ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​ផ្ទាំងគំនូរ​ខ្មែរ ៖ ១​ខែ​សឹង​ថា​​លក់​​មិន​បាន​១​ផ្ទាំង​ផង​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ស្នាដៃ​គំនូរ​វិចិត្រករ​ខ្មែរ​ប្រឹងប្រែង​បង្ហាញខ្លួន​លើ​ទីផ្សារ​យ៉ាង​លំបាក អំឡុង​ពេល​​ចុង​ក្រោយ​នេះ ។ ហាង​លក់​គំនូរ​ខ្លះ​ស្ងប់ស្ងាត់ ហើយ​ខ្លះ​បិទ​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​លក់​មិន​ដាច់ ។ ទោះជា​យ៉ាងណា​ក្ដី​អាជីវករ​ខ្លះ​នៅ​តស៊ូ ហើយ​ក៏​បាន​ស្បើយ​ចិត្ត​ខ្លះ…

រាជធានី​ភ្នំពេញ ៖​ស្នាដៃ​គំនូរ​វិចិត្រករ​ខ្មែរ​ប្រឹងប្រែង​បង្ហាញខ្លួន​លើ​ទីផ្សារ​យ៉ាង​លំបាក អំឡុង​ពេល​​ចុង​ក្រោយ​នេះ ។ ហាង​លក់​គំនូរ​ខ្លះ​ស្ងប់ស្ងាត់ ហើយ​ខ្លះ​បិទ​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​លក់​មិន​ដាច់ ។ ទោះជា​យ៉ាងណា​ក្ដី​អាជីវករ​ខ្លះ​នៅ​តស៊ូ ហើយ​ក៏​បាន​ស្បើយ​ចិត្ត​ខ្លះ ព្រោះ​នៅ​មាន​អតិថិជន​ក្នុងស្រុក ជួយ​ទិញ​យក​ទៅ​តាំង​ក្នុង​គេហដ្ឋាន ។

បើ​យោង​តាម​ការ​រៀបរាប់​របស់​បុរស​ម្ចាស់​ហាង​គំនូរ​មួយ​នៅ​ម្ដុំ​អតីត​សាលា​រចនា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ក្នុង​មួយ​ឆ្នាំ​នៃ​វិបត្តិ​កូ​វី​ដ​១៩ គ្មាន​អ្នកទិញ​គំនូរ​ទេ ១​ខែ​សឹង​ថា លក់​មិន​បាន​១​ផ្ទាំង​ផង ។ អ្វី​ដែល​យើង​អាច​រស់​តទៅ​ទៀត បាន​ខាង​ភ្ញៀវ​កុម្ម៉ង់​ឲ្យ​គូរ​យក​ទៅ​តាំង​តាម​ផ្ទះ បើ​មិន​ដូចនេះ​ទេ​ពិបាក​រស់​ដែរ »​។

ប្រភព​ដដែល​សរសើរ​អតិថិជន​ក្នុងស្រុក​ថា «​បាន​បងប្អូន​នៅ​ក្នុង​ប្រទេស​គាត់​បន្ត​មក​ជាវ​យក​រូបថត ទេសភាព ប្រាសាទ ឬ​រូប ផ្សេង​ៗ ជា​ហូរហែ ។ បើ​ខ្មែរ​យើង​នៅ​ក្រៅ​ស្រុក​វិញ មិន​ចំណាយ​​ប្រាក់​លើ​របស់​បែប​ហ្នឹង​ឡើយ គេ​ថា ពិបាក​ដឹក​ទៅ ។ លើស​ពី​នេះ​បាន​ខាង​អាជីវករ​តាម​ផ្សារ​មួយ​ចំនួន​គាត់​កុម្ម៉ង់​របស់ ផ្សេង​ៗ ដូច​ជា​កន្ត្រក​ធ្វើ​ពី​ស្នាដៃ​ខ្មែរ ហើយ​គូររូប​មនុស្ស​ដាក់​ពីលើ គឺ​ពេញ​និយម​ដោយ​អ្នក​ផលិត​៣ ឬ​៥​នាក់ ធ្វើ​មិន​ទាន់​ផង ។ ទាំងនេះ​ជា​ស្នាដៃ​លើក​តម្លៃ​របស់​ខ្មែរ ហើយ​បាន​ជួយ​ដល់ ប្អូន​ៗ​ជា​ជាងគំនូរ បាន​ធ្វើការ​រក​ប្រាក់​ចំណូល ក្រោយ​ពេល​រៀន​ចប់​នៅ​សាលា​គំនូរ » ។

ផ្ទាំងគំនូរ​ដែល​លក់​ចេញ តាម​តម្លៃ​តូច​ធំ ចាប់ពី​៣០០​ដុល្លារ​ដល់​១៥០០​ដុល្លារ ។ ភាគច្រើន​អ្នកមាន​ជា​គឺជា​អតិថិជន​ចម្បង​ដែល​មក​ទិញ ដោយ​កុម្ម៉ង់​រូប ធំ​ៗ​យក​ទៅ​ដាក់​តាំងនៅ​ភូមិ​គ្រឹះ​របស់​ខ្លួន ។

លោក​វិចិត្រ ជា​វិចិត្រករ​មួយ​រូប ខណៈ​កំពុង​តែ​ផ្ចិតផ្ចង់​ឆ្លាក់​រូប​មនុស្ស​នៅ​លើ​កន្ត្រក​នៅ​ក្នុង​ហាង​ដែល​ខ្លួន​ធ្វើការ បាន​និយាយ​ឲ្យ​ដឹង​ថា លោក​ខ្សត់​ធ្វើ​ការងារ ដូច្នេះ​ទំនេរ​ច្រើន​នៅ​អំឡុង​ពេល​កូ​វី​ដ​វាយលុក ។ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការងារ​មមាញឹក​ឡើង​វិញ ដ្បិត មាន​អ្នក​ជួយ​ទិញ​ច្រើន ខណៈ​កូ​វី​ដ​ហាក់​ស្រាក​បន្តិច ។

ចំពោះ​អតិថិជន​បរទេស​វិញ លោក​រចនា ថា​មាន មួយ​ៗ​ប៉ុណ្ណោះ ហើយ​ខ្លះ​បាន​ត្រឹមតែ​មើល​ប៉ុណ្ណោះ មិន​ទិញ​ទេ ។ «​នេះ​សំណាង​ដែរ បាន​អ្នក​នៅ​ក្នុងស្រុក​យើង​ជួយ​ទិញ ហើយ​យក​ទៅ​លក់​បន្ត​ដោយ​អាច​ឲ្យ​យើង​មានការ​ងារ​ធ្វើ​បន្ត​ទៅ​មុខ​ទៀត »​។

រីឯ​វិចិត្រករ​ម្នាក់​ទៀត និយាយ​ថា «​សូម​បងប្អូន​យើង​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួយ​បន្ត​ឲ្យ​តម្លៃ​ពី​ផ្ទាំងគំនូរ​ខ្មែរ​យើង​ឲ្យ​បាន​យូរ​តទៅ​ទៀត ។ ព្រោះ​ហាង​ខ្លះ​ស្ងាត់​បិទ​ក៏​មាន ។ បើ​បែប​នេះ​អ្នក​ដែល​លំបាក​គឺ​ជាងគំនូរ​ទាំង​ចាស់ និង​ថ្មី​ប្រឈម​អត់​ការងារ ក្រោយ​ចំណាយពេល​រៀន​យូរ​ឆ្នាំ »​។

និស្សិត​ផ្នែក​គំនូរ​ឆ្នាំ​ទី​២​នៃ​សាលា​វិចិត្រសិល្បៈ​ឈ្មោះ​សម បញ្ញា និយាយ​ថា «​គ្មាន​អ្នក​ណា​ក្រៅពី​យើង​ក្នុងស្រុក​ឲ្យ​តម្លៃ​នោះ​ទេ​។ ដូចនេះ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ជា​របស់​ខ្មែរ​គួរតែ​ជួយ​គាំទ្រ​ដើម្បី​ជា​កម្លាំង​ចិត្ត​សម្រាប់​អ្នក​ខំ​ច្នៃ​ផលិត​ពិតប្រាកដ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ