រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបានឃាត់ខ្លួនអ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈើ និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ។
មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឱ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ល។ ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោរបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។
មន្ត្រីដដែលបានបញ្ជាក់ថា រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោរបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)