ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា មាន​ជនខិលខូច បាន​ផ្ញើ​សារ​ដែល​បន្លំ ធ្វើ​ជា​សារ​មក​ពី​ធនាគារ​អេ​ស៊ី​លី​ដា ដែល​មាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ក្លែងក្លាយ ។ តាម​ការ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា មាន​ជនខិលខូច បាន​ផ្ញើ​សារ​ដែល​បន្លំ ធ្វើ​ជា​សារ​មក​ពី​ធនាគារ​អេ​ស៊ី​លី​ដា ដែល​មាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ក្លែងក្លាយ ។

តាម​ការ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​រក​ឃើញ​ថា គេហទំព័រ​ក្លែងក្លាយ ដែល​ជនខិលខូច​បាន​បង្កើត​នេះ គឺ​វា​ដូច​គ្នា​នឹង​គេហទំព័រ​ក្លែងក្លាយ ដែល​ពួក​គេ​បង្កើត​សម្រាប់​ធនាគារ​កា​ណា​ឌី​យ៉ា ដែល​នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។

គេហទំព័រ​ទាំងនេះ​បង្កើត​ឡើង ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន មាន​ដូច​ជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណ​បណ្ណ លេខ​ទូរស័ព្ទ ឈ្មោះ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី និង​លេខ​សម្ងាត់ ដែល​អាច​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ ក្នុង​គោលបំណង​លួច​យក​ប្រាក់​កាស​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ ។

ដូច​គ្នា​នេះ​ដែរ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​បាន​រក​ឃើញ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន ធ្លាប់​ទទួល​សារ​ជា​ភាសា​អង់គ្លេស​ដែល​បន្លំ​ធ្វើ​ជា​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ដោយ​អះអាង​ថា គណនី​ធនាគារ​របស់​លោក​អ្នក​ត្រូវ​បាន​ចូល​ប្រើ​ជាមួយ​ឧបករណ៍​ផ្សេង​ទៀត ហើយ​ថែម​ទាំង​ផ្ដល់​នូវ​តំណ​ភ្ជាប់​ដើម្បី​ឱ្យ​ពួក​គេ​បញ្ជាក់​អំពី​អត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights.) ។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចូល​ទៅ​គេហទំព័រ​តាម​តំណ​ភ្ជាប់​នោះ វា​នឹង​ទាមទារ​ឲ្យ​បំពេញ​ព័ត៌មាន​លម្អិត​មាន​ដូច​ជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណ​បណ្ណ លេខ​ទូរស័ព្ទ ឈ្មោះ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី និង​លេខ​សម្ងាត់​ផង​ដែរ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ជា​ថ្មី​ម្ដងទៀត ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ដែល​ទទួល​បាន​សារ​ណាមួយ ដែល​ទាមទារ​ឲ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ព្រោះ​នេះ​គឺជា​ល្បិច​ដែល​ជនខិលខូច​ប្រើ​ដើម្បី​លួច​យក​ព័ត៌មាន​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ ហើយ​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចៀសវាង​ពី​ការ​បោក​បញ្ឆោត​នោះ គឺ​លោក​អ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ