ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូតថៃ កោតសរសើរ និងអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងកូវីដ-១៩ បានយ៉ាងល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃ…

រាជធានីភ្នំពេញ៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ​កាលពីថ្ងៃសុក្រ ​ទី២២ ខែមករា ឆ្នាំ២០២១។

លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងអំពីចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធរវាងកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត​ចំណងសាមគ្គីភាព សុខសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរ នឹងកាន់តែស្អិតរមួត រឹងមាំថែមទៀត។

លោកបណ្ឌិត ក៏បានជម្រាបជូនឯកអគ្គរាជទូតថៃ អំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខមួយ ជាប្រទេសគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតលើពិភពលោក ដោយរំពឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា-ថៃ នឹងបើកច្រកព្រំដែនឡើងវិញដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ ឬតាមរយៈការរៀបចំជាកញ្ចប់ទស្សនកិច្ចកម្ពុជា-ថៃ ដោយអនុវត្តយន្តការ​សុវត្ថិភាពនៃការធ្វើដំណើរ (Travel Bubble) ដែលជាការធ្វើដំណើរតាមបែបគន្លងថ្មី។

នាឱកាសនោះ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានសម្តែងការកោតសរសើរ និងអបអរចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងកូវីដ-១៩ បានយ៉ាងល្អ ដែលលោកផ្ទាល់ ក៏ដូចជាមន្ត្រីស្ថានទូត និងប្រជាពលរដ្ឋថៃ ដែលកំពុងស្នាក់នៅ​កម្ពុជាទាំងអស់ មានភាពកក់ក្តៅបំផុត។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខ​សន្តិភាពពេញលេញ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការរក្សាបាន​នូវចំណងមិត្តភាពរវាងរដ្ឋ និងរដ្ឋ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ក្នុងនាមស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល​មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោ សែន បានស្នើឱ្យភាគីថៃ បន្តជួយសម្រួល​ថ្លៃសេវា និងបែបបទផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក ទៅធ្វើការងារ​នៅ​ប្រទេសថៃ ក្នុងពេលដែលពួកគាត់ កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩​។

ជាចុងក្រោយ ឯកអគ្គរាជទូតថៃ បានសន្យា នឹងនាំយកសំណើនេះ ជូនរាជរដ្ឋាភិបាល​ថៃ ពិនិត្យ ហើយឯកឧត្តម នឹងបន្តខិតខំពង្រឹងទំនាក់​ទំនងរវាងកម្ពុជា-ថៃ ឱ្យកាន់តែ​ជិតស្និទ្ធ​ថែមទៀត៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ