ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនជម្រកសត្វព្រៃ​ទេសភាព​ខ្ពស់​រាប​ខាងកើត​របស់​កម្ពុជា​កំពុង​តែ​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​ពពួកសត្វ​កម្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស និង​ស្រាវជ្រាវ​ធនធានធម្មជាតិ​បាន​ចាត់​ទុក​ព្រៃរបោះ​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត​នៃ​ប្រទេស​កម្ពុជា គឺជា​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​វត្តមាន​ពពួកសត្វ​ព្រៃ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ។ នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស និង​ស្រាវជ្រាវ​ធនធានធម្មជាតិ​បាន​ចាត់​ទុក​ព្រៃរបោះ​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត​នៃ​ប្រទេស​កម្ពុជា គឺជា​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​វត្តមាន​ពពួកសត្វ​ព្រៃ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ។

នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់ WWF ប្រចាំ​នៅ​កម្ពុជា លោក សេង ទៀក បានឱ្យ​ដឹង​ខណៈ​ទស្សនៈកិច្ច កាលពី​ពេល​ថ្មី​ៗ​ថា ព្រៃរបោះ​ដែល​មាន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ដែន​ជម្រក​ភ្នំ​ព្រេច ដែល​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី គឺជា​កន្លែង​ផ្តល់​ជម្រក​ចំណី និង​ការ​បង្ក​ពូជ​ដល់​សត្វព្រៃ ដែល​កំពុង​ទទួល​រង​ការ​គម្រាមកំហែង​ជាស​កល​ជា​ច្រើន​ប្រភេទ​រាប់​បញ្ចូល​ទាំង​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​ដូច​ជា ៖ សត្វ​ទន្សោង ដំរី​អាស៊ី ក្រពើ​ភ្នំ ខ្លារខិន សត្វ​ត្រយង សត្វ​ត្មាត ក្ងោក​បៃតង សត្វ​រមាំង ខ្ទីង ឈ្លួ​ស ប្រើស និង​ពពួក​ពានរ​ផង​ដែរ ។

លោកនាយក​អង្គការ​ថា កាលពី​ប្រមាណ​ជាង​៥០​ឆ្នាំ​មុន ប្រភេទ​សត្វ​តិណាសី​ធំ​ៗ​ដូច​ជា គោព្រៃ ដំរី​អាស៊ី និង​រមាំង ក៏​ដូច​ជា​ប្រភេទ​សត្វ​មំសាសី រួម​មាន​ខ្លាធំ និង​ខ្លារខិន មាន​ចំនួន​យ៉ាងច្រើន រស់នៅ​ក្នុង​តំបន់​ព្រៃរបោះ​ភាគ​ខាងជើង និង​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រៀបធៀប​តំបន់​អេកូឡូស៊ី​នេះ ទៅ​នឹង​តំបន់​ព្រៃ​ធម្មជាតិ​នៃ​ប្រទេស​អាហ្វ្រិក​ខាងកើត ។ ប៉ុន្តែ​ការ​បាត់បង់​ទីជម្រក និង​ការ​បរបាញ់​ខុសច្បាប់​បាន​ធ្វើ​ឱ្យ​ចំនួន​សត្វព្រៃ និង​ធនធាន​ជីវៈចម្រុះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

បើ​តាម លោក សេង ទៀក បាន​អះអាង​ថា​«​ការ​ព្យាករ​ថា​ចំនួន​សត្វព្រៃ​អាច​នឹង​កើនឡើង​វិញ ប្រមាណ​៣០​ភាគរយ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ បើសិនជា​មាន​វិធានការ​ការពារ​ទាន់​ពេលវេលា តាម​រយៈ​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​អ្នក​បរបាញ់ និង​កាប់​ព្រៃឈើ​ធម្មជាតិ​» ។ បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា បច្ចុប្បន្ន សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ តំបន់​ធនធាន​ព្រៃរបោះ​ដែល​នៅ​សេសសល់​ក្នុង​សភាព​ត​ភ្ជាប់​គ្នា​តាន់តាប់​ល្អ និង​ធំ​ជាងគេ គឺ​ស្ថិត​នៅ​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ហើយ​ដែល ត្រូវ​បាន​គេ​ផ្តល់​ឈ្មោះ​ថា ជា​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ។ តំបន់​នេះ​ជា​តំបន់ មួយ​ស្ថិត​ក្នុង​ចំណោម​តំបន់​អេកូឡូស៊ី​ដែល​មាន​តម្លៃ​ជីវៈចម្រុះ​ខ្ពស់​ចំនួន​៨ សម្រាប់​កម្មវិធី​អភិរក្ស​អាទិភាព​ក្នុង​តំបន់​មេគង្គ​របស់​អង្គការ WWF​។

ចំណែក កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​តាមដាន និង​ស្រាវជ្រាវ​ជីវៈ ចម្រុះ​នៃ​អង្គការ WWF បានឱ្យ​ដឹង​ថា ចំនួន​សត្វព្រៃ​ដ៏​កម្រ និង​ងាយ​រង​គ្រោះជា​ច្រើន​ដូច​ជា ៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ត្រូវ​បាន​ថតរូប​ភាព​បាន​ដោយ​ម៉ាស៊ីន​កា​ម៉េ​រា​ស្វ័យប្រវត្តិ ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ក្នុង​ដែន​ជម្រក​ស ត្វ​ព្រៃ​ភ្នំ​ព្រេច ។

កញ្ញា​ថា តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ក៏​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​សកល​នៃ​តំបន់​អេកូឡូស៊ី ដែល​មាន​តម្លៃ​ជីវៈចម្រុះ​ខ្ពស់​ជា សកល​ចំនួន​២០០ តំបន់ សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ​ជាស​កល ដែល​ត្រូវ​បាន​ទទួលស្គាល់​អនុវត្ត​ដោយ​អង្គការ WWF និង​បណ្តា​អង្គការ​ធំ​ៗ​ផ្សេង​ៗ​ទៀត នៅ​លើ​សកលលោក ។

បើ​តាម​របាយការណ៍​បាន​ពី​ការ​តាមដាន និង​ស្រាវជ្រាវ​ជីវៈចម្រុះ​របស់​អង្គការ WWF បាន​បង្ហាញ​ថា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ សត្វព្រៃ​ប្រភេទ​ក្រចក ជើង​ចំពាម​មាន​ដូច​ជា ៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើម​នេះ មាន​ចំនួន​កាន់តែ​តិច​ទៅ​ៗ​នៅ​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។ កត្តា​ចំបង​ដែល​នាំ​ឱ្យ​ពពួកសត្វ​ទាំងនោះ​ថយ​ចុះ គឺ​ដោយសារ​បញ្ហា​បាត់បង់​ព្រៃ​ជម្រក ការ​ដាក់​អន្ទាក់ ការ​ប្រមាញ់​ខុសច្បាប់ និង​ការ​ជួញដូរ និង​បញ្ហា​កង្វះ​ប្រភព​ទឹកជា​ដើម ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ និង​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កាលពី​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២១ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ដៃគូ​ដទៃ​ផ្សេង​ៗ​ទៀត បាន​និង​កំពុង​ពង្រឹង​ការ​គ្រប់គ្រង និង​ថែរក្សា​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត​មាន​ដូច​ជា នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។

ប្រភព​បាន​លើក​ឡើង​ថា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ជា​ឧទាហរណ៍​មួយ​នៃ​ការ គ្រប់គ្រង​ព្រៃឈើ និង​សត្វព្រៃ​បាន​ល្អ ខណៈ​តំបន់​នេះ​ត្រូវ​បាន​ចុះបញ្ជី​ជា​ដី​កម្មសិទ្ធិ​រដ្ឋ និង​មិន​អនុញ្ញាត​ឱ្យ​អ្នក​គ្មាន​ភារកិច្ច​ចូល​ទៅ​កាន់​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​នេះនោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ