ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ប្រគល់​ផ្ទះ​ចំនួន​៨​ខ្នង ជូន​អតីត​យុទ្ធ​ជន​ចំនួន​៨​គ្រួសារ​នៅ​ស្រុក​ឯក​ភ្នំ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០២១​នេះ…

ខេត្តបាត់ដំបង ៖ លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០២១​នេះ បាន​ចុះ​ប្រគល់​ផ្ទះ​ចំនួន​៨​ខ្នង ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​អតីត​យុទ្ធ​ជន​ចំនួន​៨​គ្រួសារ នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​មាន​ជីវភាព​ខ្វះខាត​។ ពិធី​ប្រគល់​ផ្ទះ​នេះ ក៏​មានការ​ចូលរួម​ពី​លោក អ៊ុ​ក ខ្នួច អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ថ្នាក់ដឹកនាំ ស​.​អ​.​ក ខេត្ត​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម បាន​លើក​ឡើង​ពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​ទាំង​ពីរ លើ​សុខទុក្ខ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​សមាជិក​អតីត​យុទ្ធ​ជន​កម្ពុជា មិន​ដែល​ភ្លេច​ឡើយ ហេតុនេះ​បងប្អូន​ដែល​ទទួល​បាន​ផ្ទះ​របស់​សម្តេច ហ៊ុន សែន ត្រូវ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ខ្លួន ព្រោះ​មាន​លំនឹង​ហើយ​បន្ទាប់​ពី​បាន​ទទួល​ផ្ទះ​នេះ​។ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង ត្រូវ​គ្រប់គ្រង​សមាជិក ស​.​អ​.​ក ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ពេល​មាន​បញ្ហា​អ្វីមួយ​ត្រូវ​ជួយ​ដោះស្រាយ​ជូន​ភា្ល​ម ហើយ​ត្រូវ​ជំរុញ​ការ​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​បន្ត​ធ្វើ​ផ្ទះ​អំណោយ​របស់​សម្តេច ឲ្យ​រួច​តាម​ផែនការ​ដើម្បី​ប្រគល់​ជូន​សមាជិក​បាន​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ លោក ដែង ផៃ ជា​ជន​ពិការ​តំណាង​បងប្អូន​ទាំង​៨​គ្រួសារ បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​ទាំង​ពីរ ដែល​ផ្ដល់​ផ្ទះ​ជូន​ពួក​គាត់ និង​ប្តេជ្ញា​គោរព និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច ប្រឆាំង​ដាច់ខាត​ការ​ប៉ុនប៉ង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ បើ​ទោះបីជា​ពួក​គាត់​ចូល​និវត្តន៍​ហើយ​ក៏​ដោយ​។ សូម​បញ្ជាក់​ថា ក្នុង​ឱកាស​នេះ​ក្រៅ​តែ​ពី​ការ​ប្រគល់​ផ្ទះ​ចំនួន​៨​ខ្នង​ហើយ​នោះ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​ផ្តល់​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ផង​ដែរ​។ គ្រួសារ​នីមួយ​ៗ ទទួល​បាន​៖ ថវិកា ២០០,០០០​រៀល​,​គ្រែ ០១, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ ០១​យួរ​, ឆ្នាំង ចាន មុង ០១, ផួយ ០១, កន្ទេល ០១​។

ដោយឡែក​អតីត​យុទ្ធ​ជន​រស់នៅ​ក្បែរ​ខាង ដែល​បាន​ចូលរួម​អបអរសាទរ​ចំនួន ៣០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០,០០០​រៀល និង​សារុង ០១​ផង​ដែរ​។ បន្ទាប់​ពី​ចប់​កម្មវិធី​ប្រគល់​ផ្ទះ លោក​ទេស​រដ្ឋមន្ត្រី​បាន​ចូលរួម​គោរព​វិ​ញ្ញា​ក្ខ​ន្ធ និង​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤​លាន​រៀល និង​ថវិការ​ផ្ទាល់​របស់​ឯកឧត្តម​ចំនួន​៣០០​ដុល្លារ ព្រមទាំង​ថវិកា​ថ្នាក់ដឹកនាំ ស​.​អ​.​ក ៥៧​ម៉ឺន​រៀល ជូន​ដល់​គ្រួសារ​សព​សមាជិក ស​.​អ​.​ក ឈ្មោះ ឈុត ចំរើន ភេទ​ស្រី ជា​និវត្តន៍​ជន នៅ​ភូមិ​ព្រែក​នរិន្ទ ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ក្នុង​ជ​ន្នា​យុ ៧៤ ឆ្នាំ ដោយ​រោគាពាធ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ