ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនៅកំពង់ភ្លុក រំពឹងផ្អែកលើ​របរនេសាទ និងដឹកភ្ញៀវទេសចរ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ឃុំកំពង់ភ្លុក គឺជាឃុំមួយ នៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃ លិចទឹក​រាប់រយហិចតា ​ពណ៌ខៀវស្រងាត់ គួរជាទីគយគន់ ដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ…

ខេត្តសៀមរាប៖ ឃុំកំពង់ភ្លុក គឺជាឃុំមួយ នៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃ លិចទឹក​រាប់រយហិចតា ​ពណ៌ខៀវស្រងាត់ គួរជាទីគយគន់ ដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ មកទស្សនា​ម្តងហើយ ចង់មកម្តងទៀត។ ហេតុដូច្នេះ ទើបធ្វើឲ្យពលរដ្ឋ នៅក្នុងឃុំនេះ មានជីវភាពសមរម្យ និងមិនអាចបោះបង់មុខរបរ ដែលបន្សល់​ទុកពីដូនតា​នោះឡើយ​។ ឃុំកំពង់ភ្លុក ស្ថិត​ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឃុំកំពង់ភ្លុក ស្ថិតនៅទិសខាងកើតទីប្រជុំជន នៃខេត្តសៀមរាប។ បើធ្វើ​ដំណើរតាមផ្លូវជាតិលេខ៦ មកដល់ជិតអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មានចម្ងាយ ១៥គីឡូម៉ែត្របត់ស្តាំ តាមផ្លូវកៅស៊ូ មានចម្ងាយ ១៦គីឡូម៉ែត្រ យើងនឹងមកដល់ទីនេះហើយ​។

កំពង់ភ្លុក ជាឃុំមួយ ក្នុង​ចំណោមឃុំទាំង ៩ របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។ ភូមិសាស្រ្តនៃឃុំនេះ មានផ្ទៃដីសរុប ១២៣២៩ គីឡូម៉ែត្រក្រឡា​។ កុ្នងនោះ ផៃ្ទដីសាងសង់លំនៅដ្ឋានចំនួន ១២០ហ.ត ដីព្រៃ ៦៥១ ហ.ត ដីផ្សេងៗ ៥៦៩០ហ.ត​។ ឃុំនេះ មិនមានដីបង្កបង្កើនផលទេ ព្រោះជាតំបន់បឹងទន្លេសាប។

ប្រជាពលរដ្ឋទូទាំងឃុំប្រកប របរនេសាទចំនួន៦៥%, ដឹកភ្ញៀវទេសចរ​កំសាន្ត នៅតំបន់ព្រៃលិចទឹក ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ ៣០%  និង៥% ទៀត ជាអ្នកលក់ដូរ និងជាជាងឈើ​។

លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឲ្យដឹង​ថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺ​ការប្រកបរបរនេសាទ។ ពេលខ្លះ ក៏ទទួលបានផល តែពេលខ្លះទៀត មិនទទួលបានផលទេ។ ឯការប្រកបរបរកសិកម្មវិញ គឺប្រជាជន ពុំមានដីកសិកម្មឡើយ ព្រោះដីក្នុងភូមិសាស្ត្រឃុំនេះលិចទឹកទាំងអស់ នៅរដូវវស្សា និងរដូវប្រាំងវិញ ក៏មានសេសសល់ដីទួលបន្តិចបន្តួចប៉ុណ្ណោះ​។

ប៉ុន្តែលោកមេឃុំ បន្ថែមថា កំពង់ភ្លុក មានសក្តានុពល​ ផែ្នក​ទេសចរណ៍ ដែលបចុ្ចប្បន្ន មាន ភ្ញៀវទេសចរ​ជាតិ បាននាំគ្នាមកកំសាន្ត ធ្វើឲ្យប្រជាជនបង្កើតបានមុខរបរថ្មីមួយ ដែលផ្តល់ប្រយោជន៍ដ៏សំខាន់ នោះគឺការប្រើប្រាស់កាណូត និងអុំទូកដឹកភ្ញៀវទេសចរ​កំសាន្តបន្ថែម លើមុខ​របរនេសាទត្រី​។

ឃុំកំពង់ភ្លុក មាន ៣ភូមិ គឺភូមិត្នោតកំបុតភូមិដីក្រហម និងភូមិគោកក្តុល​។ ឃុំកំពង់ភ្លុកមានព្រំប្រទល់ខាងកើតទល់នឹងឃុំដានរុន សុ្រកសូទ្រនិគម ខាងជើងទល់នឹងឃុំមានជ័យ ខាងត្បូងទល់នឹងបឹងទន្លេសាប។

ឃុំកំពង់ភ្លុកត្រូវ បានបង្កើតឡើងនៅឆ្នាំ១៩៧៩ គ្រានោះ ស្ថិតនៅក្នុងក្របខណ្ឌរដ្ឋបាលស្រុកសូទ្រនិគម ហើយកាត់ចូលមកស្រុកសៀមរាប។ ក្រោយមក ក៏កាត់មកស្រុកប្រាសាទបាគង។ ឃុំនេះ ផ្ទៃដីទាំង​អស់ ជាដីព្រៃលិចទឹក ជាប់មាត់បឹងទន្លសាប ដែលមានទេសភាពគួរជាទីទាក់ទាញ​។

ប្រជាពលរដ្ឋក្នុងឃុំនេះ ភាគច្រើន​លើសលប់ ជាអ្នកភូមិដើមកំណើតនៅទីនេះតែម្តង ដោយមិនសូវមានអ្នកចំណូលថ្មីនោះឡើយ​។ គិតត្រឹមឆ្នាំ​២០១៩-២០២០ ឃុំមានពលរដ្ឋចំនួន ៨៦៧គ្រួសារ ស្មើនឹងមនុស្សចំនួន ៣៦៨០ នាក់(ស្រី១៨៦៥នាក់) ។ ពលរដ្ឋចំណាកស្រុក ទៅធ្វើការ ក្នុងប្រទេស ០,០៣%។ មកដល់ពេលនេះ ផ្ទះ ដែលមានអគ្គិសនីប្រើប្រាស់ជិត ៩០ភាគរយ។

លោកបន្តថា  ប្រជាពលរដ្ឋមានស្មារតីឧស្សាហ៍ព្យាយាម ហើយជឿជាក់លើរដ្ឋអំណាច, មានមាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា មានមន្ត្រីថ្នាក់ដឹកនាំមន្ត្រីក្រុមការងារ ចុះជួយ​មូលដ្ឋានស្ថាប័នពាក់​ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា​។

លោកមេឃុំបានអធិប្បាយ ដោយចង្អុលទៅលើតារាងតួលេខមួយផ្ទាំងថា វិស័យទេសចរណ៍ គឺជាគោលដៅសំខាន់បំផុត សម្រាប់​ការអភិវឌ្ឍឃុំ។

ប៉ុន្តែលោកមេឃុំ លើកឡើងថា នៅដើមឆ្នាំ២០២០ បន្តមកដល់ឆ្នាំ២០២១នេះ ពលរដ្ឋ​នៅឃុំកំពង់ភ្លុក និងពលរដ្ឋសកលលោក បានទទួលរងទុក្ខយ៉ាងធ្ងន់ធ្ងរនោះ គឺជំងឺរាតត្បាតដ៏សាហាវ កូវីដ-១៩ ធ្វើឲ្យវិស័យផ្សេងៗមួយចំនួន ក្នុងឃុំ ត្រូវចុះថយ។

លោកមេឃុំបានបន្តថា ​បច្ចុប្បន្ន ឃុំ បាន និងកំពុងសហការជាមួយអង្គការមិនមែន​រដ្ឋាភិបាល ជួយលើគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ជំរុញលើកកម្ពស់ជីវភាព​ពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះ មានអង្គការរ៉ាឆា (RACHA), អង្គការកម្មវិធី​ស្បៀងអាហារពិភពលោក (WFP) ជាដើម​។ ​

ចំណែក​លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ​បាន​លើកឡើងថា អ្នករស់នៅក្នុងខេត្តសៀមរាប​ភាគ​ច្រើន សុទ្ធសឹងតែបានដឹងថា ពលរដ្ឋ និងសហគមន៍កំពុងភ្លុក ព្រមទាំងអាជ្ញាធរដែនដី បាននាំគ្នាអភិរក្សព្រៃលិចទឹក និងត្រី បាននៅគង់វង់ គួរសម ព្រោះនៅតំបន់នេះ គេមិនឲ្យអ្នកនេសាទល្មើសច្បាប់មក​តំបន់ផ្សេង ចូលមកនេសាទបានឡើយ ដោយពួកគេ នាំគ្នារក្សាទុកត្រី ដើម្បីសហគមន៍ពួកគាត់នេសាទ ជាលក្ខណៈគ្រួសារបន្តិចបន្តួចតែប៉ុណ្ណោះ។ លើកលែងតែនៅកណ្តាលទន្លេ ទើបពួកគាត់មិនគ្រប់គ្រង ដោយវាជាតូនាទីរបស់មន្ត្រីរដ្ឋបាលជលផល។

​សូមបញ្ជាក់ថា ការអភិរក្ស និងអភិវឌ្ឍនៅតំបន់អង្គរនេះ គឺជាអាជ្ញាធរពាក់ព័ន្ធចាប់​ពីថ្នាក់ ក្រោមជាតិ រហូតដល់ថ្នាក់ជាតិតែងតែ​ចុះមកគិតគូរផ្តល់កម្លាំងចិត្តដល់ពលរដ្ឋ​ជារឿយៗ​ផងដែរ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ