ខេត្តតាកែវ ៖ នគរបាលស័ក្តិ២នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានរងនូវបណ្តឹងចោទប្រកាន់ពីសំណាក់ប្តីប្រពន្ធមួយគូ បន្ទាប់ពីផឹកស៊ីស្រវឹងបានដកកាំភ្លើងបាញ់រះត្រូវផ្ទះប្រជាពលរដ្ឋ ដែលករណីនេះបានកើតឡើងតាំងពីយប់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៦ មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ជនជាប់ចោទដែលជាមន្ត្រីនគរបាលរូបនោះ ក៏ត្រូវបានតុលាការខេត្តតាកែវ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះចំនួន៤លានរៀល ដែលប្រព្រឹត្តនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ប៉ុន្តែអ្វីដែលជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធកើតទុក្ខមិនសុខចិត្តនោះ គឺជនបង្កជាមន្ត្រីនគរបាលមិនបានជាប់គុក និងមិនបានទទួលសំណងណាមួយនោះទេ រហូតមកដល់ពេលនេះ ។
ជនរងគ្រោះជាប្តីឈ្មោះ ជ្រាង បឿក អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ហេន តុប អាយុ៣៤ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ។ ចំណែកជនបង្កដែលជាមន្ត្រីនគរបាលពាក់សក្តិពីរនៃអធិការដ្ឋាននគរបាលស្រុកគិរីវង្ស ឈ្មោះញ៉ាញ់ សោត ភេទប្រុស អាយុ៣៦ឆ្នាំ តួនាទីជានាយផ្នែកអត្តសញ្ញាណកម្ម មានទីលំនៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ ញ៉ាញ់ សោត បានមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ អ៊ួច ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដែលជាមិត្តភក្តិ លុះផឹកដល់ម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ក៏បានដកកាំភ្លើងបាញ់ចំនួន៤គ្រាប់ ក្នុងនោះ១គ្រាប់ត្រូវផ្ទះរបស់ជនរងគ្រោះ និងផ្ទះឈ្មោះ ហេង លី ដែលត្រូវជាប្អូនជនរងគ្រោះចំនួន២គ្រាប់ ព្រមទាំងបាញ់ឡើងលើចំនួន១គ្រាប់ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ជនរងគ្រោះបន្តថា បន្ទាប់ពីបាញ់រះរួចហើយ ជនបង្កបានដើរសំដៅមកផ្ទះជនរងគ្រោះ ដោយស្រែកគំរាម និងប្រើពាក្យអសុរោះជាច្រើន ប៉ុន្តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនិងកូនៗមិនហ៊ានចេញមកឡើយ ។ ក្រោយពេលកើតហេតុរួច ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថស្រុកគិរីវង់ និងបានកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានរៀបរាប់បន្តទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹងកាន់ទៅតុលាការ៤ឆ្នាំក្រោយមក គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ តុលាការខេត្តតាកែវបានដីកាសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ញ៉ាញ់ សោត ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបង្គាប់ឲ្យជនជាប់ចោទ សងសំណងនៃការខូចខាត និងជំងឺចិត្តឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៤លានរៀល ។
ទោះបីតុលាការខេត្តតាកែវបានចេញដីកាសម្រេចឲ្យឈ្មោះ ញ៉ាញ់ សោត ជាប់ទោស១ឆ្នាំ និងសងជំងឺចិត្តក៏ពិតមែន ប៉ុន្តែជនរងគ្រោះបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ឃើញជនជាប់ចោទជាប់ពន្ធនាគារតាមការសម្រេចរបស់តុលាការនោះទេ
សូម្បីតែប្រាក់សងជំងឺចិត្ ក៏មិនទាន់បានឃើញដែររហូតមកដល់ពេលនេះ ។
ចែករំលែកព័តមាននេះ