ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ដី​ពី​អ្នក​ទន្ទ្រាន! នាយក​រដ្ឋមន្ត្រី​ឯកភាព​ឲ្យ​មានការ​សើរើ​យក​ដីចម្ការ​ស្រល់​មក​វិញ

3 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទីបំផុត ! ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយ​ណា​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក…

ខេត្តមណ្ឌលគិរី ៖ ទីបំផុត ! ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយ​ណា​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ដែល​មាន​ភាព​មិន​ស្រប​តាម​នីតិវិធី​ពេញលេញ​កន្លង​មក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ នេះ​បើ​យោង​តាម​លិខិត​ដាក់​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ។

គួរ​រម្លឹក​ថា កំឡុង​ចុងឆ្នាំ​២០០៥ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យល់ព្រម​ផ្តល់​ដី​សម្បទាន​ ដាំ​សាកល្បង​ ដែល​មាន​ផ្ទៃក្រឡា​សរុប​ចំនួន មួយ​ម៉ឺន (១០,០០០) ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​អូរ​រាំង និង​ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ជូន​ទៅ​ក្រុមហ៊ុន WuZhiShan L.S Group Co., Ltd កាន់កាប់​ប្រើប្រាស់​សម្រាប់​ធ្វើ​វិនិយោគ​ដាំ​ដើម​ស្រល់ និង​បង្កើត​រោង​ក្រ​កែ​ច្នៃ ក្នុង​ថិរៈវេលា ៧០​ឆ្នាំ ។

តាម​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ គឺ​សម្តេច​តេ​ជោ បាន​ឯកភាព​ឲ្យ​មានការ​សើរើ ក្នុង​ការ​ដកហូត​ដីចម្ការ​ស្រល់​ពី​ស្រុក​អូរ​រាំង និង​ក្រុង​សែន​មនោ​រម្យ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។

បើ​តាម​របាយការណ៍​ដែល​សម្តេច​តេ​ជោ​បាន​យល់ព្រម​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នោះ មាន​ខ្លឹមសារ​ថា ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន វូ​ជី​សាន និង​ក្រុមហ៊ុន ហួរ លីង វិនិយោគ​ដាំ​ដើម​ស្រល់ ស្ថិត​ក្នុងស្រុក​អូរ​រាំង និង​ក្រុង​សែន
មនោ​រម្យ ខេត្តមណ្ឌលគិរី​នោះ ត្រូវ​បាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា​ហូរហែ និង​យ៉ាង​អនាធិបតេយ្យ​អស់​ជា​ច្រើន​ពាន់​ហិ​កតា តាម​រយៈ​ការ
រំលោភ​ទន្ទ្រាន​ដោយ​ជន​មួយ​ក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់ គ្មាន​ការ​រអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ​ហើយ ។

លិខិត​ដដែល​បន្ត​ថា ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ ទីតាំង​ខ្លះ​មានការ​បញ្ជាក់​ទិញ​-​លក់​ដី​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ ដោយ​អាជ្ញាធរ​មូល
ដ្ឋា​ន កន្លែង​ខ្លះ​ទៀត មាន​ទាំង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀត​ផង ។

ជាមួយ​គ្នា​នេះ ផ្ទៃដី​ព្រៃ​ធម្មជាតិ​ដែល​បាន​រក្សា​ទុក ការពារ​តាម​ជ្រលង​ដងអូរ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ក៏​ទទួល​រង​ការ​កាប់​រានទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ក្រៅពី​ព្រៃ​ស្រល់ និង​ព្រៃ​ធម្មជាតិ នៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​២​ខាងលើ ក៏​មានការ​កាប់​រាន ដុត ឈូស​ឆាយ និង​ហ៊ុម​ព័ទ្ធ​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ និង​ដីចម្ការ​ឈើ​ស្រល់ ដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ឆ្នាំ​២០០៥​ផង​ដែរ ។

ទីតាំង​ខ្លះ ដែល​ត្រូវ​គេ​ទន្ទ្រាន​យក​នេះ មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​កាន់កាប់​ទៀត​ផង ។ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ការ​រំលោភ​កាន់កាប់​ដី​រដ្ឋ ដែល​កើតឡើង​ដដែល​ៗ​ទៀត ក៏​ដូច​ជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​វិនិយោគ​គឺ ៖

១-​រដ្ឋបាល​ខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លិខិត​ទាំងឡាយ​ណា ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាព​មិន​ស្រប​តាម​នីតិវិធី​ពេញលេញ​កន្លង​មក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ ។

២-​រដ្ឋបាល​ខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិនិត្យ​លើ ៖
-​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ឯកសារ​ក្លែងក្លាយ
-​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្រប​តាម​វិធានការ​នានា ដែល​អាជ្ញាធរ​ដាក់​ចេញ​កន្លង​មក និង​នៅ​ជា​ធរមាន
-​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នក​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើ​ដី​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
-​ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ជា​ដី​កម្មសិទ្ធិឯកជន​មិន​មាន​ប្រក្រតី​ភាព ដោយ​មិន​បាន​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

៣-​រដ្ឋបាល​ខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​លើ​ការ​រំលោភ​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយ​មាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ថ្នាក់​ជាតិ ។

៤-​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័ត​កម្ម ឬ​ប្តឹង​ទៅ​តុលាការ​មោឃភាព​ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដែល​មិន​បាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន ។

ជុំវិញ​ករណី​ខាងលើ មានការ​កត់​សម្គាល់ថា តាំងពី​លោក ម៉ៅ ចំរើន ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​ណី​កម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី ជាង​២​ឆ្នាំ​មកនេះ លោក​ប្រធាន​មន្ទីរ​បាន​ចេញ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ជា​ច្រើន ឲ្យ​ទៅ​ម្ចាស់​ដី ក្នុង​រូបភាព​មិន​ប្រក្រតី ក្នុង​នោះ​សូ​ម្បី​ដី​នៅ​តំបន់​ចម្ការ​ស្រល់ ដែល​បាន​ដាំ​ដោយ​ព្រះមហាក្សត្រ​ក៏​លោក ម៉ៅ ចំរើន ហ៊ាន​ចេញ​ប្លង់​រឹង ឲ្យ​គេ​សាងសង់​សំណង់​នានា ជុំ​ជិត​ទៅ​ហើយ​ដែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ថា ក្រោយ​ពី​មាន​សំណើ​នេះ ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត បាន​បើក​កិច្ចប្រជុំ ដើម្បី​អនុវត្ត​នីតិវិធី​ទាំង​អស់នេះ ជា​បន្ទាន់​ផង​ដែរ ។

សូម​បញ្ជាក់​ថា ការ​រំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ឡើយ​សម្រាប់​ខេត្ត​ខេត្តមណ្ឌលគិរី ។ កាលពី​ឆ្នាំ​២០២០ ក៏​មានការ​សើរើ​លើ​ករណី​រំលោភ​ទន្ទ្រាន​យក​ដី​នៅ​ភូមិសាស្ត្រ​ស្រុក​អូរ​រាំង និង​ស្រុក​កែវ​សីមា ។ កាល​ណោះ ជន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​លិខិត​លក់​-​ទិញ​ដី​ទាំងនេះ បាន​រង​ការ​ពិន័យ ហើយ​ក្នុង​នោះ​អភិបាលស្រុក​កោះ​ញែក​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ ត្រូវ​បាន​ដកហូត​ពី​តំណែង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ