ពង្រឹងការត្រួតពិនិត្យ​មណ្ឌល​ចត្តាឡីស័ក នៅតាមព្រំដែនថៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពង្រឹងការត្រួតពិនិត្យ​មណ្ឌល​ចត្តាឡីស័ក នៅតាមព្រំដែនថៃ

1 ខែ មុន
  • Battambang

ខេត្ត​បាត់​ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ កើត មៀច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក​សាស្ត្រាចារ្យ ម៉ម…

ខេត្ត​បាត់​ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ កើត មៀច រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល​ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត ២ មណ្ឌលព្យាបាល មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងតាមមណ្ឌលចត្តាឡីស័ក​ទាំង​អស់​ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ ក្នុង​ខេត្ត​បាត់ដំបង​។ 

លោក​រដ្ឋលេខាធិការ​ បានសម្តែងការសរសើរ ចំពោះការខិតខំប្រឹងប្រែង និងសាមគ្គីភាពដ៏ល្អ រវាងថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយក​រដ្ឋមន្រ្តីកម្ពុជាបានយ៉ាងល្អហ្មត់ចត់ ហើយក៏សូមខិតខំព្យាយាម​អនុវត្តន៍ឲ្យបានល្អបន្ថែមទៀត ដើម្បីរក្សាការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការរីករាលកើនឡើង គឺមានតែការថយចុះឲ្យបានគ្រប់ទីកន្លែង។

លោករដ្ឋលេខាធិការ កើត មៀច បានផ្តាំផ្ញើបន្ថែម អោយបងប្អូនប្រជាពលរដ្ឋ និងជាពិសេស​បុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់ មេត្តាបន្ត​សហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលង​មេរោគកូវីដ១៩ តាមអនុសាសន៍ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ និងការណែនាំ​របស់ក្រសួងសុខាភិបាល និងមានការណែនាំដ៏មានសារៈសំខាន់របស់លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដើម្បីបន្តគ្រប់គ្រងការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព និងជោគជ័យ។

វិធានការរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដើម្បីពង្រឹង​ការត្រួតពិនិត្យ នៅមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែន​ថៃនេះ បានធ្វើឡើងខណៈដែល​ពលករខ្មែរ​កាន់តែច្រើនឡើងៗ ដែលបានធ្វើដំណើរ​មកពីប្រទេសថៃ។ គិតមកដល់ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មាន​ពលករខ្មែរ ធ្វើដំណើរ​មកពីប្រទេសថៃ ត្រូវបានរកឃើញ​ឆ្លងកូវីដ១៩ សរុបចំនួន ៨១នាក់។ ក្នុងនោះ អ្នករកឃើញឆ្លងកូវីដ១៩ថ្មីៗនេះ ភាគច្រើន ធ្វើតេស្តលើកទី២ ទើបរកឃើញ ពោលគឺ​នៅចុងបញ្ចប់​នៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក​ ដែលត្រូវបានរៀបចំនៅតាមខេត្តជាប់​ព្រំដែន​ថៃតែម្តង៕ ដោយ៖ ​ហួត សុងហាក់