រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២១នេះ មានការអំណោយផលល្អសម្រាប់ប្រទេសកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបអំពីស្ថានភាព អាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២១ ដូចខាងក្រោម ៖
បាតុភូតសកល ដោយផ្អែកតាមការវាយតម្លៃពីអន្តរជាតិក៏ដូចជា តំបន់ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា កម្ពុជាយើង នឹងទទួលនូវឥទ្ធិពលពី បាតុភូតអែនសូ (ENSO) ។
ជាស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន តាមរយៈនៃការវាយតម្លៃនេះបាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជាមាន ៖ បាតុភូត La Nina ( ត្រជាក់ ) មាន ៥០ % និង Neutral (ចន្លោះភាពក្តៅ និងត្រជាក់) មាន ៥០ % ។
ក្រសួងគូសបញ្ជាក់ថា ដោយពិនិត្យលើឥទ្ធិពលនៃបាតុភូតទាំងពីរខាងលើឃើញថា ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើម រដូវវស្សា ឆ្នាំ២០២១នេះនឹងអាចមានលក្ខណៈអំណោយផលល្អ ។
ក្រសួងលើកឡើងថា រដូវប្រាំង សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ។ នៅក្នុងខែកុម្ភៈនៅតាមបណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងអាច ស្ថិតនៅក្នុងរង្វង់ពី ១៦-១៩ °C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៣-១៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ១៩-២២ °C ។ ចាប់ពីខែមីនា ដល់ខែមេសា ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។
ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើង ពី ៣៤-៣៧ °C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាច នឹងកើនឡើងពី ៣ ៣-៣៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាព មធ្យមអតិបរមា អាចនឹងកើនឡើងពី ៣០ -៣៣ °C ។ នៅ ខែមេសា និងដើមខែឧសភា កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់ បំផុតក្នុងរង្វង់ ៣៩ °C ។
ចំពោះទឹកភ្លៀងវិញ បរិមាណទឹកភ្លៀងអាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ច្រើន និងអាចមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន ។ ចំណែកនៅដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២១ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា ។ នៅដើម រដូវវស្សា និងពាក់កណ្តាលរដូវវស្សា ( ខែឧសភា មិថុនា កក្កដា និងសីហា) របាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅច្រើន ។
បើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹក ភ្លៀងដែលធ្លាក់មក មិនទាន់សម ល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេ សបណ្តាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក ៕
ចែករំលែកព័តមាននេះ