បុរសម្នាក់ មកពីភ្នំពេញ លួចគាស់​ផ្ទះគេ ត្រូវប៉ូលិសចាប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ មកពីភ្នំពេញ លួចគាស់​ផ្ទះគេ ត្រូវប៉ូលិសចាប់

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប៖ បុរសម្នាក់ មកពីភ្នំពេញ​ មកលេងផ្ទះនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយបានជិះម៉ូតូមកស្រុកប្រាសាទបាគង ឃើញផ្ទះចាក់សោរចោល ឱកាសល្អ លួចចូលគាស់ផ្ទះគេ…

ខេត្តសៀមរាប៖ បុរសម្នាក់ មកពីភ្នំពេញ​ មកលេងផ្ទះនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយបានជិះម៉ូតូមកស្រុកប្រាសាទបាគង ឃើញផ្ទះចាក់សោរចោល ឱកាសល្អ លួចចូលគាស់ផ្ទះគេ យកទ្រព្យសម្បត្តិ។ ប៉ុន្តែ​ប៉ូលិសស្រុក បាន​ចាប់ខ្លួន​បុរសនោះ បញ្ជូន​ទៅតុលាការ។

ហេតុការណ៍ គាស់បង្អួចផ្ទះគេ ចូលលួចទ្រព្យសម្បត្តិនេះ បានកើតឡើង នៅវេលាម៉ោង ០៩ និង ៣០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិស្វាយ​ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថ​កិ​ច្ច​​ស្រុក​ប្រាសាទ​បាគង បាន​ឲ្យ​ដឹង​​ថា ជ​ន​រ​ង​គ្រោះ​ ដែល​ជា​ម្ចាស់​ផ្ទះ​ មាន​ឈ្មោះ ​ឆេង សារ៉េត ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។ សម្ភារៈ ដែល​បានបាត់បង់ រួមមាន៖ ទូរទស្សន៍មួយគ្រឿង រូបចាក់មួយផ្ទាំង និងទូរស័ព្ទដៃ ១ គ្រឿង។

សមត្ថកិច្ច​ បាន​បញ្ជាក់​ថា ​បន្ទាប់ពី​មានករណីនេះ និង​មានពាក្យបណ្ដឹងរបស់​ជនរងគ្រោះប៉ូលិសស្រុកប្រាសាទ​បាគង និង​កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការខេត្តសៀមរាប រួមជាមួយ​ប្រជាការពារភូមិ បាន​ដេញស្ទាក់ចាប់​បានជនសង្ស័យភ្លាមៗ នៅចំណុចភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ប៉ូលិសបានដកហូត​ ម៉ូតូ ១គ្រឿង ម៉ាក nex ពណ៌ស គ្មានស្លាកលេខ រួចយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ហើយរៀបចំកសាងសំណុំ​រឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

​ប្រភពបានបញ្ជាក់ទៀតថា ជនសង្ស័យ ឈ្មោះ តែ ម៉េងសួង ហៅ ញ៉ាញ់ អាយុ ២៩ឆ្នាំ រស់នៅ​ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

​​ជន​​សង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទ​បាគង រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលា​ការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕ ដោយ៖ ច័ន្ទ រស្មី