ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករនៅតែជួបបញ្ហាខ្វះទុនក្នុងការពង្រីកវិស័យកសិកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទុនរបស់សហគមន៍កសិកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានកំពុងអនុវត្តគម្រោងបានផ្តល់ប្រាក់ កម្ចីសាកល្បងដល់សហគមន៍កសិកម្មគំរូចំនួន០៦ ក្នុងអត្រាការប្រាក់ ២%ក្នុងមួយឆ្នាំ សម្រាប់រយ: ពេលពី៥ទៅ១០ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ១៤២…

ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទុនរបស់សហគមន៍កសិកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានកំពុងអនុវត្តគម្រោងបានផ្តល់ប្រាក់ កម្ចីសាកល្បងដល់សហគមន៍កសិកម្មគំរូចំនួន០៦ ក្នុងអត្រាការប្រាក់ ២%ក្នុងមួយឆ្នាំ សម្រាប់រយ: ពេលពី៥ទៅ១០ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ១៤២ ៩៤២ ដុល្លារ។

យោងតាមរបាយៗការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម របស់ក្រសួងកសិកម្ម កាលពីកណ្តាលខែមករាឆ្នាំ២០២១នេះ ថាផ្អែកលើលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើការប្រើប្រាស់ និងការគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មទាំង០៦ គិតត្រឹមដើមខែមករា នេះបង្ហាញឲ្យ ឃើញថាការប្រើប្រាស់ប្រាក់កម្ចីនេះកំពុងទទួលបានអត្ថប្រយោជន៍​គួរឲ្យកត់សម្គាល់ ជាអាទិ៍ បានប្រមូលផលិតផលបន្លែរបស់សមាជិកទាំងអស់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តរបស់​សហគមន៍ផ្ទាល់ គ្មានការកកស្ទះ និងទទួលបានតម្លៃខ្ពស់ថែមទៀតផង។ បានផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម) ឲ្យដល់សមាជិកបានទាន់ពេលវេលា ធានាគុណភាព​ល្អ និងតម្លៃសមរម្យ និង បានផ្តល់សេវាកម្មភ្ជួររាស់ដីជូនសមាជិករបស់ខ្លួនដោយយកតម្លៃសេវាទាបសមរម្យជាដើម។

Cassava, Farm, Food, Thailand, Agriculture

សហគមន៍កសិកម្មទាំង០៦ ដែលទទួលបានប្រាក់កម្ចីពីគម្រោងរួមមាន សហគមន៍កសិកម្មសំបូរមានជ័យ (ខេត្តកំពង់ចាម) ទទួលបានចំនួន ៤០ ៧៨០ដុល្លារ សម្រាប់ប្រកបមុខរបរទីផ្សារបន្លែ សហគមន៍កសិកម្មទួលព្រះវិហារ (ខេត្តកំពង់ចាម) ទទួលបានចំនួន ២៣ ០០១ដុល្លារ សម្រាប់ប្រកបមុខរបរចិញ្ចឹមសត្វជាមួយក្រុមស្រ្តី សហគមន៍កសិកម្មជើងគួនជោគជ័យ (ខេត្តតាកែវ) ទទួលបានចំនួន ៣៤ ១៩៥ដុល្លារ សម្រាប់ប្រកបមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម សហគមន៍កសិកម្មរលួសមាស (ខេត្តតាកែវ) ទទួលបានចំនួន ២៣ ០០០ដុល្លារ សម្រាប់ប្រកបមុខរបរប្រើប្រាស់រួមគ្នា (ទិញត្រាក់ទ័រសម្រាប់ផ្តល់សេវាកម្មភ្ជួររាស់ដី) សហគមន៍កសិកម្មស្វាយជ្រុំ (ខេត្តស្វាយរៀង) បានទទួលចំនួន ១៧ ៩៥០ដុល្លារ សម្រាប់ប្រកបមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម) សហគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ) ទទួលបានចំនួន ៤ ០១៦ដុល្លារ សម្រាប់ប្រកបមុខរបរធ្វើទីផ្សារស្ករត្នោតកំពង់ស្ពឺ។

បើតាមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានលើកឡើងករណីនេះមកផ្សព្វផ្សាយអះអាងថាគិតមកត្រឹមដើមខែមករានេះ សហគមន៍កសិកម្មទាំង០៦ បានសងប្រាក់ដើម និងការប្រាក់បានចំនួន ០២លើក សរុបចំនួន៣២ ០៨៩ដុល្លារ ហើយសហគមន៍កសិកម្មទាំង០៦ សន្យាថានឹងសងប្រាក់ដើម និងការប្រាក់លើកទី៣នៅក្នុងចុងខែមករា នេះ។

រដ្ឋមន្រ្តីបានទទួលស្គាល់ថា ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ពីព្រោះដើម្បីបង្កើនផលិតភាពផលិតកម្មទាមទារចាំបាច់គឺដើមទុនដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់ និងថែរក្សា និងការប្រើប្រាស់ធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀតឲ្យមានប្រសិទ្ធ ភាព។

គម្រោងផ្តល់ទុនដល់សហគមន៍កសិករនាពេលនេះនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអនុវត្តបន្តពីគម្រោងសាកល្បងថ្មីមួយស្តីអំពី “ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញ ហៅកាត់ថា BPAC។ គម្រោងនេះត្រូវបានទទួលជំនួយបច្ចេកទេសពីរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅចំនួន០៤ មានខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង មានរយៈពេល ០៥ឆ្នាំ (២០១៤-២០១៩)។ គម្រោង BPAC ត្រូវបានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ឃើញថាគម្រោងនេះមានសារសំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យលើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ ២០២៧។

បើតាមអ្នកធ្វើការក្នុងវិស័យកសិកម្ម ដែលមិនចំណុះស្ថាប័នរដ្ឋាភិបាលថាកសិករជាច្រើនកំពុងខ្វះដើមទុនក្នុងការដំាដុះ។ លោក យ៉ង់ សំាងកុមារ អ្នកឯកទេសកសិកម្ម បានលើកឡើងថា”តាមពិតកសិករខ្មែរក្នុងស្រុករាប់លាននាក់បានវិនិយោគរាប់រយលានដុល្លាររួចហើយរហូតដល់អ្នកខ្លះលក់ដីស្រែចម្ការសងបំណុលគេថែមទៀតផង”។ លោកបន្តថា រដ្ឋាភិបាលគួរតែបង្កើនការគាំទ្រដល់វិស័យកសិកម្មតាមរយ:បង្កើនការវិនិយោគសាធារណ:ដូចជាធារាសាស្រ្ត ផ្លូវ បណ្តាញអគ្គិសនី ហើយរៀបចំឲ្យមានកម្មវិធីឥណទានកសិកម្មនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យផលិតកម្មកសិកម្មសម្រាប់ផ្សាភ្ជាប់មកទីផ្សារឲ្យបានល្អផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ