លោកសុធី បានរៀបចំគម្រោងវិនិយោគផ្នែកទេសចរណ៍បែបធម្មជាតិមួយនៅខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក។ លោកថាគម្រោងនោះលោកត្រូវការថវិកាប្រមាណ៥ម៉ឺនដុល្លារ ដើម្បីរៀបចំហេដ្ឋាចរនាសម្ព័ន្ធ ដូចជាត្រូវទិញដី ថវិកាសង់ផ្ទះស្នាក់ ដាំដើមឈើ ទិញកង់ ទិញតង់ និងការកែច្នៃរបស់ដែលមានស្រាប់ខ្លះទៅជាចំណុចទាក់ទាញ សម្រាប់បម្រើសេវាទេសចរណ៍បែបធម្មជាតិ ទៅដល់ភ្ញៀវទេសចរដែលស្រឡាញ់បរិស្ថាន ប៉ុន្តែលោកថាមានការលំបាកជាខ្លំាងនៅក្នុងការស្វែងរកឥណទានមកអនុវត្តគម្រោងនោះ។
លោកសុធីថាគម្រោងរបស់លោកមានលក្ខណជាការចូលរួមពង្រឹងវិស័យទេសចរណ៍សហគមន៍ ការពារបរិស្ថាន និងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពសហគមន៍ ពីព្រោះលោកចង់ឲ្យអ្នកទេសទៅដល់សហគមន៍លោកបានផ្សារភ្ជាប់ការកម្សាន្តជាមួយការដាំដុះនិងជីវភាពប្រចំាថ្ងៃរបស់កសិករ។
“ខ្ញុំបានមើលឃើញសក្តានុពលតំបន់មួយនោះ ដែលមានភូមិសាស្រ្តជាប់ទន្លេមេគង្គ ប៉ុន្តែខ្ញុំគ្មានលទ្ធភាពខ្ចីប្រាក់ពីធនាគារមកដំណើរការគម្រោង។ ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនសុទ្ធតែអះអាងពីការលើកកម្ពស់វិស័យកសិកម្ម និងទេសចរណ៍ ប៉ុន្តែលក្ខណ្ឌខ្ចីប្រាក់និងនីតិវិធីរបស់គេមិនស្រួលទេ។ ពលរដ្ឋសាមញ្ញាពិបាកខ្ចីប្រាក់ណាស់ “ លោកសុធីបានត្អូញត្អែរ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលស្គាល់ថាការរកថវិកាវិនិយោគរបស់សហគ្រិន ដែលទើបឈានជើងរកស៊ីដំបូងៗ ពិតជាមានការលំបាក។ លំបាកដោយសារសហគ្រិនថ្មីៗ មិនមានទប្រព្យបញ្ចាំនិងមិនទាន់មានចំណូលទៀងទាត់ដែលគ្រឹះស្ថានហិរញ្ញវត្ថុ គេទាមទារនោះ។ ទោះជាយ៉ាងនេះក្តីមន្រ្តីខាងលើថា ពលរដ្ឋឬយុវជនដែលមានបំណងវិនិយោគ គួរស្វែងរកដៃគូវិនិយោគ ដែលជាមិត្តភក្តិឬអ្នកស្គាល់គ្នាទើបមានការងាយស្រួលជាង។
“កក្តាសំខាន់ដែលអ្នកចង់វិនិយោគត្រូវមាននោះគឺឆន្ទៈនិងសក្តានុពលគម្រោងរបស់ខ្លួន។ បើមានឆន្ទៈហើយខ្ញុំជឿថាការរកថវិកាមិនលំបាកទេ។ គេអាចរកថវិកាតាមរយៈការស្វែងរកដៃគូវិនិយោគជាមិត្តភក្តិឬ អ្នកស្គាល់គ្នា។ នៅស្រុកយើងមានអ្នកមានថវិកាច្រើនដែលគាត់ចងវិនិយោគ។ បន្ទាប់ពីមានចំណូលហើយ ពួកគាត់អាចពង្រីកមុខរបរជាមួយកម្ចីពីធនាគារបាន ដោយមិនលំបាកទេ”ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ដូច្នេះ។
នៅពេលជួបវិត្តិជំងឺកូវីដ១៩ កម្ពុជាបានកំពុងពង្រឹងវិស័យទេសចរណ៍និងកសិកម្ម។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួន មានធនាគារអភិវឌ្ឍន៍ជនបទ ធនាគាសហគ្រាសធុនតូចនិងធម្យម ជាដើមបានប្រកាសពីទុនបម្រុងសម្រាប់ផ្តល់ដល់កសិករ ពលរដ្ឋនៅក្នុងការពង្រឹងមុខរបរដែលទាក់និងវិស័យកសិកម្ម ការដាំដុះឬសហគ្រានខ្នាតនិងធម្យមនោះ។
ជាមួយគ្នានេះ មានការសង្កេតឃើញថាទំាងរដ្ឋនិងវិស័យឯកជន បានលើកឡើងថាឆ្នាំ២០២១ ជាឱកាសដែលពលរដ្ឋកម្ពុជាស្តារសេដ្ឋកិច្ចជីវភាពឡើងវិញ បន្ទាប់ពីជួបវិបត្តិសេដ្ឋកិច្ចប្រមាណជាង១ឆ្នាំមក ដោយសារជំងឺកូវីដ១៩នោះ។ មានគ្រឹះស្ថានហិរញ្ញវត្ថុខ្លះបានប្រកាសពីយន្តការថ្មីៗ ការទម្លាក់ថវិកាបន្ថែមសម្រាប់ឲ្យពលរដ្ឋខ្ចីយកទៅប្រើប្រាស់នៅក្នុងការស្តារជីវភាពនេះ។
ក្រៅពីនីតិវិធីខ្ចីប្រាក់មានការផលលំបាកហើយ លោកសុធី អ្នកដែលមានត្រឹមគម្រោងវិនិយោគនៅក្នុងនិយាយថា អត្រាការប្រាក់ ខ្ពស់ ក៍ជាផលលំបាកមួយទៀត ដល់អ្នកមានគម្រោងបង្កើតអាជីវកម្មថ្មីដូចជារូបលោកដែរ៕
ចែករំលែកព័តមាននេះ