ត្រីប៉ាសេអ៊ី ដែលកាន់តែខ្សត់ទៅៗ ១គីឡូថ្លៃ១០០ដុល្លារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រីប៉ាសេអ៊ី ដែលកាន់តែខ្សត់ទៅៗ ១គីឡូថ្លៃ១០០ដុល្លារ

1 ខែ មុន
  • Phnom Penh

អាជ្ញាធរខេត្តស្ទឹងត្រែងបានឲ្យដឹងថា ត្រីប៉ាសេអ៊ីដែលមាននៅក្នុងខេត្តនេះ មានតម្លៃខ្ពស់ប៉ុន្តែទិន្និផលប្រភេទត្រីនេះ និងត្រីដទៃទៀត​បាន​ធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ លោក ឈាង ឡាក់ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់…

អាជ្ញាធរខេត្តស្ទឹងត្រែងបានឲ្យដឹងថា ត្រីប៉ាសេអ៊ីដែលមាននៅក្នុងខេត្តនេះ មានតម្លៃខ្ពស់ប៉ុន្តែទិន្និផលប្រភេទត្រីនេះ និងត្រីដទៃទៀត​បាន​ធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។

លោក ឈាង ឡាក់ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង ដែលរៀបចំឡើងដោយអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា បរិមាណផលនេ​សាទត្រីទន្លេនៅក្នុងខេត្តរបស់លោក មានការថយចុះ ដោយសារតែការប្រែប្រួលអាកាសធាតុ។

លោកប្រធានក្រុមប្រឹក្សាភិបាលខេត្តស្ទឹងត្រែងថា ត្រីប៉ាសេអ៊ី ដែលមានទម្ងន់ចាប់ពី១គី​ឡូក្រាមឡើង មានតម្លៃប្រមាណ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ប៉ុន្តែទិន្នផលប្រភេទត្រីនេះបានធ្លាក់ចុះ។ លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ផលនេសាទត្រីចម្រុះ នៅខេត្តស្ទឹងត្រែង មានចំនួនជាង ៥ ៤០០តោន ហើយនៅក្នុងឆ្នាំ២០២០ ផលនេសាទបានត្រឹមតែ ជាង ៣ ៥០០តោនតែប៉ុណ្ណោះ ដែលចំនួននេះ ធ្លាក់ចុះប្រមាណ៣៥% បើធៀបនឹងឆ្នាំ២០១៩។

ប្រជាពលរដ្ឋមួយចំនួននិងអ្នកការពារបរិស្ថានថាការធ្លាក់ចុះបរិមាណត្រីតាមដងទន្លេមេគង្គដោយសារតែការសាងសង់ទំបន់វារីអគ្គិសនីតាមដៃនិងតួទន្លេមេគង្គ នៅតាមបណ្តាលប្រទេសដែលទន្លេនេះហូរកាត់។

អ្នកលក់ត្រីនៅក្នុងផ្សារខេត្តស្ទឹងត្រែងបាននិយាយថាប្រភេទត្រីប៉ាសេអ៊ី ដែលមានទំហំធំចាប់ពី១គីឡូក្រាមឡើងទៅមានរស់ជាតិឆ្ងាញ់ សាច់ផ្អែម។ អ្នកលក់ថាត្រីប្រភេទនេះបើទំហំកាន់តែធំកាន់តែបានតម្លៃខ្ពស់ ប៉ុន្តែឆ្នាំនេះអ្នកនេសាទកម្រអ្នកនេសាទបានត្រីប៉ាសេអ៊ីណាស់។  

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងកាលពីមុននេះ ផលិតកម្មជលផល ក្នុងឆ្នាំ២០២០ មានតម្លៃសរុប ចំនូន ១ ៨៧២ ៦០០ ០០០ ដុល្លារ តម្លៃសរុបនៃការនាំចេញផលិតផលជលផលមាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារ ហើយបរិមាណផល ផលិតផលទឹកសាប ចំនួន ៤១៣ ២០០ តោន ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន។

កម្ពុជាបានកំពុងជំរុញការងារវារីវប្បកម្មគឺការចិញ្ចឹមត្រីនិងសត្វមួយចំនួន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុកខណៈដែលគេបានមើលឃើញជាទូទៅថា ទិន្នផលត្រីធម្មជាតិបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ ការងារវារីវប្បធម៌នៅ​កម្ពុជា​ប្រឈមនឹងការនាំចូលត្រីនិងផលិតផលផ្សេងទៀតពីប្រទេសជិតខាងផងដែរ៕