ប្រជាពលរដ្ឋ​មួយ​គ្រួសារ ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បង្កង​បង្កាត់​ពូជ​លក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បង្កង​បង្កាត់​ពូជ​លក់

1 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់​កំពុង​តែ​មានការ​កាក់កប​នឹង​មុខរបរ​ចិញ្ចឹម​បង្កង​បង្កាត់​ពូជ​លក់ ហើយ​ក៏​មាន​ម៉ូយ​កុម្ម​ង់​ទិញ​យក​ទៅ​ចិញ្ចឹម​ជា​ហូរហែ ដែល​ជួយ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ​។ ជួន​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​លោក គឹ​ម​សៀ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់​កំពុង​តែ​មានការ​កាក់កប​នឹង​មុខរបរ​ចិញ្ចឹម​បង្កង​បង្កាត់​ពូជ​លក់ ហើយ​ក៏​មាន​ម៉ូយ​កុម្ម​ង់​ទិញ​យក​ទៅ​ចិញ្ចឹម​ជា​ហូរហែ ដែល​ជួយ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ​។ ជួន​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​លោក គឹ​ម​សៀ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២០ ខែមករា​ឆ្នាំ​២០២១​នេះ​ថា ៖

មុន​ដំបូង​គាត់​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ការ​ចិញ្ចឹម​បង្កង​នេះ ហើយ​លោក​ក៏​បាន​ទៅ​សួរនាំ​កសិករ​ចិញ្ចឹម​បង្កង​១​កន្លែង ដោយ​បាន​ទិញ​មេ​បង្កង​ពី​គេ​មួយ​ក្បាល​១០​ដុល្លារ ហើយ​ក៏​រៀន​យក​បទ​ពិសោធន៍​ពី​គេ​នៅ​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០១៩ ដែល​គេ​ទទួល​បាន​ជោគជ័យ​លើ​ការ​ចិញ្ចឹម​បង្កង​នេះ និង​ទិញ​កូន​បង្កង​មក​ចិញ្ចឹម​ដែរ តែ​ជា​អកុសល​បណ្តាល​ឱ្យ​ងាប់​អស់​ជា​ច្រើន ទោះបីជា​យ៉ាងណា​ក៏​គាត់​មិន​បោះបង់​មុខរបរ​នេះ​ដែរ គឺ​នៅ​បន្ត​ចិញ្ចឹម​ដដែល​។

លោក​បន្ត​ទៀត​ថា ពេល​ចិញ្ចឹម​ដំបូង គឺ​គាត់​រៀបចំ​ធ្វើ​អាង​តែ​មួយ ឬ​ពីរ​អាង​ប៉ុណ្ណោះ លុះ​ដឹង​ពី​ចិញ្ចឹម​លែង​មាន​ងាប់ ហើយ​យូរ​ៗ​ទៅ​បង្កង​ញី​ពង និង​កូន​កាន់តែ​ច្រើន​ឡើង​ៗ ទើប​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ គាត់​ក៏​ពង្រីក​អាង​កាន់តែ​ច្រើន​ដែរ ហើយ​ក៏​មាន​អ្នក​មក​កុម្ម​ង់​ទិញ​កូន និង​មេ​យក​ទៅ​ចិញ្ចឹម​ជា​ច្រើន ធ្វើ​ឲ្យ​គាត់​បង្កាត់​ពូជ​លក់​ស្ទើរតែ​មិន​ទាន់​។ ជាមួយ​គ្នា​នឹង​ការ​ជោគជ័យ​នេះ​លោក​ក៏​បាន​ប្រាប់​ពី​គន្លឹះ​ថា​មុន​នឹង​ប្រជាពលរដ្ឋ​យើង​ចង់​ចាប់​មុខ​អាជីព​ចិញ្ចឹម​បង្កង​នេះ គឺ​យើង​ត្រូវ​តែ​ទៅ​រៀនសូត្រ យក​បទ​ពិសោធន៍​ពី​កន្លែង​បណ្តុះបណ្តាល ឬ​ពី​កសិដ្ឋាន​ដែល​គេ​មានបទពិសោធន៍ និង​ធ្លាប់​ជោគជ័យ​តាម​រយៈ​មុខរបរ​នេះ​ជា​មុន​សិន ទើប​យើង​មិន​បរាជ័យ​។

លោក​បញ្ជាក់​ថា ហើយ​ចំពោះ​ការ​ចិញ្ចឹម​បង្កង​នេះ​ដែរ គឺ​ងាយស្រួល​ណាស់ ដោយពេល​ថ្ងៃ​យើង​មិន​ទៅ​ប៉ះពាល់​កន្លែង​ពួក​វា​នោះ​ទេ ព្រោះ​វា​ត្រូវការ​ដេក​ថ្ងៃ​។ តែ​នៅ​ពេល​យប់​ចាប់ពី​ម៉ោង​៦​ល្ងាច​ឡើង​ទៅ ទើប​ពួក​វា​ចេញ​មក​រកស៊ី​ចំណី ដែល​ទិញ​ពី​គេ​ពី​ផ្សារ​សុទ្ធតែ​ម្តង​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ចាប់ពី​បង្កង​ញាស់​កូន រហូត​ដល់​ទៅ​៦​ខែ​ទើប​ធំ​អាច​ចាប់​ធ្វើ​ម្ហូប ឬ​លក់​ឱ្យ​គេ​ទិញ​យក​ទៅ​ហូប​បាន​។ ម្យ៉ាងវិញទៀត បើ​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ​ដែល​មាន​ទីធ្លា​ធំ គឺ​វា​ឆាប់​ធំ​ជាង​ការ​ចិញ្ចឹម​នៅ​ក្នុង​អាង​។ ចំណែក​ការ​ចិញ្ចឹម​បង្កង​នេះ មិន​មាន​ហានិភ័យ​អ្វី​នោះ​ទេ លើកលែងតែ​ពេល​វា​សក​ស្រកា យូរ​ៗ​ម្តង​ឃើញ​វា​ខាំ​គ្នា​ស៊ី​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ចាប់​លក់​ខ្លះ​ៗ​ហើយ ដោយ​១​គីឡូក្រាម លក់​តម្លៃ​៣០​ដុល្លារ​៕ ដោយ ៖ នី​យ៉ា