ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពជាមេដឹកនាំ ក្នុងសមរភូមិកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដើម្បីបង្កើតនូវជំនឿទុក​ចិត្ត​លើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេច…

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដើម្បីបង្កើតនូវជំនឿទុក​ចិត្ត​លើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេច ក៏បាន​ប្រកាសថា វ៉ាក់សាំង ដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបសម្តេច​នេះតែម្តង។

ការសម្រេចចិត្តដូច្នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្តេច​​ត្រូវតែស្ថិតនៅខ្សែត្រៀម ជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេច ​រាប់សិបឆ្នាំមកហើយ។​

​សូមរម្លឹក​ថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១​ សម្តេចតេជោ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​ប្រកាស​​ថា ប្រទេស​​ចិន បាន​​សម្រេច​​ផ្តល់​​ឲ្យកម្ពុជា​នូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ឲ្យប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ​ ចំនួន ៥០ម៉ឺននាក់​។​

សម្តេចតេជោ បញ្ជាក់ថា ​អ្នក ដែលត្រូវចាក់វ៉ាក់សាំង​ ស៊ីណូហ្វាម របស់​ចិន​ មុន​គេ​ គឺ​​​​សម្តេច​ រួមនឹង​​​អ្នកនៅជុំវិញ​សម្តេចផ្ទាល់​ ជុំវិញព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ជាដើម។ បន្ទាប់មក ខ្សែត្រៀមជួរមុខ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងគ្រប់ប្រភេទ មន្ត្រីយុត្តិធម៌ អ្នកបោសសម្អាត​ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី​ ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏​បានគូសបញ្ជាក់ថា​ វ៉ាក់សាំងរបស់ចិននេះ នឹងត្រូវចាក់ជូន ប្រជាជន​កម្ពុជា ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត​។

​សម្តេចតេជោ ​ក៏បាន​បន្ត​ថា វ៉ាក់សាំងរបស់ចិន គឺងាយស្រួល​ក្នុងការរក្សាទុក​ ហើយក៏ងាយ ស្រួល​ក្នុង​​ការដឹកនាំជញ្ជូន​​ពី​ចិន មកកម្ពុជា​។ កម្ពុជា ដែលបន្ទាប់ពីទទួល​វ៉ាក់សាំង ដោយឥតគិតថ្លៃពីចិន ចំនួន ១លានដូសនេះហើយ កម្ពុជា នឹងទិញ​វ៉ាក់សាំងកូវីដ​បន្ថែមពីចិន ឬក៏ពីក្រុមហ៊ុន​វ៉ាក់សាំង ប្រទេសដទៃណាទៀត សម្រាប់ចាក់​ជូនប្រជាជនកម្ពុជាឲ្យបានយ៉ាង ហោចណាស់ ១០លាននាក់ ទៅ ១៣លាននាក់​ តាមការគ្រោងទុក។

​ទ្រឹស្តីជាច្រើន បានលើកឡើងពីមេដឹកនាំ ដែលត្រូវតែជាអ្នកនាំមុខមនុស្សជាច្រើន។ ភាពរីកចម្រើនមួយផ្នែកធំរបស់ប្រទេស ឬអង្គភាពណាមួយ គឺអាស្រ័យលើភាពប៉ិនប្រសប់ ក្នុងការដឹកនាំ និងប្រើប្រាស់មនុស្សតាម​ជំនាញ។ មេដឹកនាំ ត្រូវតែជាមនុស្ស ដែលមាន ភាពវៀងវៃ រហ័សរហួន និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការងារ និងប្រទេសទេសជាតិ​។ ​

ទ្រឹស្តី​នានា បានលើកឡើងពី​លក្ខណៈសម្បត្តិ​យ៉ាងហោចណាស់ ៥យ៉ាង របស់មេដឹកនាំ រួមមាន៖ ១-ត្រូវមានអត្តចរិត និងសីលធម៌ល្អ២-ត្រូវស្គាល់​ប្រជាជន ឬសមាជិកក្រុមឲ្យ បានច្បាស់៣-ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ឬធ្វើ​ឲ្យក្រុមការងារកាន់តែរឹងមាំ ៤-ត្រូវមាន​ទំនាក់ទំនង​ល្អ និង​ពូកែ​លើកទឹកចិត្ត ​និង៥-​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ មិន​ធ្វើ​អ្វីមួយ​យកមុខ​មាត់​តែឯងទេ តែអ្នកដឹកនាំ ត្រូវចេះ​ទទួលយក​គំនិត​ពី​កូនក្រុម ​មក​ពិចារណា និង​ចេញមុខ​ដោះស្រាយ​បញ្ហា ​នៅពេល​មាន​បញ្ហា​កើតឡើង​។

ក្នុងករណីថ្នាំវ៉ាក់សាំងកូវីដ​របស់ចិន គឺ​មេដឹកនាំចិន ពិសេស​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន បានចាក់​យូរខែណាស់មកហើយ។ ករណីនេះ ហាក់ដូចជាការពិសោធន៍ ហើយ​ប្រមុខការទូតចិន ក៏មានសុខភាពល្អធម្មតា ដោយមិនឆ្លងកូវីដ១៩ ឡើយ។

ថ្មីៗនេះទៀត មេដឹកនាំឥណ្ឌូនេស៊ី លោកប្រធានាធិបតី​ ក៏បានក្លាយជាមនុស្សទី១ នៅឥណ្ឌូនេស៊ី ចាក់វ៉ាក់សាំង​កូវីដរបស់ចិន​ មុននឹង​ឥណ្ឌូនេស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំង​កូវីដនេះ ដល់ប្រជាជនឥណ្ឌូនេស៊ី ដែលមានចំនួនច្រើន លំដាប់ទី៤ លើពិភពលោក​។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទទួលចាក់វ៉ាក់សាំង​កូវីដរបស់ ចិនមុនគេ នៅកម្ពុជា​នេះ ក៏​ដូចអ្វីដែលសម្តេច​តេជោ បានលើកឡើងរួចហើយ គឺ​ដើម្បី​បង្កើតនូវជំនឿទុក​ចិត្ត​លើវ៉ាក់សាំងរបស់ចិន​ ខណៈដែលមានជនអគតិ​មួយចំនួន នៅតែគិតថា ចិន​យកវ៉ាក់សាំង​នោះ មកសាកពិសោធន៍​នៅកម្ពុជា ឬក៏ថា ថ្នាំរបស់ចិន មិនមានប្រសិទ្ធភាព  ជាដើម។

 ម្យ៉ាងទៀត សម្តេចតេជោ ហ៊ុន សែន ក៏មានបំណង​ជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈសម្តេចផ្ទាល់ ជាអ្នកទទួលយកវ៉ាក់សាំងមុនគេ ហើយបើមានបញ្ហាអ្វីកើតឡើង ដែលប្រតិកម្ម​ដោយសារវ៉ាក់សាំង​កូវីដរបស់ចិន ក៏​សម្តេចតេជោ ស្ម័គ្រខ្លួន ជាអ្នកពិសោធន៍ ជាមនុស្សទី១ នៅកម្ពុជា​។

ការសម្រេចចិត្ត​ស្ថិតនៅខ្សែត្រៀម​ជួរមុខ ជាទម្លាប់ធម្មតារបស់សម្តេច ហ៊ុន សែន​ ​ជា ច្រើនទសវត្សរ៍មកហើយ ចាប់តាំង ពីពេលដែលសម្តេចបានយកជីវិតធ្វើដើមទុន ដើម្បី កសាងសន្តិភាពនៅកម្ពុជា។

ក្នុងពេលវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០២០ ក៏សម្តេចហ៊ុនសែននេះហើយ ដែល​បាន​ទៅចិន​មុនគេ ក្នុងពេលចិនកំពុងរាតត្បាតឆ្លងរាលដាលកូវីដ១៩ នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ក៏បានទៅចាប់ដៃ​ ទទួលស្វាគមន៍អ្នក ទេសចរបរទេសចម្រុះជាតិសាសន៍ នៅនាវាទេសចរណ៍ វេស្ទ័រដាំ ក្នុងខេត្តព្រះសីហនុ​។ នៅមាន​រឿងជាច្រើនរាប់​មិនអស់ទៀត ដែលសម្តេចតេជោ ហ៊ុន សែន តែងនាំមុខគេ។

ជាសរុប​ ប្រជាជនកម្ពុជា នឹងកក់ក្តៅក្នុងចិត្តមួយកម្រិតទៀត លើវ៉ាក់សាំងចិន ខណៈដែល​​មិនយូរទេ នៅពេលវ៉ាក់សាំង​កូវីដរបស់ចិនមកដល់ សម្តេចតេជោ ហ៊ុន សែន នឹងចាក់មុនគេ​ មុននឹង​អ្នកនៅជុំវិញសម្តេច រួមទាំង​កងអង្គរក្សរបស់សម្តេច ​ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ រាប់ទាំង​ព្រះមហាក្សត្រ នឹងទទួល​ចាក់វ៉ាក់​សាំងចិន ក្នុងជំហាន​ដំបូង ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត​៕ ដោយ៖ មុត ស្រីពៅ