ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​បាឋកថា​ស្តី​ពី «​ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​ចាម​»

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ធ្វើ​បាឋកថា ស្តី​ពី​«​ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​ចាម​» នៅ​សាល​សិក្សា​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ។

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ធ្វើ​បាឋកថា ស្តី​ពី​«​ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​ចាម​» នៅ​សាល​សិក្សា​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ។ បាឋកថា​នេះ​នឹង​ធ្វើ​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ Tran Ky Phoung អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ និង​សិល្បៈ​ចាម និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ «​ផ្លូវ​បុរាណសម័យ​អង្គរ​» ខាង​ភាគី​វៀតណាម ។

នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក​សាស្ត្រាចារ្យ Tran Ky Phoung ធ្លាប់​មាន​តួនាទី​ជា​អ្នក​អភិរក្ស​សិល្បៈ​ចាម​នៅ​សារមន្ទីរ​សិល្បៈ​ចាម​ក្នុង​ខេត្ត​ដា​ណា​ង​ប្រទេស វៀតណាម ។ លោក​សាស្ត្រាចារ្យ​រូប​នេះ​ធ្លាប់​សរសេរ​សៀវភៅ និង​បោះពុម្ព​តាម​ទស្សនាវដ្តី​ជា​ច្រើន​អំពី​ប្រវត្តិសាស្ត្រ និង​សិល្បៈ​ចាម​បុរាណ​ជា​ភាសា​អង់គ្លេស ភាសា​បារាំង និង​ភាសា​វៀតណាម ។ សព្វថ្ងៃ​លោក​មាន​តួនាទី​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​ប្រវត្តិសាស្ត្រ​ចាម និង​ជនជាតិភាគតិច​នៅ​វៀតណាម​កណ្តាល​។ ជាមួយ​គ្នា​នេះ លោក​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​ក្រុម​ស្រាវជ្រាវ «​ផ្លូវ​បុរាណសម័យ​អង្គរ​» ខាង​ភាគី​វៀតណាម ដែល​កំពុង​ដំណើរការ​ស្រាវជ្រាវ​លើ​គម្រោង «​ទំនាក់ទំនង​វប្បធម៌​នៅ​អាស៊ី​អាគ្នេយ៍​ដីគោក​» ។

លោក​អឹុ​ម សុខ​រិ​ទ្ធី អ្នកជំនាញ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ «​ផ្លូវ​បុរាណសម័យ​អង្គរ​» ខាង​ភាគី​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​បាឋកថា​នោះ​បាន​ពន្យល់​ថា បាឋកថា​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​៣៖ ទី​១-​ទិដ្ឋភាព​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ​ចាម វប្បធម៌ និង​សិល្បៈ​ចាម ។ ទី​២-​ទំនាក់ទំនង​រវាង​សិល្បៈ​ចាម និង​ខ្មែរ​សម័យ​អង្គរ ។ ទី​៣-​ទំនាក់ទំនង​សិល្បៈ​ចាម និង​ប្រាសាទ​ភិ​ម៉ា​យ​ប្រទេស​ថៃ​សព្វ​ថ្ងៃនេះ ។

ចំណែក​លោក​ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា ជា​រៀង​រាល់​ខែ​មជ្ឈមណ្ឌល​តែងតែ​រៀបចំ​កម្មវិធី​បាឋកថា ម្តង ឬ​ពីរ​ដង ។ បាឋកថា​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ក្នុង​ក្រប​ខណ្ឌ​អាជ្ញាធរ​ជាតិ​អប្សរា និង​ដៃគូ​ស្រាវជ្រាវ​អន្តរជាតិ​នានា ដែល​ស្រាវជ្រាវ​ក្នុង​តំបន់​អង្គរ​សព្វថ្ងៃ ។

បទ​បង្ហាញ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍ ស្រាវជ្រាវ និង​បន្ថែម​ចំណេះដឹង​ថ្មី​ដែល​អ្នក​ស្រាវជ្រាវ​ជាតិ និង អន្តរជាតិ​បាន​សិក្សា ។

ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​តំបន់​អង្គរ​សព្វ​ថ្ងៃនេះ​ជាមួយ​ដៃគូ​ស្រាវជ្រាវ​អន្តរជាតិ​នានា ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឱ្យ​សិស្ស និស្សិត មគ្គុទ្ទេសក៍​ទេស​ចរណ៍ អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ឈ្វេងយល់ ក៏​ដូច​ជា​ការ​ទទួលយក​នូវ​ចំណេះដឹង ថ្មី​ៗ​បន្ថែម​ទៀត​ពី​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ​ខ្មែរ និង​ចាម តាំងពី​បុរាណ​ជា​ភាសា​អង់គ្លេស ភាសា​បារាំង និង​ភាសា​វៀតណាម នៅ​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះ​ផង​ដែរ ៕