ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ង៉ែ​ន​នៅ​ក្នុងស្រុក​មួយ​នេះមិន​មាន​បា.ញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព១០០​ភាគរយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ «​តា​ង៉ែ​ន​បន្ទាយស្រី​»៖ ផ្អែម​មុត ឈ្ងុយ​ឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ​! សំខាន់​អាច​ទៅ​លេង​ដល់​ចម្ការ ហើយ​ដើរ​កាច់​ពី​ដើម​ដោយ​ខ្លួនឯង​បាន​ទៀត​។ ដើម​តា​ង៉ែ​ន​ទាំងនេះ ​មិន​មាន​បាញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព…

ខេត្តសៀមរាប​៖ «​តា​ង៉ែ​ន​បន្ទាយស្រី​»៖ ផ្អែម​មុត ឈ្ងុយ​ឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ​! សំខាន់​អាច​ទៅ​លេង​ដល់​ចម្ការ ហើយ​ដើរ​កាច់​ពី​ដើម​ដោយ​ខ្លួនឯង​បាន​ទៀត​។

ដើម​តា​ង៉ែ​ន​ទាំងនេះ ​មិន​មាន​បាញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព ១០០​ភាគរយ សម្រាប់​ការ​បេះ​ហូប​ភ្លាម​ៗ​ពី​ដើម​ផ្ទាល់ តែ​មាន​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ទិញ​ចាប់ពី ១០ គីឡូ ឡើង​ទៅ ទើប​អាច​ធ្វើ​ដូច្នេះ​បាន (​ព្រោះ​ខ្លាច​ដើរ​ហូប​ឆ្អែត​ហើយ ទិញ​តែ​កន្លះ​គីឡូ​)​។ និង​ដើម្បី​ចូលរួម​ជម្រុញ​ឱ្យ​មានការ​រីក​ចម្រើន និង​បង្កើន​ភាព​ទាក់ទាញ​ខាង​ផ្នែក​ក​សិ​ទេសចរណ៍ នៅ​ក្នុងស្រុក​បន្ទាយស្រី ម្ចាស់​ចម្ការ​បាន​យល់ព្រម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​លក់​ជូន​ក្នុង​តម្លៃ​ពិសេស (​ត្រឹមតែ​៥០០០​រៀល​ក្នុង​មួយ​គីឡូ​) សម្រាប់​អ្នកទេសចរ ដែល​អញ្ជើញ​មក​ទិញ​ដល់​ចម្ការ​ផ្ទាល់ ហើយ​អនុញ្ញាត​ឱ្យ​ដើរ​កាច់​យក​ខ្លួនឯង និង​អាច​បេះ​ហូប​ពី​ដើម «​មួយ​សេរី​» ដោយ​មិន​គិតថ្លៃ​បន្ថែម​ទៀត​ផង​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

អ្នក​មីង សំណាង ដែល​ជា​ម្ចាស់​ចម្ការ​តា​ង៉ែ​ន មា​នទី​តាំងនៅ ជើងភ្នំ​គូលែន ចូល​តាម​ច្រក​ផ្លូវ​វត្ត​ស្គន់ ក្នុងភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថ្ងៃ​ទី ២០ ខែ មក​រា ឆ្នាំ​២០២១ នេះ​ថា ៖ «​កាលពី​ម្សិលមិញ ខ្ញុំ​បាន​លក់​អស់ ៣០០ គីឡូ និង​ភាគច្រើន​អ្នក​នៅ​ក្នុងស្រុក​សៀមរាប​យើង​នេះ​ទេ​។ ខ្ញុំ​ដាំ​វា​ក្នុង​ចម្ការ ប្រើ​ជី​អាច​ជ៍​គោ ជី​អាច​ជ៍​មាន់ និង​ស្រោច​ទឹកជា​ដើម មិន​មាន​ជាតិ​គីមី​នោះ​ទេ ព្រោះ​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​យើង​បរិភោគ​ផ្លែ​ឈើ​ធម្មជាតិ និង​ជា​របស់​ខ្មែរ​យើង​ជា​អ្នក​ដាំ គឺ​ខ្ញុំ​គិតគូ​ដល់​សុខភាព​បងប្អូន​ប្រជាជន​យើង​ជា​អាទិភាព​។ រីឯ​តា​ង៉ែ​ន​នេះ​ទៀត​សោត គឺ​អាច​មាន​ផ្លែ​លុះត្រាតែ​យើង មានការ​មើលថែរ​នឹង​ដាក់​ជី​ជា​ប្រចាំ ហើយ​ក្នុង​មួយ​ឆ្នាំ​វា​អាច​មាន​ផ្លែ​តែ​ម្តង​ទេ​»​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

សូម​ជម្រាប​ជូន​ផង​ដែរ​ថា មីង​សំណាង ក៏​មាន​សេវា​ផ្ញើរ​តា​ង៉ែ​ន ជូន​អតិថិជន​ទៅ​គ្រប់​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទាល់តែ​បងប្អូន​ក​ម្ម៉​ង់​ចាប់ពី ២០ គីឡូ​ឡើង​ទៅ​។

តោះ​! មក​ដឹង​អំពី​ប្រវត្តិ​ចម្ការ​តា​ង៉ែ​ន​នេះ​ទាំងអស់​គ្នា​!

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

ក្នុង​ការ​ដាំ​ដំណាំ​ក្នុង​ចម្ការ​មីង​សំណាង បច្ចុប្បន្ន​គាត់​មាន​ដី​១៥​ហិ​កតា​សម្រាប់​ធ្វើការ​ដាំ​ដុះ​ផ្លែ​ឈើ ដោយ​អ្នក​មីង​ប្រើ​ដី​អស់​ត្រឹមតែ ៩​ហិ​កតា​ទេ ព្រោះ ៦​ហិ​កតា​ទៀត​ខ្ញុំ​នឹង​ដាំ​បន្ត​។ ក្នុង​ដី​៩​ហិ​កតា ខ្ញុំ​ដាំ​តា​ង៉ែ​ន​៣​ហិ​កតា ខ្នុរ​ការ៉ុត​៣​ហិ​កតា និង​ដាំ​ធុន​រ៉េ​ន ៣​ហិ​កតា​ទៀត ដូចនេះ​អ្នក​មីង​សង្ឃឹមថា​អាច ពង្រីក​ដាំ​ផ្លែ​ឈើ​ទាំងនេះ​រហូត​ដល់ ១៥ ហិ​កតា​បន្ថែម​ទៀត​។ ដី​នៅ​សល់​មីង​នឹង​ធ្វើ​បន្ត គ្រាន់តែ​ឥឡូវ​មិន​ទាន់​មាន​លទ្ធភាព​ដាំ​ឱ្យ​គ្រប់ ទាល់តែ​មាន​ថវិការ​គ្រប់ មីង​នឹង​ដាំ​ឱ្យ​អស់​ដី​តែ​ម្តង​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់


មីង សំណាង​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​ចាប់ផ្តើម​ដាំ​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ដោយ​ខ្ញុំ​បាន​ប្រើ​ដើមទុន​ទិញ ៤៥០​ដើម​ពី​ប្រទេស​ថៃ ហើយ​ក្នុង​មួយ​ដើម ៣​ដុល្លារ​អា​មេ​រិ​ក កាលនោះ​ខ្ញុំ​មិន​ទាន់​មាន​ដី​ច្រើន​ហិ​កតា​នោះ​ទេ ដោយ​ខ្ញុំ​ដាំ​បណ្តើរ សន្សំ​លុយ​ពង្រីក​ដី​បណ្តើរ ហើយ​មិន​ទាន់​ថា​អាច​រក​ប្រាក់​ចំណេញ​បាន​នៅឡើយ​ដែរ ព្រោះ​បន្ត​អាជីវកម្ម​រហូត មិន​បាន​គិត​រឿង​ប្រាក់​ចំណេញ​ទេ សំខាន់​ខ្ញុំ​ចង់ឱ្យ​មាន​ផ្លែ​ឈើ​ធម្មជាតិ​សម្រាប់​បងប្អូន​បរិភោគ​»។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

បច្ចុប្បន្ន​មីង​សំណាង មាន​កម្មករ ៨ នាក់​ហើយ បើ​ទោះបី​ពួក​គាត់​បាន​ទទួល​ប្រាក់​ចំណូល​មិន​ច្រើន​ណាស់ណា ប៉ុន្តែ​រឿង​បាយ​ទឹក ថ្នាំសង្កូវ​ផ្សេង​ៗ ការ​ពិនិត្យ​សុខភាព​អស់​នឹង គឺ​មីង​សំណាង គិតគូ​ខ្លាំង​ណាស់ ព្រោះ​មីង​មិន​ចង់ឱ្យ​បងប្អូន​យើង​ធ្វើការ​ចំណាកស្រុក​នោះ​ទេ​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

អ្នក​មីង សំណាង ក៏​មានការ​លើកទឹកចិត្ត​ដូចនេះ​ថា ៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​និង​គាំទ្រ កូន​ខ្មែរ​ទាំងឡាយ​ដែល​មានចិត្ត​ចង់​បង្ករ​បង្កើន​ផល​ឡើង​វិញ ដាំ​ហើយ​រក្សា​គុណភាព​ដំណាំ​របស់​ខ្លួនឯង​រៀង​ៗ​ខ្លួន កុំ​ជឿ​គេ កុំ​តាម​គេ ដូច​ខ្ញុំ ខ្ញុំ​មិន​តាម​អ្នក​ណា​គេ​ទេ ខ្ញុំ​តាម​គំនិត​របស់ខ្ញុំ ខ្ញុំ​ដាំ​ខូចខាត ខ្ញុំ​ពិសោធន៍ គឺ​លើ​យើង​ខ្លួនឯង ​។

រាល់ថ្ងៃ​ខ្ញុំ សង្កេត​លើ​ប្រជាជន​យើង​ជា​មុន​សិន ខ្ញុំ​មិន​ទាន់​មើលទៅ​លើ​ទីផ្សារ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ប្រជាជន​យើង​បាន​បរិភោគ​របស់​គ្មាន​ជាតិ​គីមី និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អ្នក​ដែល​បាន​ញាហើយ ពួក​គេ​អាច​មក​ញុំា​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយ​។ ហើយ​អ្នក​ដែល​ផលិត​បាន​ហើយ កុំ​បោះបង់​ចោល ត្រូវ​តែ​ដុសខាត់​វា​បន្ត​ទៀត ធ្វើ​ឱ្យ​ល្អ បើ​ទោះបី​ជួប​ឧបសគ្គ​កុំ​បាក់ទឹកចិត្ត យើង​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​»៕

អត្ថបទសរសេរ ដោយ