បញ្ចប់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១០គ្រួសារ ដែលអូសបន្លាយជាង ១៥ឆ្នាំ នៅបន្ទាយស្រី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បញ្ចប់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១០គ្រួសារ ដែលអូសបន្លាយជាង ១៥ឆ្នាំ នៅបន្ទាយស្រី

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ​បានសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពល​រដ្ឋ ១០គ្រួសារ ដែលបានអូសបន្លាយជាង ១៥ឆ្នាំ។…

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ​បានសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពល​រដ្ឋ ១០គ្រួសារ ដែលបានអូសបន្លាយជាង ១៥ឆ្នាំ។ ភាគីជម្លោះ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយ ដោយស្នាមញញឹមរៀងៗខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ហើយយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទ នៅចំពោះមុខរដ្ឋបាលស្រុក​បន្ទាយស្រី។

លោកអភិបាលស្រុកវ័យក្មេង បាន​បញ្ជាក់ថា ១៥ឆ្នាំ​កន្លងទៅនៃទំនាស់ដីធ្លី នៅស្រុកបន្ទាយស្រី​នេះ បានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងមិនស្ងប់អារម្មណ៍​សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួន ឱ្យអស់សក្តានុពល សូម្បីតែអាជ្ញាធរ ក៏ជាប់រវល់ដោះស្រាយ និងខាត បង់ពេលវេលា ដើម្បីអភិវឌ្ឍមូលដ្ឋាន មិនតិចដែរ។

លោក​សង្ឃឹមថា ករណីនេះ នឹងធ្វើឱ្យករណីវិវាទ​ដទៃទៀត មានការបន្ទន់​ឥរិយាបថ និងព្រមទទួលយកដំណោះ​ស្រាយ ដែលអាជ្ញាធរ បានប្រឹងប្រែងស្វែងរកជូន។

លោកបន្ថែមទៀតថា ក្នុងឆ្នាំ២០​២១ នេះ រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការដោះ​ស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័ន មានសមត្ថកិច្ច​នូវពាក្យបណ្តឹងពាក់ព័ន្ធនឹង​បញ្ហាដីធ្លី សរុបជាង ១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បី​ត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់​លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់​សក្តានុពល៕ ដោយ៖ ច័ន្ទ រស្មី