នៅពេលបាត់បង់ការងារពីវិស័យទេសចរណ៍ អ្នកធ្លាប់ធ្វើការនៅក្នុងឧស្សាហកម្មគ្មានផ្សែងនេះ បានទៅប្រកបការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត ខ្លះទៅធ្វើស្រែចម្ការ ខ្លះលក់របស់របរតាមអនឡាញ ខ្លះទៅរៀនសូត្រខាងគ្រូទាយ លក់នំ លក់បន្លែជាដើម។ អ្នកជំនាញបានបារម្ភថា ពួកគាត់ដែលមានបទពិសោធន៍ និងធ្លាប់មានការបណ្តុះបណ្តាលពីវិស័យទេសចរណ៍ហើយនោះ នឹងមិនវិលចូលធ្វើការងារក្នុងវិស័យនេះវិញទេ នាពេលអនាត។ ការព្រួយបារម្ភនេះ បានកើតមានដោយសារតែធនធានមនុស្សក្នុងវិស័យនេះ កំពុងតែខ្វះខាតផង នៅពេលវិស័យទេសចរណ៍មានសកម្មភាពពេញលេញនោះ។
លោក ម៉ៅ ធ្លាប់ជាអ្នកនាំភ្ញៀវទេសចរណ៍ម្នាក់នៅខេត្តសៀមរាប។ លោកបាននិយាយថាមុនក្លាយជាមគ្គទេសក៍ទេសចរណ៍ លោកបានចូលរៀនវគ្គបណ្តុះបណ្តាលត្រឹមត្រូវនៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្នលោកបានចាប់អាជីពជាជាងថតរូបនៅមុខអង្គរវត្តនិងផលិតវីដេអូឌីថល ផ្សព្វផ្សាយតាមបណ្តាញសង្គម គ្រាន់បានចំណូលខ្លះចិញ្ចឹមជីវិត នៅពេលគ្មានអ្នកទេសចរបរទេសចូលមកទស្សនាកម្ពុជា ពេលជំងឺកូវីដ១៩រាតត្បាតនេះ។
បុរសដែលមានកូនពីររូបនេះនិយាយថា មិត្តភក្តិរបស់លោកជាច្រើននាក់ខ្លះបានទៅធ្វើស្រែ ខ្លះទៅចិញ្ចឹមត្រី នៅភូមិស្រុករបស់គេរៀងៗខ្លួន ហើយមួយចំនួនទៀតនៅស្វែងរកការងារធ្វើលើទឹកដីអង្ករ រងចំាភ្ញៀវទេសចរបរទេសចូលមកកម្ពុជាវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគាត់ ហាក់នៅវែងឆ្ងាយទៀត។
លោកមិនដឹងថាពួកគេទំាងនោះនឹងវិលមកបម្រើវិស័យទេសចរណ៍វិញឬយ៉ាងណានោះទេ។ “ចំពោះខ្ញុំ ខ្ញុំនឹងវិលទៅបម្រើការងារជាអ្នកនាំភ្ញៀវិញ ពីប្រោះនេះជាការចូលចិត្តរបស់ខ្ញុំ។ តែខ្ញុំហាក់អស់សង្ឃឹមណាស់ ទំនងយើងត្រូវការពេលវេលាយូរទៀតទើបមានទេសចរបរទេសគេចូលមកកម្ពុជាវិញ ។ ទោះជាកូវីដ១៩អាចធូរស្រាលក្នុងពេលឆាប់ៗនេះ ដោយសារមានវ៉ាក់សំាងក្តី តែមនុស្សគ្រប់គ្នាប៉ះពាល់សេដ្ឋកិច្ច ដូច្នេះមិនអាចដើរលេងធ្លាប់ៗទេ គេត្រូវការពេលវេលាស្តារសេដ្ឋកិច្ចគ្រួសារគេសិនដែរ ទើបអាចដើរលេងដូចដើមវិញនោះ”លោកម៉ៅបញ្ជាក់។
ជាក្រុមហ៊ុនភ្នាក់ងារទេចរណ៍មួយនៅភ្នំពេញ នាយកក្រុមគ្រប់គ្រងក្រុមហ៊ុននោះថា បុគ្គលិកគាត់ ៤០នាក់បានបាត់បង់ការងារជាង១ឆ្នាំមកហើយ។ និយាយក្នុងលក្ខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា ប្រធានក្រុមហ៊ុនរូបនេះថា លោកដឹងថាអតីតបុគ្គលិករបស់លោកពួកគេជួបការលំបាកនៅក្នុងជីវភាពជាខ្លំាង នៅពេលអត់ការងារធ្វើនេះ ពួកគេបានជាប់បំណុលគេដោយត្រូវបង់រំលោះផ្ទះ បង់រំលោះរថយន្ត និងបន្ទុកចំណាយលើកូនៗជាដើម។ លោកថាលោកបានឲ្យបុគ្គលិកឆ្លាស់វេនគ្នាមកធ្វការ២០នាក់ម្តង ២០នាក់ម្តងបានបីខែ កាលពីដើមឆ្នាំ២០២០ ដោយទទួលបានប្រាក់បៀវត្ស៥០% ប៉ុន្តែក្រោយមកលោកមិនអាចជួយរយៈពេលវែងបាន គឺបានផ្អាកការងារពួកគេទំាងស្រុងតែម្តងចាប់ពីខែមេសាឆ្នាំ២០២០មក។
លោកថាពេលនេះ បុគ្គលិករបស់លោកទំាងនោះខ្លះលក់ដូរតាមអណាឡាញ ខ្លះនៅផ្ទះមើលកូនៗ ហើយខ្លះទៀតចិញ្ចឹមត្រី។ លោកទទួលស្គាល់បុគ្គលិករបស់ទំាងនោះគេមានបទពិសោធន៍និងរៀនសូត្រច្រើនពីវិស័យទេសចរណ៍។ “ខ្ញុំមិនដឹងថាពួកគេនឹងវិលមកធ្វើវិញឬយ៉ាងណាទេ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនខ្ញុំនឹងបើកក្នុងពេលឆាប់ៗនេះ ហើយបុគ្គលិកដែលគេស្រឡាញ់អាជីពនេះ គេនឹងវិលមកធ្វើការវិញ ខ្ញុំស្វាគមន៍ពូកគេជានិច្ច”។
វិបត្តិជំងឺកូវីដ១៩ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ធ្វើឲ្យបុគ្គលិកបម្រើការងារនៅក្នុងឧស្សាហកម្មគ្មានផ្សែងនេះជាច្រើនបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ប្រមាណជារយៈពេល១ឆ្នាំមកហើយ។ យ៉ាងហោចណាស់ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាង៩០%នៅកម្ពុជា បានផ្អាកដំណើរការ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។ បុគ្គលិក កម្មករ នៅក្នុងវិស័យសេវាកម្មទេសចរណ៍ ជាង៥ម៉ឺននាក់ បានបាត់បង់ការងារ។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះថា គួរត្រូវបង្កើតឡើងជាបន្ទាន់ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ដែលបាននិងកំពុងទទួលរងគ្រោះ ១ឆ្នាំមកហើយនោះ។
លោកស្រីបានបញ្ជាក់ថា ម្ចាស់សហគ្រាសអស់លទ្ធភាពក្នុងការជួយទំនុកបំរុងដល់បុគ្គលិកហើយ ជាពិសេសទីភ្នាក់ងារទេសចរណ៍ អ្នកជំនាញទេសចរណ៍ បានកំពុងប្រវេប្រវារកការងារផ្សេងៗដោយមិនប្រកាន់ជំនាញដូចជា អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ បុកល្ហុងលក់តាមអនឡាញ រៀនធ្វើគ្រូទាយ លក់នំ លក់បន្លែ ជួយលក់ដីឡូពុះ ធ្វើចំការ និងកាងារសំណង់ជាដើម។
“អ្នកជំនាញទាំងនេះ សុទ្ធតែបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធ៍រាប់សិបឆ្នាំមកហើយ យើងមានក្តីបារម្មណ៍ខ្លាំងណាស់ ខណៈដែលអ្នកជំនាញរបស់យើងបានផ្លាស់ប្តូរអាជីពដែលចាកឆ្ងាយពីជំនាញរបស់គាត់ វិស័យនេះនឹងត្រូវប្រឈមនិងកង្វះខាតធនធានមនុស្សនៅពេលដែលស្ថានការត្រូវបានស្តារឡើងវិញ”នេះជាក្តីបារម្ភរបស់ប្រធានសមាគមទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍បានកំពុងស្តារឧស្សាហកម្មគ្មានផ្សេងនៅកម្ពុជាឡើងវិញ ដោយបានបង្កើតព្រឹត្តិការណ៍នានា និងពង្រឹងវិស័យទេសចរណ៍សហគមន៍ ហើយហេដ្ឋាចរនាសម្ព័ន្ធបម្រើដល់វិស័ទេសចរណ៍ជាច្រើនបានកំពុងកែលម្អរ ដូចជានៅរមណីដ្ឋានអង្គរជាដើម ជាការត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍អ្នកទេសចរ នៅក្រោយពេលវិបត្តកូវីដ១៩បញ្ចប់ទៅនោះ។ ក្រសួង ក៍បានកំពុងបើកវគ្គបណ្តុះបណ្តាផ្សេងក្នុងវិស័យទេសចរណ៍នេះដែរ ដូចជាការសិក្សាភាសាចិនជាដើមនោះ៕
ចែករំលែកព័តមាននេះ