ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាឯកភាព និងជាអភិបាលនៃគណៈអភិបាលក្រុង រួមនឹងកងកម្លាំងទាំងបីប្រភេទមាន ៖ អធិការក្រុង អាវុធហត្ថក្រុង សឹករងក្រុង បានធ្វើពិធីសូត្រមន្តប្រោសព្រំ បណ្តេញគ្រោះឧបទ្រពចង្រៃសុំសេចក្តីសុខសប្បាយនៅតាមដងផ្លូវនៅត្រង់ចំណុចផ្លូវ៧មករា (ផ្លូវកោងចំណុចសាលាសង្កាត់ទឹកថ្លា) ដែលកន្លងមកតែងតែកើតមានគ្រោះថ្នាក់ ដោយសារតែការបើកបរមានការធ្វេសប្រហែស ព្រមទាំងបានបំពាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នចំនួន២ថែមទៀតផង។
ពិធីសូត្រមន្តប្រោសព្រំ បណ្ដេញគ្រោះឧបទ្រពនេះដែរក៏មានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អាជ្ញាធរមូលដ្ឋាន តាជីយាយជី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ម្សិលមិញ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបញ្ជាក់ប្រាប់ថា៖ ការដែលធ្វើពិធីប្រោសព្រំ ដេញគ្រោះឧបទ្រពចង្រៃនៅពេលនេះ ដោយសារតែកន្លងមកក៏ដូចជាពេលថ្មីនេះត្រង់ចំណុចធ្វើពិធី តែងតែកើតមានគ្រោះថ្នាក់ចរាចណ៍ អ្នកបើកម៉ូតូជិះឌុបគ្នា០២នាក់ បុកជាមួយរថយន្តធុនធំ បណ្តាលឲ្យស្លាប់ទាំង០២នាក់ដោយត្រង់នេះគឺជាផ្លូវកោងខ្លាំង។
លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមថា៖ កន្លងមកអាជ្ញាធរក្រុងក៏ធ្លាប់បានធ្វើពិធីនេះនៅតាមដងផ្លូវជាតិ ពិសេសកន្លែងដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីប្រោសព្រំសុំសេចក្តីសុខដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ដូចជាឧទ្ទិសកុសលផលបុណ្យជូនអ្នកដែលបានបាត់បង់ជីវិតផងដែរ។ ទន្ទឹមនឹងជាមួយនោះលោក ហ៊ឹល រ៉ាយ៉ា បានធ្វើការសំណូម ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវសម្រាប់ធ្វើដំណើរសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប់បំផុតពិសេសរាល់ការបើកបរយាន្តជំនិះផ្សេងៗត្រូវពាក់សុវត្ថិភាពដាក់កញ្ចក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ និងត្រូវពិនិត្យមើលយាន្តជំនិះឲ្យបានត្រឹមត្រូវផងដែរមុនចេញធ្វើដំណើរ។
បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ឆ្នាំ២០២០នេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៨១ករណី លើ១៩៦ ថយចុះ១១៥ករណី ស្មើ៥៩% ក្នុងនោះគ្រោះថ្នាក់ប្រភេទធ្ងន់កើតឡើងចំនួន៧៧ករណី លើ១៨៨ករណី ថយចុះ ១១១ករណី ស្មើ៥៩% , គ្រោះថ្នាក់ប្រភេទស្រាលចំនួន០៤ករណី លើ០៨ករណី ថយចុះ០៤ករណី ស្មើ៥០% ,ស្លាប់មនុស្សចំនួន៧០នាក់ ស្រី១៤នាក់,លើ១៣៤នាក់ ស្រី៣១នាក់ ថយចុះ៦៤នាក់ ស្មើ៤៨%។ របួសធ្ងន់៦៤នាក់ ស្រី២០នាក់ លើ១៥៦នាក់ ស្រី៣៣នាក់ ថយចុះ៩២នាក់ ស្មើ៥៩%។ របួសស្រាល៤៤នាក់ ស្រី១៣នាក់ លើ១២៧នាក់ ស្រី៣៩នាក់ ថយចុះ៨៣នាក់ ស្មើ៦៥%។ ជាមួយគ្នានោះដែរ ខូចខាតរថយន្តតូចធំ ម៉ូតូ និងយានជំនិះផ្សេងៗជាច្រើនគ្រឿងផងដែរ៕ ដោយ ៖ ណុប រក្សា
ចែករំលែកព័តមាននេះ