ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ានី ចុះពិនិត្យ​សកម្មភាព​ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…

ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

​ក្នុងដំណើរបំពេញបេសកកម្មពិនិត្យការស្ថាបនាផ្លូវ៣៨ខ្សែ នាឱកាសនោះ លោក ហ៊ុន ម៉ានី បានបង្ហាញនូវចំណាប់អារម្មណ៍លើគេហទំព័រហ្វេសប៊ុកថា «ទិដ្ឋភាពនៃការ​សាង់សង់ផ្លូវនេះ បានសបញ្ជាក់ថា ទោះបីជាពិភពលោក កំពុងជួបវិបត្តិនៃការរីក​រាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់​ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ​។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះ គឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរ​ មកកាន់ខេត្តសៀមរាប ក្រោយវិបត្តិកូវីដ១៩»។  

​រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ផ្លូវទាំង ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង​ទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់​ផ្លូវទាំង ៣៨ខ្សែនេះ​។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និង ការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ ។    

ក្រោយពីបញ្ចប់ការស្ថាបនា​  គម្រោងនេះ នឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់​ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជម្រុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ  ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

​គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល ​បានបញ្ចប់​គម្រោងសាងសង់ផ្លូវ​ នៅទីរួមខេត្តព្រះសីហនុ​៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ