ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ស្នើ​ឱ្យ​ពលរដ្ឋ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ងាយស្រួល​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាល​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា…

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាល​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ នៅ​បរិវេណ​វត្ត​ព្រំ​មរកត ឯកឧត្តម ហុ​ក សុផល អភិបាលខេត្ត​ស្តីទី បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​គឺជា​ការ​កំណត់​ព្រំប្រទល់​ដីធ្លី​ស្របច្បាប់ ហើយ​ប័ណ្ណកម្មសិទ្ធិ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​ដីធ្លី ងាយស្រួល​ចែក​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ដោយ​គ្មាន​ជន​ណា​ម្នាក់​អាច​កេង​បន្លំ​បាន​ឡើយ​។

ឯកឧត្តម ហុ​ក សុផល បាន​មាន​ប្រសាសន៍​ថា ៖ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ប្តេជ្ញា​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ក៏​មានការ​កំណែទម្រង់​វិស័យ​ដីធ្លី​ទៅ​តាម​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ​។ ដូច្នេះ​ការ​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បតិ្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។

ឯកឧត្តម​អភិបាលខេត្ត​ស្តីទី បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រជា ពលរដ្ឋ ដែល​បាន​មក​ចូលរួម​នា​ពេល​នេះ សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​មិន​បាន​ចូលរួម​ឲ្យ​យល់​ដឹង​ពី​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា​៖ សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រ​អាពាហ៍ពិពាហ៍ សំបុត្រ​មរណៈភាព និង​សៀវភៅ​គ្រួសារ​ជាដើម ហើយ​ក្នុង​នោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​អ្នកកាន់កាប់​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​នេះ សូម​ផ្តល់​ភាព​ងាយស្រួល និង​ចូលរួម​សហការ​ឲ្យ​បាន​ល្អជា​មួយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ដើម្បី​ឲ្យ​ការ​អនុវត្ត​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​ទៅ​តាម​ផែនការ​។

លោក សូ សុ​ខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​មាន​៥​ដំណាក់កាល ៖ ១-​ត្រៀម​រៀបចំ គឺ​ការ​កំណត់​តំបន់​វិនិច្ឆ័យ ការ​បង្កើត​គណៈកម្មការ​រដ្ឋបាល ការ​ជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ ២-​ប្រ​តិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការ​ចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។

៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់​ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង​។ ៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​របស់​គណៈកម្មការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ​ផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា ដែល​មិន​មាន​ទំនាស់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ និង ៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។

សូម​បញ្ជាក់​ថា ៖ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​មាន​ប្រជាជន​សរុប​ចំនួន​៧២៦​គ្រួសារ ស្មើនឹង​ចំនួន​៣១២៦​នាក់ ស្រី ៦១៦​នាក់ មាន​ផ្ទៃដី​ទំហំ ២២៩​ហិ​កតា ស្មើនឹង ១៤៣៤​ក្បាលដី ក្នុង​នោះ​ដី​លំនៅ​ដ្ឋា​ន​ចំនួន ២០០​ហិ​កតា និង​ដី​កសិកម្ម​មាន​ចំនួន ២៩​ហិ​កតា ហើយ​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង​ចាប់ផ្តើម​វាស់វែង​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ