ខេត្តកំពង់ចាម ៖ «ដោយសារតែកត្តាសាមគ្គីពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីប្រជាពលរដ្ឋ បានធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលជោគជ័យ ដោយមិនឆ្លងចូលក្នុងសហគមន៍» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៦.៥៥០ម៉ែត្រ នាព្រឹកថ្ងៃទី២២ មករា ២០២១ នៅសាលាបឋមសិក្សាកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
រួមនឹងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលកៅស៊ូប្រភេទACចំនួន៥ខ្សែ ប្រវែង៥.២៥៥ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមាន ប្រសាសន៍ឲ្យដឹងថា សូមបញ្ជាក់ថាជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅក្នុងអំឡុងខែមីនា កន្លងទៅដោយមានកាណូតទេសចរណ៍ដឹកអ្នកទេសចរចម្រុះជាតិសាសន៍នៅជិតអតីតកំពុងសាឡាងចាស់ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្នុងគ្រានោះអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញបន្តបន្ទាប់។ ក្រោមកិច្ចសហការជាមួយជំនាញសុខាភិបាលអ្នកនៅលើកាណូតទាំងអស់ត្រូវបាននាំយកមកធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គមាត់ទន្លេ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមាន ប្រសាសន៍បន្តថា កន្លែងធ្វើចត្តាទ្បីស័កគឺមានចំនួន២កន្លែងក្នុងនោះនៅសណ្ឋាគារមេគង្គ និងគរុកោលសល្យខេត្តកំពង់ចាម ដែលចំនួនសរុបមានរហូតដល់ជិត ១.០០០គ្រែឯណោះ ដែលត្រូវបានត្រៀមបម្រុងទុក។ ជាមួយនោះអាជ្ញាធរខេត្តបានប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តសហការជាមួយនឹងស្ថាប័នជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃបានចាក់មេក្រូផ្សព្វផ្សាយពីសារអប់រំរបស់ក្រសួងសុខាភិបាលដើម្បីបញ្ជ្រាបទៅដល់ស្រទាប់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងគ្រប់ៗគ្នា។
រហូតមកដល់ពេលនេះអាជ្ញាធរខេត្តនៅតែមានវិធានការឱ្យប្រជាពលរដ្ឋចូលរួមគោរព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយនៅក្នុងខេត្តកំពង់ចាមគឺមិនមានករណីជំងឺកូវីដ-១៩ឆ្លងចូលក្នុងសហគមន៍នោះទេ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា ផ្លូវដែលត្រូវបើកការដ្ឋាននេះគឺចាប់ពីចំណុចមុខសាលាបឋមសិក្សាបឹងបាសាក់ បន្តរហូតដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ដែលគ្រោងចំណាយថវិកាសរុបជាង២លានដុល្លារ ផ្លូវមានទទឹង៧ម៉ែត្រ និងចំណីសងខាងផ្លូវ២ម៉ែត្រ ដោយរយៈពេលយ៉ាងយូរ៦ខែផ្លូវនេះនឹងស្ថាបនារួច។ ផ្លូវមួយខ្សែនេះគឺប្រជាពលរដ្ឋបានទន្ទឹងរងចាំជាច្រើនឆ្នាំមកហើយ ដូច្នេះពេលខាងមុខបានផ្លូវល្អហើយសូមនាំគ្នាជួយថែរក្សាហើយ និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍៕ ដោយ ៖ យ៉ាន់ ចាន់ថេត