និងរថយន្តដឹកទំនិញ មានចំនួន ២៨២៧គ្រឿង ស្មើនឹង ៦២%។

ដូច្នេះ​​ដើម្បី​​ផ្លាស់ប្តូរ​​ឡានដឹកកម្មករ​កាត់ដេរ ពីឡានកូរ៉េ ទៅជាឡាន​ទេសចរណ៍ តាម​ស្តង់ដារ​​ត្រឹមត្រូវ ទាមទារ​ឲ្យមានការចូលរួមពីគ្រប់ភាគី​។ ភាគី​សំខាន់ទី១ គឺ​អង្គការ​សង្គម​ស៊ីវិល ក្រសួងការងារ និងភាគីរោងចក្រ​សហគ្រាស​ ដោយតម្រូវ​ឲ្យ​កម្មករ​ទាំងអស់ ដែលទទួល​បានលុយ​ថ្លៃធ្វើដំណើរ​ ត្រូវតែ​ចំណាយលុយនោះ ទៅលើ​ការធ្វើ​ដំណើរ​ដោយសុវត្ថិភាព​។ ពោលគឺ​​លុយថ្លៃធ្វើដំណើរ​ ដែលរោងចក្រសហគ្រាស​ បើក​ផ្តល់​​ឲ្យកម្មករ ត្រូវតែចំណាយ​ឲ្យចំគោលដៅ ពោលគឺរោងចក្រ និងក្រសួងការងារ ត្រូវ​ពិនិត្យ​លើឡាន​ដឹកជញ្ជូន​ តើ​ឡាន ដែលមានសុវត្ថិភាព មិនផ្ទុកលើសចំណុះ​។ បើ​កម្មករ ធ្វើដំណើរ​ដោយម៉ូតូ​ខ្លួនឯង ឬម៉ូតូឌុប ក៏ត្រូវតែ​មានសុវត្ថិ​ភាពជាចម្បង​។

ចំណែក​កម្មករ​ខ្លួនឯង ក៏ត្រូវប្រើប្រាស់​មធ្យោបាយ ប្រកបដោយ​សុខសុវត្ថិភាព ព្រោះថា បើកម្មករ​កាត់ដេរ ចង់អស់លុយតិច សុខចិត្តជិះឡានប្រជ្រៀតគ្នា ឈរ​លើសចំនួន គឺ​ប្រឈម​នឹងគ្រោះថ្នាក់ ហើយបើសិនជាគ្រោះថ្នាក់មែន នោះខាតបង់​លើស​ការរិះថាំ​លុយ​​ធ្វើដំណើរ​ប្រចាំខែនោះទៅទៀត។ បើសិនជារហូតដល់របួស ពិការ ហើយបើ​ធ្ងន់ធ្ងរដល់ស្លាប់នោះ គឺ​មិនគួររិះលុយ លើការចំណាយ​ក្នុងការធ្វើដំណើរប្រកប​ដោយសុវត្ថិភាពនោះទេ​។

ដោយឡែក អ្នករកស៊ីបើកឡាន​ដឹកកម្មករ​កាត់ដេរ ក៏ដូចគ្នា។ គួរតែគិតពីសុវត្ថិភាព​ជាចម្បង​។ ប្តូរពីឡានកូរ៉េដឹកទំនិញ មកជាឡានទេសចរណ៍ សម្រាប់ដឹកអ្នកដំណើរ ហើយ​ដាក់កម្មករ​ កុំ​ឲ្យច្រើន លើសចំណុះ។ ស៊ូយកថ្លៃ ឲ្យរួចថ្លៃប្រេង ហើយសល់​ខ្លះ​ ជាជាង​យកថ្លៃថោក តែខំប្រឹង​ដាក់ញាត់​មនុស្ស រហូតដល់​មួយឡាន ២០ ទៅ ៣០ ឬ ៤០នាក់ ដោយឲ្យកម្មករឈរប្រជ្រៀតគ្នា គឺ​មិនត្រូវទាល់តែសោះ​ ព្រោះថា បើកើតហេតុ​ ជួបគ្រោះថ្នាក់ នោះគឺខាតបង់​ធ្ងន់ធ្ងរ ពិសេស​អាយុជីវិ​តអ្នកដំណើរ រួមទាំង​តៃកុងឡាន​ ដែលដឹកមនុស្សលើសចំណុះនោះទៀត​។

ការត្រួតពិនិត្យរបស់អាជ្ញាធរសមត្ថកិច្ច ដោយសហការជាមួយ​នឹង​ប៉ូលិស និងភាគី​រោង​ចក្រសហគ្រាស ជារឿងសំខាន់ ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បី​ផ្លាស់ប្តូររថយន្ត​ដឹកកម្មករ ឲ្យមានសុវត្ថិភាព​។ ទី១-អ្នកបើកបររថយន្តដឹក​កម្មករ ត្រូវ​មាន​បណ្ណបើកបរ និងឆ្លងកាត់​ការរៀនបើកបរ និងប្រឡងត្រឹមត្រូវ ដោយមិន​មែន​សូកលុយ ដើម្បីបានពាក់មីឡើយ។ ទី២-បើជាឡានកូរ៉េដឹកទំនិញ គឺ​មិនអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម ដឹកកម្មករ​ជាដាច់ខាត​។ ទី៣-ការដឹកជញ្ជូន​កម្មករកាត់ដេរ ត្រូវមិន​ដាក់លើសចំណុះ។ ពោលគឺបើត្រឹមឡាន​ទូរីស ១២កៅអី គឹត្រូវតែត្រឹម ១២នាក់ ដោយម្នាក់ អង្គុយ ១កៅអី​។ ទី៤-ឡានណា មិនគោរពតាមការណែនាំ ត្រូវចាប់ដកហូត ហើយមិនឲ្យដឹកកម្មករ​កាត់ដេរ រីឯ​កម្មករកាត់ដេរណា មិនស្តាប់តាមការណែនាំ ជិះឡាន​មិនត្រូវតាមស្តង់ដារ គឺមិនអនុញ្ញាត​ឲ្យ​ចូលធ្វើការនៅរោងចក្រ​សហគ្រាស​ឡើយ​។

ទន្ទឹម​នឹង​វិធានការខាងលើនេះ សំខាន់បំផុតទៀត អ្នកបើកបរ​ឡានដឹកជញ្ជូនទាំងអស់ ពិសេស​​​​​ឡាន​ដឹកកម្មករកាត់ដេរ ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍ត្រឹមត្រូវ ហើយសូម​ចង​ចាំថា អាយុជី​វិត​អ្នកដំណើរ១ឡាននេះ​ ពឹង​​លើតៃកុងឡាន​តែម្នាក់នេះហើយ​។​ សូម​ចំណេញ​តិច ជាជាង​​ខាតបង់ទាំងឡាន និងបាត់បង់ទាំងអាយុជីវិត​៕​ ដោយ៖ មុត ស្រីពៅ