ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក កាន់តែប្រសើរ ក្នុងអាណត្តិ​លោក ចូ បៃដិន ជាប្រធានាធិបតី​

3 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១…

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ ​បានប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅដ៏ឧត្តុង្គឧត្តម ជូន​ឯកឧត្តម Joe Biden ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាល ដែល​ឯកឧត្តម បានក្លាយជាប្រធានាធិបតី ទី៤៦ ជាផ្លូវការរបស់​សហរដ្ឋអាមេរិក​។

ក្នុង​​​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើកឡើងថា «ក្នុងឱកាស​ដ៏មហោឡារិកនៃពិធីសច្ចាប្រណិធាន ចូលកាន់តំណែង​ជាប្រធានាធិបតី ទី៤៦ របស់​សហរដ្ឋអាមេរិក ដែលបានធ្វើការបោះឆ្នោតយ៉ាងគគ្រឹក​គគ្រេង​ និងជាប្រវត្តិសាស្ត្រ ខ្ញុំ​សូមចូលរួមរីករាយអបអរសាទរ​ជូន​ឯកឧត្តម ដោយ​ស្មោះស្ម័គ្រ​ និងសូមជូនពរ​ឯកឧត្តម»​។

ព្រះករុណា ព្រះមហាក្សត្រ បន្ថែមថា «ខ្ញុំជឿជាក់ថា ឯកឧត្តម នឹង​ដឹកនាំ​ដ៏ល្អ ដោយដឹកនាំប្រជាជនអាមេរិកលើផ្លូវ​យុត្តិធម៌ សន្តិភាព ការរួបរួម និងភាពរុងរឿង​។ ក្នុងនោះ កម្ពុជា មានទំនាក់ទំនង​ដ៏យូរអង្វែង​ជាមួយសហរដ្ឋអាមេរិក ទាំង​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​នៅក្នុងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោក ជាមួយសហរដ្ឋអាមេរិក។ ខ្ញុំសូមបង្ហាញនូវការជឿជាក់ថា ទំនាក់ទំនងរវាង​ក​ម្ពុជា ​និង​សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន​ ​នៅក្នុង​អាណត្តិប្រធានាធិបតី​របស់ឯកឧត្តម»។

សូមរម្លឹកថា លោក ចូ បៃដិន បានឈ្នះការបោះឆ្នោត​ នៅសហរដ្ឋអាមេរិក ទោះបីជា​មានការតវ៉ា រហូតក្លាយជាអំពើហិង្សា​ក៏ដោយ។ លោក ចូ បៃដិន បានស្បថចូលកាន់​តំណែង​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ត្រូវនឹង​យប់ម៉ោង ១១ ថ្ងៃទី២០ ខែមករា ម៉ោងនៅកម្ពុជា៕