បាត់ដំបង ប្រគល់សាលារៀន ដែលធ្វើមណ្ឌលចត្តាឡីស័ក ឲ្យសិស្សចូលរៀនវិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បាត់ដំបង ប្រគល់សាលារៀន ដែលធ្វើមណ្ឌលចត្តាឡីស័ក ឲ្យសិស្សចូលរៀនវិញ

1 ខែ មុន
  • Battambang

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំ​សាលាខេត្ត លោក ងួន រតនៈ ​អភិបាលខេត្តបាត់ដំបង…

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំ​សាលាខេត្ត លោក ងួន រតនៈ ​អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបកិច្ចការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌល​ចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី​លោក​អភិបាល អភិបាលរង ក្រុង ស្រុក លោក​អនុប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកទាំង ៣ ជាប់ព្រំដែន រួមមាន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពិនិត្យទីតាំងសាលារៀន ដែលជាមណ្ឌលចត្តាឡីស័ក ហើយត្រូវយកទីតាំងមណ្ឌលចត្តាឡីស័កណាមួយ ច្របាច់បញ្ចូលគ្នា និងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបើកដំណើរការសិក្សាឡើងវិញផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់​ថា មណ្ឌលចត្តឡីស័កក្រុង ស្រុកមួយចំនួន បាន​លាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងបានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនវិញហើយ រួមមាន ៖ មណ្ឌលចត្តាឡីស័កក្រុងបាត់ដំ បង( វិទ្យាល័យព្រះមុន្នីវង្ស) មណ្ឌលចត្តាឡីស័កស្រុកថ្មគោល (វិទ្យាល័យជ្រៃ) និងមណ្ឌលចត្តាឡីស័កស្រុកសង្កែ (វិទ្យាល័យអន្លង់វិល)​។


លោកបានបន្ថែមថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពលករ ដែ​ល​វិលត្រឡប់ពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក សរុបប្រមាណ ៣០៧៩នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ១៧១០នាក់ បញ្ជូនទៅបណ្តាខេត្តផ្សេងៗ ៣១៩នាក់ នៅសល់ក្នុងមណ្ឌលចត្តាឡីស័ក ១០៥០នាក់។ ចំណែក​ករណីកើតជំងឺកូវីដ១៩​ថ្មី ចំពោះពលករ នៅខេត្តបាត់ដំបង មាន​សរុប ១៧នាក់ ជាសះស្បើយចំនួន ៧ នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកខេត្ត ចំនួន ១០ នាក់​ ៕ ដោយ៖ ហួត សុងហាក់