សារព័ត៌មាន «ដឹត្រេន» របស់នីហ្សេរីយ៉ា កាលពីពេលថ្មីៗកន្លងមកផ្សាយថា នាងមែរីលូកា មានកូន៥នាក់ បានវាយប្តីរហូតធ្លាក់ឈាម និងស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នោះកើតឡើងនៅភូមិនុនហ្គោនីន ហ្គោរ៉ា រដ្ឋខាឌូណា ប្រទេសនីហ្សេរីយ៉ា ។
ស្ត្រីជាប្រពន្ធនាងមែរី លូកា ឆ្លើយដោះសាប្រាប់ប៉ូលិសថា មានចោរចូលផ្ទះរបស់ខ្លួន និងបានវាយប្តីរហូតដល់ស្លាប់ ប៉ុន្តែលោកខេហ្វាស ជាកូនបញ្ជាក់ប្រាប់ប៉ូលិសថា ស្ត្រីនោះជាអ្នកសម្លាប់ប្តី ព្រោះខឹងចេញទៅដើរលេងជាមួយមិត្តភក្តិ ហើយត្រឡប់មកផ្ទះវិញយប់ជ្រៅ ។
លោកខេហ្វាស ប្រាប់ប៉ូលិសថា គេឮសំឡេងឪពុកម្តាយឈ្លោះគ្នាខ្លាំងនៅប្រហែលម៉ោង៣រំលងអធ្រាត្រនៃថ្ងៃទី៨ មិថុនា ឆ្នាំ២០១៥ ។ បន្តិចក្រោយមកឮឪពុកស្រែកឱ្យជួយ ហើយពេលរូបគេទៅដល់មាត់ទ្វារបន្ទប់ត្រូវម្តាយស្រែកប្រាប់ថា មានចោរ ដូច្នេះមិនចង់ឱ្យរូបគេចូលទេ ។ ទោះជាយ៉ាងណាក្តី បុរសជាកូនប្រុសបើកទ្វារចូលទៅក៏ឃើញឪពុកកំពុងក្អួតឈាម និងមិនអាចនិយាយបានទេ ។ លើសពីនេះនៅត្រង់ថ្ងាសមានរបួសហាក់ដូចជាត្រូវនឹងវត្ថុរឹងអ្វីមួយ ។
មិនបានប៉ុន្មានផង បុរសនោះបានស្លាប់ ខណៈអ្នកស្រុកច្រើននាក់ភ្ញាក់ផ្អើលទៅចោមរោមមើល ។ ស្ត្រីជាប្រពន្ធទោះជាខំឆ្លើយដោះសាយ៉ាងណាក្តី ត្រូវប៉ូលិសចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ