ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុ​ន សុធា និយាយ​លែង​ចេញ ​ក្រោយ​ពី​ធ្លាក់​​មក​នៅ​ត្រឹម​ជា​ម្ចាស់​ជើងឯក​រង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម ជើង​ខ្លាំង​ប្រចាំ​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​តំណែង​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​កម្ពុជា សង្វៀន​គុន​ខ្មែរ រដូវ​កាល​ទី​៥ (Champion Of…

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម ជើង​ខ្លាំង​ប្រចាំ​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​តំណែង​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​កម្ពុជា សង្វៀន​គុន​ខ្មែរ រដូវ​កាល​ទី​៥ (Champion Of Champion) បន្ទាប់​ពី​យកឈ្នះ​គូប្រកួត​(​ប៊ុ​ន សុធា​)​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ មក​រា​ឆ្នាំ​២០២១​។

ការ​ប្រកួត​ដែល​លទ្ធផល​ចុង​ក្រោយ​ធ្វើ​ឱ្យ​ប៊ុ​ន សុធា និយាយ​លែង​ចេញ​បាន​ត្រឹមតែ​គ្រវីក្បាល​បញ្ជាក់​ពី​ការ​មិន​អស់ចិត្ត​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ដោយសារ​តែ​កីឡាករ​ដែល​ជា​បងប្អូន​ធម៌​នឹង​គ្នា​ទាំង​ពីរ​វាយ​សម្រុក​ដាក់​គ្នា​មិន​សំចៃ​កម្លាំង​ដើម្បី​ដណ្ដើម​តំណែង​ជើងឯក​និង​ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់ ។

បើ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​ជាង​មួយ​ខែ​មុន​ដោយ​​កាល​ណោះ ប៊ុ​ន សុធា ធ្លាប់​វាយ​ឱ្យ​បឺត សង្ឃឹម សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤​។ ដូច្នេះ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ​គ្មាន​អ្នក​ណា​ជឿ​ថា បឺត សង្ឃឹម នឹង​អាច​ឈ្នះ​នោះ​ទេ ។ ចំណែក​លោក បឺត សំខាន់ ដែល​ត្រូវជា​គ្រូបង្វឹក​វិញ​នោះ ក៏​បាន​ធ្លោយមាត់​និយាយ​តាំងពី​មុន​ឡើង​សង្វៀន​ប្រកួត​ថា រឿង​ចាញ់​ឈ្នះ​លោក​មិន​ហ៊ាន​និយាយ​ទេ ដោយសារ​ភាគី​ម្ខាង​ទៀត​ក៏​ខ្លាំង​មិន​ធម្មតា សំខាន់​ចាំ​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​ទៅ ។

ក្រឡេក​មើល​ការ​ប្រកួត​ឯណោះ​វិញ ប៊ុ​ន សុធា ដែល​ធ្លាប់​ផ្ដួល​បឺត សង្ឃឹម ឱ្យ​សន្លប់​រួច​ម្ដងនោះ គ្រាន់តែ​ចាប់ផ្ដើម​ទឹក​ទី​១​ភ្លាម គេ​សម្រុក​ចូលចាប់​ក្រៀក​វាយ​ជង្គង់​ទៅ​លើ បឺត សង្ឃឹម ផ្ទួន​ៗ​ដោយ​គ្មាន​ញញើត​បន្តិច​ណា​ឡើយ​។

ម្យ៉ាងវិញទៀត ដោយសារ​តែ​គេ​មាន​ប្រៀប​ខាង​កម្ពស់​ស្រាប់​ផង​នោះ គេ​កាន់តែ​មាន​ទំនុក​ចិត្ត​​យ៉ាងច្រើន​ក្នុង​ការ​យកឈ្នះ​លើ​ការ​ប្រកួត​លើក​នេះ ។ ទោះបី​យ៉ាងណា​សម្រាប់​ការ​ប្រកួត​៤​ទឹក​ពេញ លទ្ធផល​គឺ​មាន​ប្រៀប​ប្រហាក់ប្រហែល​គ្នា ។ ចូល​ដល់​ទឹក​ទី​៥ ប៊ុ​ន សុធា នៅ​តែ​​សម្រុក​ចូល​ដើម្បី​ចាប់​ក្រៀក​វាយ​ជង្គង់​បន្ថែម ប៉ុន្តែ​រាល់ពេល​ចូ​លៀ្​ក​មិន​ត្រឹមតែ​មិន​អាច​ធ្វើ​អ្វី​បឺត សង្ឃឹម​បាន​នោះ​ទេ តែ​បែរជា​ត្រូវ​បឺត សង្ឃឹម​ម៉ាត់​ចូល​មុខ​ពេញ​ៗ​ជា​ច្រើន​ដៃ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​គណៈកម្មការ​រៀបចំ​បាន​ប្រកាស​ឱ្យ​បឺ សង្ឃឹម ឈ្នះ​ពិន្ទុ​ក្នុង​លទ្ធផល​មិន​ឯកច្ឆ័ន្ទ​៣​ទល់​២​។

តាម​រយៈ​លទ្ធផល​នេះ​ធ្វើ​ឱ្យ​ប៊ុ​ន សុធា មិន​អាច​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត បាន​ត្រឹមតែ​និយាយ​ថា​«​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​នោះ​ទេ​»​។ ចំណែក​បឺត សង្ឃឹម​វិញ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​រហូត​ដល់​ស្រក់​ទឹកភ្នែក ដោយ​គេ​បាន​និយាយ​ថា «​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​មាន​ឱកាស​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ជើងឯក​ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន​៦​ពាន់​ដុល្លារ ខណៈ​ជើងឯក​រង​បាន​ត្រឹមតែ​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ