ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាចម្លើយថាហេតុអ្វីអ្នកគួរ​សិក្សា​និង​រៀន​ពី​មូលហេតុនៃ​ការ​បរាជ័យ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​មេរៀន​ថ្មី​សម្រាប់​មិត្ត​អ្នក​អាន​ទេ​។ ការ​ពិត​នៅ​ក្នុង​សៀវភៅ​គំនិត​អាជីវកម្ម​របស់​លោក​ឧ​ញ៉ា​ម្នាក់ ចង់​និយាយ​ថា ការ​បើក​អាជីវកម្ម ប្រសិនបើ​យើង​គ្មាន​បទ​ពិសោធ​ទេ នឹង​ធ្វើ​ឱ្យ​យើង​បរាជ័យ​។ នៅ​ទី​នេះ លោក​ឧ​ញ៉ា​គ្រាន់តែ​ចង់​រម្លឹក​ឡើង​វិញ​ថា…

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​មេរៀន​ថ្មី​សម្រាប់​មិត្ត​អ្នក​អាន​ទេ​។ ការ​ពិត​នៅ​ក្នុង​សៀវភៅ​គំនិត​អាជីវកម្ម​របស់​លោក​ឧ​ញ៉ា​ម្នាក់ ចង់​និយាយ​ថា ការ​បើក​អាជីវកម្ម ប្រសិនបើ​យើង​គ្មាន​បទ​ពិសោធ​ទេ នឹង​ធ្វើ​ឱ្យ​យើង​បរាជ័យ​។ នៅ​ទី​នេះ លោក​ឧ​ញ៉ា​គ្រាន់តែ​ចង់​រម្លឹក​ឡើង​វិញ​ថា នៅ​ពេល​ខ្លះ ទោះបី​ការ​ចាប់ផ្តើម​របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក៏​ដោយ ប៉ុន្តែ​ការ​រក្សា​លំនឹង​អាជីវកម្ម ឱ្យ​ជោគជ័យ​ជា​និរន្តរ៍ គឺ​នៅ​តែ​ជា​រឿង​ដ៏​ពិបាក​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី (រូបភាព៖ ក្រុមការងារ MJQE)

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education តែងតែ​ចែករំលែក​នៅ​ក្នុង​វេទិកា​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម កាលពី​ឆ្នាំ​២០១៥ លោក​និយាយ​ថា មូលហេតុ​ដែល​នាំ ឱ្យ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បើក​ជោគជ័យ​ហើយ​ក៏​ដួល​ទៅ​វិញ គឺ​ដោយសារ​ពួក​គាត់​មិន​ទាន់​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួតប្រជែង មិន​ទាន់​យល់​ពី​ផ្នត់គំនិត​រាក់​ជ្រៅ​នៃ​ការ​ធ្វើ​ជា​ថៅកែ​គេ មិន​ទាន់​យល់​ពី​វិធីសាស្ត្រ​ទីផ្សារ មិន​ទាន់​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ចំណាយ មិនសូវ​មាន​ទំនាក់ទំនង​ល្អ ការ​រៀបចំ​ធនធានមនុស្ស​នៅ​មាន​កម្រិត ពិសេស​គ្មាន​មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ​ក្នុង​ការ​សម្ភាស​បុគ្គលិក​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​បន្ត​ថា ៖ «​ខ្ញុំ​សូម​រម្លឹក​ឡើង​វិញ​ដែរ​ថា បើ​ចង់​រកស៊ី​ជោគជ័យ ត្រូវធ្វើ​ជា​មនុស្ស​ឆ្លាត​ដែល​អាច​បើក​អាជីវកម្ម​បាន ដោយ​មិន​ចាំបាច់​មាន​ទុន​គ្រប់គ្រាន់ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​មាន​ឆន្ទៈ ព្រោះ​ជា​ទូទៅ​ដើម្បី​បង្កើត​ក្រុមហ៊ុន ឬ​សហគ្រាស​មួយ​បាន គឺ​ទាល់តែ​មនុស្ស​នោះ​មាន​ឆន្ទៈ មានចំណេះ​ដឹង មាន​បទ​ពិសោធ មនសិការ​ខ្ពស់ និង​ក៏​ជា​មនុស្ស​ដែល​មានចិត្ដ​មុត​ស្រួច និង​មាន​មហិច្ឆតា​ចង់​មាន​ចង់បាន ចង់​ធ្វើ​ជា​អ្នកដឹកនាំ​ផង​ដែរ​។ នៅ​ពេល​យើង​មាន​អ្វី​ៗ​ខាងលើ ទើប​ធ្វើ​ឱ្យ​យើង​បើក​អាជីវកម្ម​ទៅ​ជោគជ័យ មិន​ងាយ​នឹង​ដួល​រលំ​ទៅ​វិញ​»​។

លោក​ចង់​បញ្ជាក់​ថា ប្រសិនបើ​យើង​ចង់ឱ្យ​ក្រុមហ៊ុន​មានការ​អភិវឌ្ឍ​លឿន ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​មានការ​ចែករំលែក​ចំណេះដឹង ចេះ​បរិច្ចាគ​ពេលវេលា ព្រមទាំង​ថវិកា និង​កម្លាំងកាយ​ចិត្ត​មក​ចូលរួម​។ ព្រោះ​មូលហេតុ​ដែល​នាំ​ឱ្យ​យើង​ចេះ​តែ​បរាជ័យ គឺ​ដោយសារ​តែ​យើង​មិន​ព្រម​ចំណាយពេល ឬ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ទៅ​អង្គុយ​ស្តាប់​អ្នកជំនាញ​ចែករំលែក​បទ​ពិសោធ​។ កាលណា​យើង​មិន​ព្រម​ទទួលយក​ចំណេះដឹង​ថ្មី​ៗ​ពី​អ្នក​ដទៃ គឺ​យើង​មិន​អាច​គ្រប់គ្រង​ក្រុមហ៊ុន ឱ្យ​មាន​ស្ថិរភាព​បាន​យូរ​ទេ​។ ក្រុមហ៊ុន​នឹង​បរាជ័យ​មិន​ខាន​ដែល​ចំណុច​ទាំងនេះ គឺ​មក​ពី​យើង​មិន​យកចិត្តទុកដាក់ មិន​ហ្មត់ចត់ គ្មាន​ការ​ម៉ឺងម៉ាត់ មិន​លម្អិត​ទៅ​លើ​ស្ថាប័ន​គេ​មួយ​ហ្នឹង មិន​ឱ្យ​កន្លែង​គេ គ្មាន​ទឹកដម ហើយ​និង​គ្មាន​មនោសញ្ចេតនា​ទៅ​លើ​ក្រុមហ៊ុន​។

ក្នុង​សុន្ទរកថា​លើក​ដំបូង​របស់លោក កាលពី​ឆ្នាំ​២០១៣ នៅ​វិទ្យាស្ថាន​ជេ​ស៊ី​អាយ (JCI) ទាក់ទង​ទៅ​នឹង​បញ្ហា​មួយ​ចំនួន​នោះ​គឺ ការ​បណ្ដុះបណ្ដាល​យុវជន​ឱ្យ​យល់​ដឹង​ពី​ផែនការ​អភិវឌ្ឍ​ខ្លួន និង​ការ​ធ្វើ​ជំនួញ​។ ប៉ុន្តែ ម្នាក់​ៗ​ហាក់​មិន​អាច​ឆក់កណ្ដៀត​ពេល​ទេ ព្រោះ​មិន​មាន​អ្នកចេះ​ដឹង​ច្រើន​ក្នុង​ការ​ចែករំលែក និង​មិនសូវ​មាន​អ្នក​ចង់​ស្វែងរក​ចំណេះដឹង​ច្រើន​។ ក្នុង​ន័យ​នេះ ខ្ញុំ​ចង់​និយាយ​ថា មិនមែន​គ្រាន់តែ​យើង​ជា​អ្នកគ្រប់គ្រង​គេ ឬ​គ្រាន់តែ​បើក​អាជីវកម្ម​ដើរ​ហើយ បោះបង់​ការ​សិក្សា​រៀនសូត្រ​ចោល​ទេ​។ ជា​ការ​ពិត បន្ទាប់​ពី​បើក​អាជីវកម្ម​ហើយ គឺ​គេ​ត្រូវ​តាមដាន​រាល់​ដំណើរការ​របស់​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​កុំឱ្យ​ក្រុមហ៊ុន​ដើរ​ថយក្រោយ​ដូច​ជា​ពាក្យចាស់​មួយ​ឃ្លា​ពោល​ថា ការ​បើក​អាជីវកម្ម គឺជា​ការ​ងាយ តែ​ការ​រក្សា​អាជីវកម្ម​ឱ្យ​មាន​លំនឹង មាន​ស្ថិរភាព ឬ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​គឺជា​រឿង​ពិបាក​។ ការ​រៀន​កាន់តែ​ច្រើន កាន់តែ​ធ្វើ​ឱ្យ​យើង​រីក​ចម្រើន ឬ​អាច​និយាយ​បាន​ថា កាន់តែ​ឈ្នះ​គ្រប់​សមរភូមិ​ជំនួញ និង​កាន់តែ​មាន​ទឹកចិត្ដ​ក្នុង​ការ​ធ្វើ ទោះបី​មានការ​ប្រកួតប្រជែង​ច្រើន​ប៉ុនណា​ក្តី​។

លោក​បន្ថែម​ថា ៖ «​ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ឆ្លងកាត់​ការ​សម្ភាស​បុគ្គលិក​ជា​ច្រើន​ដង​មក​ហើយ​ខ្ញុំ​សម្ភាស​គេ​រាប់​ភ្លេច ជា​ពិសេស​ក្រោយ​ពេល​ខ្ញុំ​ធ្វើ​ជា​នាយក​សាលា​ខ្ញុំ​សម្ភាស​បុគ្គលិក​រាប់​ពាន់​នាក់ ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ​ពី​អ្នក​មក​សម្ភាស​ទាំងនេះ ព្រោះ​បើ​យើង​អាង​ថា យើង​ជា​ប្រធាន​ក្រុមហ៊ុន ហើយ​មិន​ព្រម​រៀន​ពី​គេ នោះ​ជា​សញ្ញា​ប្រាប់​ថា យើង​នឹង​បរាជ័យ ក្រុមហ៊ុន​យើង​នឹង​ដើរ​ថយក្រោយ​នៅ​ពេល​ណាមួយ​មិន​ខាន​។ តាម​បទ​ពិសោធ​របស់ខ្ញុំ ក្រៅពី​ជា​នាយក​សាលា ខ្ញុំ​ក៏​ជា​វេជ្ជបណ្ឌិត​ដូច្នេះ​សម្រាប់​បុគ្គលិក ពេល​ខ្លះ​គ្រាន់តែ​ពួក​គាត់​ដើរ​ចូល​មក ខ្ញុំ​ដឹង​ថា​បុគ្គលិក​ម្នាក់​នោះ​ជា​មនុស្ស​មាន​អាកប្បកិរិយា មារយាទ ថ្លៃថ្នូរ ទាំង​ភាព​ក្លាហាន ឫកពា​មាំទាំ ហ្មត់ចត់ មាន​ភាព​ម្ចាស់​ការ រឹងប៉ឹង​យ៉ាងម៉េច ឬ​ជា​មនុស្ស​ប្រភេទ​ណា រួច​ស្រេច​ទៅ​ហើយ​។ ផ្ទុយ​ទៅ​វិញ បើ​ធ្វើ​មិន​លះ​ទេ សូមកុំ​ធ្វើ​! កុំឱ្យ​តឿ​តុញ រួញរា ធ្វើ​អ្វី​ធ្វើ​ឱ្យ​លះ ត្រូវ​ឱ្យ​មាន​ភាព​ក្លាហាន កុំឱ្យ​ខ្លាច​គេ គេ​មិនមែន​ឱ្យ​យើង​ហូប​ទេ គេ​មិនមែន​ឱ្យ​យើង​វាយ​គេ​ទេ គឺ​មាន​តែ​គេ​សម្លាប់​យើង​។ បើ​យើង​មិន​ធ្វើការ​ឱ្យ​គេ​ទេ គេ​មិន​ឱ្យ​លុយ​យើង​ស្រួល​ទេ យើង​ខំធ្វើការ​ហត់​ណាស់ មិន​ត្រឹមតែ​ហត់​ទេ គឺ​ធ្វើ​ខុស​សិទ្ធិ​ថែម​ទៀត​។ មាន​ន័យ​ថា គេ​ឱ្យ​យើង​ធ្វើ​ដល់​១២​ម៉ោង ចំណែក​ប្រាក់ខែ​គេ​មិន​បូក​បញ្ចូល​ឱ្យ​យើង​ផង​ក៏​មាន ដូចនេះ​យើង​ធ្វើការ យើង​មិនមែន​ទៅ​សុំទាន​គេ​ទេ សូម​ចាំ​នូវ​ចំណុច​នេះ​ផង​»​។

ចំណុច​សំខាន់​យើង​ត្រូវ​បញ្ជាក់​ភាព​ក្លាហាន ត្រូវ​មាន​ភាព​ម្ចាស់​ការ​ត្រូវ​មាន​ទំនុកចិត្ត​ខ្លួនឯង បច្ចុប្បន្ន​នេះ គេ​ចង់បាន​មនុស្ស​ប្រភេទ​អ៊ីចឹង​គេ​មិន​ចង់បាន​មនុស្ស​ដែល​ចូល​មក​មិន​ហ៊ាន​ចាប់ដៃ​គេ ញ័រ ហើយ​ឱនលំទោន​គេ​នោះ​ទេ ហើយ​បើ​នៅ​សហរដ្ឋអាមេរិក​វិញ គេ​ហៅ​ថា Glass ceiling គឺ​កញ្ចក់​ពិតាន ប៉ុន្តែ​នៅ​ស្រុក​គេ គេ​បាន​វាយ​បំបែក​កញ្ចក់​ហ្នឹង​បាន​ហើយ​។ ចំពោះ​ខ្មែរ​យើង​វិញ មិន​ត្រឹមតែ​មាន​ពិតាន​កញ្ចក់​ទេ Glass box គឺ​នៅ​ក្នុង​ប្រអប់​កញ្ចក់​តែ​ម្ដង​។ ដូចនេះ ត្រូវ​ចាំ​ឱ្យ​បាន​ច្បាស់​ថា ការ​មិន​សិក្សា​ពី​បរាជ័យ​ឡើង​វិញ វា​ធ្វើ​ឱ្យ​ប្អូន​ៗ​មិន​បាន​ជោគជ័យ​ទេ​។ បើ​អ៊ីចឹង ត្រូវ​បំបែក​កញ្ចក់​ហ្នឹង​ឱ្យ​បែក តើ​យើង​បំបែក​វា​បាន​ដែរ​ទេ? គឺ​បំបែក​បាន​! បើ​ប្អូន​ៗ​ភ្ញាក់​រម្លឹក​ខ្លួនឯង​មក​វិញ គឺ​ត្រូវ​បិទ​ភ្នែក​ស្រមៃ​មុន​ចូល​គេង ព្រលឹម​ឡើង​យើង​ត្រូវ​យក​ញញួរ​វាយ​វា​ឱ្យ​បែក​ខ្ទេច ហើយ​ត្រូវ​ដកដង្ហើម​ឱ្យ​ធំ​ៗ ត្រូវធ្វើ​អ្វី​ឱ្យ​ស្រឡះដៃ និង​ស្រឡះ​ជើង ត្រូវ​ឱ្យធ្វើ​ឱ្យ​លះ​គ្រប់​អ្វី​ដែល​យើង​បាន​ធ្វើ នោះ​យើង​នឹង​អាច​បំបែក​កញ្ចប់​ហ្នឹង​បាន​ហើយ​។
ដូច្នេះ មូលហេតុ​នៃ​ការ​បរាជ័យ គឺជា​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​។ ប្រសិនបើ​ម្ចាស់​អាជីវកម្ម​សិក្សា​បាន​ស៊ីជម្រៅ និង​លម្អិត​ពី​ហេតុផល​នេះ នោះ​ធ្វើ​ឱ្យ​អាជីវកម្ម​កាន់តែ​មាន​ភាព​រីក​ចម្រើន​។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ប៉ុណ្ណោះ សង្ឃឹមថា អ្វី​ដែល​ខ្ញុំ​បាន​រៀបរាប់​នេះ នឹង​អាច​ជួយ​ដល់​យុវជន​យើង​បាន​ច្រើន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​ខាងលើ​ត្រូវ​បាន​ដកស្រង់​ចេញពី​សៀវភៅ ៖ គំនិត​រកស៊ី គួ​ច ម៉េ​ង​លី ក្នុង​ទំព័រ​ទី​២៩៥ ដល់​២៩៩ បោះពុម្ពផ្សាយ ខែមីនា គ​.​ស​. ២០១៩ និពន្ធ​ដោយ ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី​៕

អត្ថបទសរសេរ ដោយ