ស្ថាប័នជំនាញបង្ហាញថា បើ​ប្រើ​ប្រាស់ឥណទានចំគោលដៅជីវភាព​និងមុខរបររីកចម្រើន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថាប័នជំនាញបង្ហាញថា បើ​ប្រើ​ប្រាស់ឥណទានចំគោលដៅជីវភាព​និងមុខរបររីកចម្រើន

1 ខែ មុន
  • Phnom Penh

អ្នកស្រី ជិន ស៊ួរ ជាពលរដ្ឋរស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ គាត់ប្រកបមុខរបរជាអ្នកលក់ចាប់ហួយ និងដើរម៉ៅស្វាយគេលក់បន្ត។…

អ្នកស្រី ជិន ស៊ួរ ជាពលរដ្ឋរស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ គាត់ប្រកបមុខរបរជាអ្នកលក់ចាប់ហួយ និងដើរម៉ៅស្វាយគេលក់បន្ត។ អ្នកស្រីបានចាប់ផ្តើមកម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ២០១៤ ដោយ​ទំហំកម្ចីដំបូង គឺចំនួន២លានរៀល សម្រាប់អាជីវកម្មម៉ៅស្វាយលក់ និង​កម្ចីបន្តវគ្គទី២ និងទី៣ដើម្បីពង្រីកការទិញលក់ស្វាយបន្ថែម និងបានទិញ​ម៉ូតូមួយគ្រឿងសម្រាប់ប្រើប្រាស់ដឹកជញ្ជូនស្វាយលក់ ។

ដំបូងខ្ចី២លានរៀលដែលស្មើប្រមាណ៥០០ដុល្លារ លុះដល់ខ្ចីលើកទី ទី៤ ចុងក្រោយនេះ គាត់បានខ្ចី ១ពាន់ដុល្លារ។ អ្នកស្រីបានចាប់ផ្តើមបង្កើតមុខរបរថ្មីគឺ លក់ចាប់ហួយ បន្ថែមលើអាជីវកម្មម៉ៅស្វាយដែលគាត់កំពុងមាន។

តាមការបង្ហាញរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាអ្នកស្រី ជិន ស៊ួរ និយាយដោយរីករាយដូច្នេះ”ជីវភាពរបស់ខ្ញុំមានការកែប្រែច្រើនចាប់តាំងពីការពង្រីកការលក់ដូរស្វាយ និងបានចាប់ផ្តើមអាជីវកម្មថ្មីមួយបន្ថែមទៀត។ ជីវភាពក្នុងក្រុមគ្រួសារមានភាពប្រសើរឡើងពីមួយវគ្គទៅ១វគ្គ” អ្នកស្រីបានបន្ថែមទៀតថាដោយសារការស្នើកម្ចីពីគ្រឹះស្ថានទើបធ្វើឲ្យអ្នកស្រីសល់បានសម្ភារៈមួយចំនួនរួមមាន ម៉ូតូ២គ្រឿង សម្រាប់ប្តីជិះទៅធ្វើការ រួមទាំងដឹកឥវ៉ាន់លក់ដូរ និងបានដើមទុនបើករបរលក់ចាប់ហួយដែលទើបនឹងបើកលក់រយៈពេល៤ខែនេះ។ អាជីវកម្មថ្មីនេះមានដំណើរការល្អដែលធ្វើឱ្យគាត់មានគម្រោងពង្រីក និងលក់ម្ហូបអាហារបន្ថែមទៀតផង»។

ឥណទានត្រូវឲ្យម្លៃថាជាផ្នែកសំខាន់សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ​។ មានឥណទានពលរដ្ឋមានដើមទុនពង្រីកមុខរបរលើកម្ពស់ជីវភាព ឲ្យតែគាត់យកប្រាក់នោះមកប្រើប្រាស់ចំទិសដៅ។ តែកន្លងមកមានការលើកឡើងផង​ដែរថាឥណទានបានក្លាយជាបំណុលវ័ណ្ដកដល់ពលរដ្ឋមួយចំនួនទៅវិញ។ ជាមួយគ្នានេះ អត្រាការឥណទាននៅកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ។

នៅកម្ពុជាពលរដ្ឋអាចទៅរកប្រាក់កម្ចីជាផ្លូវការពីវិស័យធនាគារក្នុងបើចង់ខ្ចីប្រាក់ក្នុងចំនួនច្រើន បើខ្ចីប្រាក់ក្នុងចំនួនតិចទៅគ្រឹះស្ថានហិរញ្ញវត្ថ។ ទំាងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមាន​ការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរនៅកម្ពុជា។​

ការផ្តល់ឥណទាននៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុក្នុងឆ្នំា២០២០មានទំហំទឹកប្រាក់សរុបប្រមាណ៣៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះវិស័យធនាគារមានចំនួន​៣០,២ប៊ីលានដុល្លារអាមេរិក។នៅក្នុងការផ្តល់ឥណទានតាមផ្នែកឬវិស័យផ្សេងៗគ្នា។ឥណទានលក្ខណៈគ្រួសារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានកំណើនខ្ពស់ជាងគេរហូតដល់៣១% ខណៈតម្រូវការក្នុងការជួញដូររាយសម្រាប់ធនាគារមានជាង១៥%​នៃឥណទានសរុប។

យោងតាមរបាយការណ៍ប្រចំាឆ្នំា២០២០របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង១២,៦%(ដល់៣៣៩ទ្រីលានរៀលស្មើនឹង៨,៤ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង១២,៥% ដល់២៧,៦ទ្រីលានរៀល ស្មើនឹង៦,៨ប៊ីលានដុល្លារអាមេរិក ។

ឥណទានទំាងនេះបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖១)-ក្រុមគ្រួសារមាន៣១,២% ,២)-ពាណិជ្ជកម្មនិងជំនួញ ២០,៩% , ៣)-កសិកម្ម១៨,៩%, ៤)-សេវាកម្ម១៦,២%, ៥)-ដឹកជញ្ជូន៦%, ៥)-សំណង់៣,៨% និងផ្សេងៗមាន៣% នៃឥណទានសរុប៕ រាយការណ៍បន្ថែមដោយ ឡុង សារេត