ប្រទេសឥណ្ឌា ៖ អគ្គិភ័យមួយបានកើតឡើងនាថ្ងៃទី២១ មករា ២០២១នេះ នៅឯអគារវិទ្យាស្ថានសេរ៉ូម Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែការផលិតវ៉ាក់សាំងការពារ COVID-19 នឹងមិនប៉ះពាល់ឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយនៅយប់ថ្ងៃទី២១ មករានេះ ។
បើតាមមន្ត្រីពន្លត់អគ្គីភ័យក្នុងទីក្រុង Pune ភាគខាងត្បូងរដ្ឋ Maharashtra បាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ និងទំហំ នៃការខូចខាត នៅពុំទាន់ដឹងច្បាស់នៅឡើយទេ ។
លោក Prashant Ranpise មន្ត្រីពន្លត់អគ្គិភ័យ ដែលកំពុងប្រតិបត្តិការជួយសង្គ្រោះ បាននិយាយថា “យើងបានជួយសង្គ្រោះមនុស្ស ៣នាក់ ចេញពីអគារ ហើយមិនមានអ្នកស្លាប់ ឬរបួសឡើយ” ។
ក្រុមហ៊ុនផលិតវ៉ាក់សាំង ក៏បាននិយាយដែរថា អគ្គិភ័យនេះបានឆាបឆេះនៅកន្លែងថ្មី ដែលខ្លួនកំពុងសាងសង់ដើម្បីបង្កើនការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ។ យ៉ាងណាអគ្គិភ័យនេះ មិនប៉ះពាល់ដល់គ្រឿងបរិក្ខារ ដែលមានស្រាប់ ក្នុងការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ឬឃ្លាំងស្តុកវ៉ាក់សាំងជំងឺដទៃ ប្រហែល ៥០លានដូស នោះឡើយ ។
លោក Adar Poonwala នាយកប្រតិបត្តិ បានអោយដឹងថា វានឹងមិនមានការខាតបង់ក្នុងការផលិតវ៉ាក់សាំងទេ ពីព្រោះក្រុមហ៊ុនមានគ្រឿងបរិក្ខារ ដែលអាចរកបានផ្សេងទៀត ។
លោក Poonawalla បានមានប្រសាសន៍បន្តថា “រហូតមកដល់ពេលនេះ អ្វីដែលសំខាន់បំផុតនោះគឺមិនមានមនុស្សណាម្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរនោះទេ បើទោះបីជាមានអាគារមួយចំនួនត្រូវបានបំផ្លាញដោយសារតែអគ្គិភ័យនេះក៏ដោយ” ។
រូបភាពបានបង្ហាញពីផ្សែងខ្មួលខ្មាញ់ចេញពីអាគារ ខណៈក្រុមពន្លត់អគ្គីភ័យ បានធ្វើការពន្លត់ភ្លើង និងកម្មករក្រុមហ៊ុនរាប់សិបនាក់ នៅក្នុងបន្ទប់មន្ទីរពិសោធន៍ បានចាកចេញពីបរិវេណនោះ ។
វិទ្យាស្ថានសេរ៉ូម Serum នៃប្រទេសឥណ្ឌា គឺជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក ហើយបានចុះកិច្ចសន្យា ផលិតវ៉ាក់សាំងពីសាកលវិទ្យាល័យ AstraZeneca / Oxford ចំនួនមួយពាន់លានដូស ។
នាយកប្រតិបត្តិលោក Adar Poonawalla ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីខែមុនថា ខ្លួនសង្ឃឹមថា នឹងបង្កើនសមត្ថភាពផលិតពី ១,៥ពាន់លានដូស ទៅ ២,៥ពាន់លានដូសក្នុងមួយឆ្នាំ នៅចុងឆ្នាំ ២០២១ ។ រោងចក្រថ្មី គឺជាផ្នែកមួយ នៃការពង្រីកដើម្បីបង្កើនការផលិតវ៉ាក់សាំង ៕
ចែករំលែកព័តមាននេះ